គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 6:11-24 Khmer Standard Version (KHSV)

11. បើ​នៅ​កន្លែង​ណា​គេ​មិន​ព្រម​ទទួល មិន​ព្រម​ស្ដាប់​អ្នក​រាល់​គ្នា ចូរ​ចេញ​ពី​កន្លែង​នោះ​ទៅ ហើយ​រលាស់​ធូលី​ដី​ចេញ​ពី​ជើង​អ្នក​រាល់​គ្នា​ផង ទុក​ជា​សញ្ញា​ព្រមាន​គេ»។

12. ពួក​សិស្ស​ក៏​ចេញ​ទៅ ប្រកាស​ឲ្យ​មនុស្ស‌ម្នា​កែ​ប្រែ​ចិត្ត​គំនិត។

13. គេ​បាន​ដេញ​អារក្ស​ជា​ច្រើន​ចេញ​ពី​មនុស្ស ព្រម​ទាំង​ចាក់​ប្រេង​លើ​អ្នក​ជំងឺ​ច្រើន​នាក់ ដើម្បី​ប្រោស​ឲ្យ​គេ​ជា​សះ‌ស្បើយ។

14. ព្រះ‌បាទ​ហេរ៉ូដ​បាន​ជ្រាប​អំពី​ហេតុ‌ការណ៍​ទាំង​អស់​នោះ ដ្បិត​ព្រះ‌កិត្តិនាម​របស់​ព្រះ‌យេស៊ូ​បាន​ល្បី​ឮ​ខ្ចរ‌ខ្ចាយ។ មាន​គេ​និយាយ​ថា៖ «លោក​យ៉ូហាន‌បាទីស្ដ​បាន​រស់​ឡើង​វិញ។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​មាន​អំណាច​នឹង​ធ្វើ​ការ​អស្ចារ្យ​យ៉ាង​នេះ»។

15. អ្នក​ខ្លះ​ថា៖ «លោក​ជា​ព្យាការី​អេលីយ៉ា» ហើយ​ខ្លះ​ទៀត​ថា៖ «លោក​ជា​ព្យាការី*​ម្នាក់​ដូច​ព្យាការី​ឯ​ទៀតៗ​ពី​ជំនាន់​ដើម​ដែរ»។

16. រីឯ​ព្រះ‌បាទ​ហេរ៉ូដ​វិញ កាល​បាន​ជ្រាប​ដំណឹង​នេះ ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «អ្នក​នេះ​ពិត​ជា​លោក​យ៉ូហាន ដែល​យើង​បាន​ឲ្យ​គេ​កាត់​ក​មែន ឥឡូវ​នេះ គាត់​រស់​ឡើង​វិញ»។

17. ព្រះ‌បាទ​ហេរ៉ូដ​បាន​បញ្ជា​ឲ្យ​គេ​ចាប់​លោក​យ៉ូហាន​ដាក់​ច្រវាក់​យក​ទៅ​ឃុំ‌ឃាំង ដោយ​ទ្រង់​ជឿ​តាម​ព្រះ‌នាង​ហេរ៉ូ‌ឌាស ដែល​ត្រូវ​ជា​មហេសី​របស់​ស្ដេច​ភីលីព ជា​អនុជ ហើយ​ព្រះ‌អង្គ​យក​មក​ធ្វើ​ជា​មហេសី។

18. លោក​យ៉ូហាន​បាន​បន្ទោស​ស្ដេច​ហេរ៉ូដ​ថា៖ «ព្រះ‌ករុណា​គ្មាន​សិទ្ធិ​នឹង​យក​មហេសី​របស់​អនុជ​មក​ធ្វើ​ជា​មហេសី​ទេ»។

19. ព្រះ‌នាង​ហេរ៉ូ‌ឌាស​ចង​គំនុំ ប៉ង​សម្លាប់​លោក​យ៉ូហាន តែ​រក​សម្លាប់​ពុំ​កើត

20. ដ្បិត​ព្រះ‌បាទ​ហេរ៉ូដ​ខ្លាច​លោក​យ៉ូហាន ព្រោះ​ទ្រង់​ជ្រាប​ថា លោក​ជា​មនុស្ស​សុចរិត* និង​ជា​អ្នក​ដ៏‌វិសុទ្ធ*។ ដូច្នេះ ទ្រង់​ការពារ​លោក។ កាល​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​លោក​យ៉ូហាន ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ជា​ខ្លាំង តែ​ទ្រង់​រារែក​មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា។

21. មាន​ថ្ងៃ​មួយ ក្នុង​ឱកាស​បុណ្យ​ចម្រើន​ព្រះ‌ជន្ម​របស់​ព្រះ‌បាទ​ហេរ៉ូដ ព្រះ‌អង្គ​បាន​រៀបចំ​ពិធី​ជប់‌លៀង ដោយ​អញ្ជើញ​អស់​លោក​មន្ត្រី មេ‌ទ័ព និង​នាម៉ឺន​ធំៗ ក្នុង​ស្រុក​កាលី‌ឡេ​មក​ចូល​រួម។ ពេល​នោះ ជា​ឱកាស​ល្អ​ដល់​ព្រះ‌នាង​ហេរ៉ូ‌ឌាស។

22. បុត្រី​របស់​ព្រះ‌នាង​ក៏​ចូល​មក​រាំ ធ្វើ​ឲ្យ​ស្ដេច​ហេរ៉ូដ និង​ភ្ញៀវ​ទាំង​អស់​ពេញ​ចិត្ត​ណាស់។ ស្ដេច​ក៏​មាន​រាជ‌ឱង្ការ​ទៅ​កាន់​នាង​ថា៖ «បើ​នាង​ចង់​បាន​អ្វី ចូរ​សុំ​ពី​យើង​ចុះ យើង​នឹង​ឲ្យ​នាង»។

23. រួច​ស្ដេច​ស្បថ​នឹង​នាង​ថា៖ «អ្វីៗ​ដែល​នាង​សុំ​ពី​យើង យើង​នឹង​ឲ្យ​នាង ទោះ​បី​នគរ​មួយ​ចំហៀង​ក៏​ដោយ»។

24. នាង​ក៏​ចេញ​ទៅ​សួរ​មាតា​ថា៖ «តើ​ខ្ញុំ​ម្ចាស់​ត្រូវ​សុំ​អ្វី?»។ មាតា​ឆ្លើយ​ថា៖ «ត្រូវ​សុំ​ក្បាល​របស់​យ៉ូហាន‌បាទីស្ដ!»។

សូមអានជំពូកពេញលេញ ម៉ាកុស 6