គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 5:5-19 Khmer Standard Version (KHSV)

5. គាត់​រស់​នៅ​តាម​ទី​បញ្ចុះ​សព និង​តាម​ភ្នំ ទាំង​យប់​ទាំង​ថ្ងៃ ហើយ​ចេះ​តែ​ស្រែក ព្រម​ទាំង​យក​ថ្ម​មក​អារ​សាច់​ខ្លួន​ឯង​ថែម​ទៀត​ផង។

6. កាល​គាត់​ឃើញ​ព្រះ‌យេស៊ូ​ពី​ចម្ងាយ ក៏​រត់​មក​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ

7. ហើយ​ស្រែក​យ៉ាង​ខ្លាំង​ថា៖ «ឱ​ព្រះ‌យេស៊ូ ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​អើយ តើ​ព្រះ‌អង្គ​ចង់​ធ្វើ​អ្វី​ទូលបង្គំ? ទូលបង្គំ​អង្វរ​ព្រះ‌អង្គ​ក្នុង​ព្រះ‌នាម​ព្រះ‌ជាម្ចាស់ សូម​មេត្តា​កុំ​ធ្វើ​ទុក្ខ​ទោស​ទូលបង្គំ​អី!»។

8. វិញ្ញាណ​អាក្រក់​និយាយ​ដូច្នេះ ព្រោះ​ព្រះ‌យេស៊ូ​បាន​បញ្ជា​វា​ថា៖ «នែ៎​វិញ្ញាណ​អាក្រក់ ចូរ​ចេញ​ពី​អ្នក​នេះ​ទៅ!»។

9. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​វិញ្ញាណ​អាក្រក់​ថា៖ «ឯង​ឈ្មោះ​អី?» វិញ្ញាណ​អាក្រក់​ឆ្លើយ​ថា៖ «ទូលបង្គំ​ឈ្មោះ​កង‌ទ័ព ដ្បិត​យើង​ខ្ញុំ​មាន​គ្នា​ច្រើន»។

10. វា​ទទូច​អង្វរ សូម​កុំ​ឲ្យ​ព្រះ‌អង្គ​បណ្ដេញ​ពួក​វា​ចេញ​ពី​ស្រុក​នោះ។

11. នៅ​ក្បែរ​នោះ មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​រក​ស៊ី​នៅ​តាម​ចង្កេះ​ភ្នំ។

12. វិញ្ញាណ​អាក្រក់​ទាំង​នោះ​អង្វរ​ព្រះ‌យេស៊ូ​ថា៖ «សូម​បញ្ជូន​យើង​ខ្ញុំ​ឲ្យ​ទៅ​ចូល​ក្នុង​ជ្រូក​ទាំង​នោះ​ទៅ!»។

13. ព្រះ‌យេស៊ូ​ក៏​យល់​ព្រម។ វិញ្ញាណ​អាក្រក់​ចេញ​ពី​បុរស​នោះ​ទៅ​ចូល​ក្នុង​ជ្រូក ហ្វូង​ជ្រូក​ដែល​មាន​ចំនួន​ប្រមាណ​ជា​ពីរ​ពាន់​ក្បាល ក៏​បោល​ចុះ​តាម​ជម្រាល​ភ្នំ តម្រង់​ទៅ​សមុទ្រ លង់​ទឹក​ងាប់​អស់។

14. ពួក​អ្នក​ថែ‌រក្សា​ហ្វូង​ជ្រូក​យក​រឿង​នេះ​រត់​ទៅ​ប្រាប់​អ្នក​នៅ​ទី​ក្រុង និង​អ្នក​នៅ​ស្រុក​ស្រែ មនុស្ស‌ម្នា​ក៏​នាំ​គ្នា​មក​មើល​ហេតុ‌ការណ៍​នោះ។

15. គេ​ចូល​មក​រក​ព្រះ‌យេស៊ូ ឃើញ​បុរស​ដែល​មាន​អារក្ស​ចូល​កាល​ពី​មុន អង្គុយ មាន​សម្លៀក‌បំពាក់ ហើយ​ដឹង​ស្មារតី នោះ​គេ​ក៏​នាំ​គ្នា​កោត​ស្ញប់‌ស្ញែង។

16. អស់​អ្នក​ដែល​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក រៀប​រាប់​ប្រាប់​គេ​អំពី​ហេតុ‌ការណ៍ ដែល​កើត​មាន​ដល់​បុរស​នោះ និង​អំពី​ហ្វូង​ជ្រូក។

17. គេ​ទូល‌អង្វរ​ព្រះ‌យេស៊ូ​ឲ្យ​ចាក​ចេញ​ពី​ស្រុក​ភូមិ​របស់​គេ។

18. ពេល​ព្រះ‌អង្គ​កំពុង​យាង​ចុះ​ទូក បុរស​ដែល​អារក្ស​ចូល​ពី​មុន បាន​អង្វរ​សុំ​នៅ​ជា​មួយ​ព្រះ‌អង្គ។

19. ព្រះ‌យេស៊ូ​មិន​យល់​ព្រម​ទេ ផ្ទុយ​ទៅ​វិញ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​អ្នក​ត្រឡប់​ទៅ​ផ្ទះ ទៅ​នៅ​ជា​មួយ​ក្រុម​គ្រួសារ​វិញ​ចុះ ហើយ​រៀប​រាប់​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បាន​ប្រោស​ដល់​អ្នក​ដោយ​ព្រះ‌ហឫទ័យ​អាណិត​អាសូរ»។

សូមអានជំពូកពេញលេញ ម៉ាកុស 5