គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 6:1-12 Khmer Standard Version (KHSV)

1. ព្រះ‌យេស៊ូ​យាង​ចេញ​ពី​ទី​នោះ​ត្រឡប់​ទៅ​ភូមិ​ស្រុក​របស់​ព្រះ‌អង្គ​វិញ ពួក​សិស្ស*​ក៏​ទៅ​តាម​ព្រះ‌អង្គ​ដែរ។

2. លុះ​ដល់​ថ្ងៃ​សប្ប័ទ* ព្រះ‌អង្គ​បង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​សាលា​ប្រជុំ*។ មនុស្ស​ជា​ច្រើន​ដែល​បាន​ស្ដាប់​ព្រះ‌អង្គ​ងឿង‌ឆ្ងល់​ក្រៃ‌លែង។ គេ​និយាយ​គ្នា​ថា៖ «តើ​គាត់​ដឹង​សេចក្ដី​ទាំង​នេះ​មក​ពី​ណា? ប្រាជ្ញា​ដែល​គាត់​បាន​ទទួល​នេះ​ជា​ប្រាជ្ញា​អ្វី​ទៅ? ការ‌អស្ចារ្យ​ដែល​គាត់​បាន​ធ្វើ​នេះ​កើត​ឡើង​ដោយ​វិធី​ណា?

3. តើ​អ្នក​នេះ​មិន​មែន​ជា​ជាង​ឈើ ជា​កូន​នាង​ម៉ារី ជា​បង‌ប្អូន​របស់​យ៉ាកុប យ៉ូសែប យូដាស និង​ស៊ីម៉ូន​ទេ​ឬ​អី? ប្អូន​ស្រី​របស់​គាត់​ទាំង​ប៉ុន្មាន​ក៏​រស់​នៅ​ក្នុង​ភូមិ​នេះ​ជា​មួយ​យើង​ដែរ!»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​មិន​អាច​ជឿ​ព្រះ‌អង្គ​ឡើយ។

4. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ធម្មតា គេ​មើល‌ងាយ​ព្យាការី*​តែ​ក្នុង​ស្រុក​កំណើត ក្នុង​ក្រុម​គ្រួសារ និង​ក្នុង​ផ្ទះ​របស់​លោក​ប៉ុណ្ណោះ»។

5. នៅ​ទី​នោះ ព្រះ‌អង្គ​ពុំ​អាច​ធ្វើ​ការ‌អស្ចារ្យ​អ្វី​ឡើយ បាន​ត្រឹម​តែ​ដាក់​ព្រះ‌ហស្ដ​លើ​អ្នក​ជំងឺ​ខ្លះ ដើម្បី​ប្រោស​គេ​ឲ្យ​ជា​ប៉ុណ្ណោះ។

6. ព្រះ‌អង្គ​នឹក​ឆ្ងល់ ដោយ​ឃើញ​គេ​គ្មាន​ជំនឿ​បែប​នេះ។ព្រះ‌យេស៊ូ​យាង​ទៅ​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ហើយ​ទ្រង់​បង្រៀន​អ្នក​ស្រុក។

7. ពេល​នោះ ព្រះ‌អង្គ​ត្រាស់​ហៅ​សិស្ស*​ទាំង​ដប់‌ពីរ​រូប​មក រួច​ទ្រង់​ចាត់​គេ​ពីរៗ​នាក់​ឲ្យ​ទៅ ទាំង​ប្រទាន​ឲ្យ​គេ​មាន​អំណាច​ដេញ​លើ​វិញ្ញាណ​អាក្រក់​ផង។

8. ព្រះ‌អង្គ​ផ្ដែ‌ផ្ដាំ​គេ​មិន​ឲ្យ​យក​អ្វី​ទៅ​ជា​មួយ ក្នុង​ពេល​ធ្វើ​ដំណើរ​ឡើយ លើក‌លែង​តែ​ដំបង​ប៉ុណ្ណោះ៖ «កុំ​យក​ចំណី​អាហារ ថង់​យាម ឬ​យក​ប្រាក់​កាស​ជាប់​នឹង​ខ្លួន

9. ចូរ​ពាក់​ស្បែក​ជើង តែ​មិន​ត្រូវ​យក​អាវ​ពីរ​បន្លាស់​ទៅ​ជា​មួយ​ឡើយ»។

10. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​អ្នក​រាល់​គ្នា​ចូល​ផ្ទះ​ណា ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ រហូត​ដល់​ពេល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ​ទៅ។

11. បើ​នៅ​កន្លែង​ណា​គេ​មិន​ព្រម​ទទួល មិន​ព្រម​ស្ដាប់​អ្នក​រាល់​គ្នា ចូរ​ចេញ​ពី​កន្លែង​នោះ​ទៅ ហើយ​រលាស់​ធូលី​ដី​ចេញ​ពី​ជើង​អ្នក​រាល់​គ្នា​ផង ទុក​ជា​សញ្ញា​ព្រមាន​គេ»។

12. ពួក​សិស្ស​ក៏​ចេញ​ទៅ ប្រកាស​ឲ្យ​មនុស្ស‌ម្នា​កែ​ប្រែ​ចិត្ត​គំនិត។

សូមអានជំពូកពេញលេញ ម៉ាកុស 6