គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 5:12-26 Khmer Standard Version (KHSV)

12. វិញ្ញាណ​អាក្រក់​ទាំង​នោះ​អង្វរ​ព្រះ‌យេស៊ូ​ថា៖ «សូម​បញ្ជូន​យើង​ខ្ញុំ​ឲ្យ​ទៅ​ចូល​ក្នុង​ជ្រូក​ទាំង​នោះ​ទៅ!»។

13. ព្រះ‌យេស៊ូ​ក៏​យល់​ព្រម។ វិញ្ញាណ​អាក្រក់​ចេញ​ពី​បុរស​នោះ​ទៅ​ចូល​ក្នុង​ជ្រូក ហ្វូង​ជ្រូក​ដែល​មាន​ចំនួន​ប្រមាណ​ជា​ពីរ​ពាន់​ក្បាល ក៏​បោល​ចុះ​តាម​ជម្រាល​ភ្នំ តម្រង់​ទៅ​សមុទ្រ លង់​ទឹក​ងាប់​អស់។

14. ពួក​អ្នក​ថែ‌រក្សា​ហ្វូង​ជ្រូក​យក​រឿង​នេះ​រត់​ទៅ​ប្រាប់​អ្នក​នៅ​ទី​ក្រុង និង​អ្នក​នៅ​ស្រុក​ស្រែ មនុស្ស‌ម្នា​ក៏​នាំ​គ្នា​មក​មើល​ហេតុ‌ការណ៍​នោះ។

15. គេ​ចូល​មក​រក​ព្រះ‌យេស៊ូ ឃើញ​បុរស​ដែល​មាន​អារក្ស​ចូល​កាល​ពី​មុន អង្គុយ មាន​សម្លៀក‌បំពាក់ ហើយ​ដឹង​ស្មារតី នោះ​គេ​ក៏​នាំ​គ្នា​កោត​ស្ញប់‌ស្ញែង។

16. អស់​អ្នក​ដែល​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក រៀប​រាប់​ប្រាប់​គេ​អំពី​ហេតុ‌ការណ៍ ដែល​កើត​មាន​ដល់​បុរស​នោះ និង​អំពី​ហ្វូង​ជ្រូក។

17. គេ​ទូល‌អង្វរ​ព្រះ‌យេស៊ូ​ឲ្យ​ចាក​ចេញ​ពី​ស្រុក​ភូមិ​របស់​គេ។

18. ពេល​ព្រះ‌អង្គ​កំពុង​យាង​ចុះ​ទូក បុរស​ដែល​អារក្ស​ចូល​ពី​មុន បាន​អង្វរ​សុំ​នៅ​ជា​មួយ​ព្រះ‌អង្គ។

19. ព្រះ‌យេស៊ូ​មិន​យល់​ព្រម​ទេ ផ្ទុយ​ទៅ​វិញ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​អ្នក​ត្រឡប់​ទៅ​ផ្ទះ ទៅ​នៅ​ជា​មួយ​ក្រុម​គ្រួសារ​វិញ​ចុះ ហើយ​រៀប​រាប់​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បាន​ប្រោស​ដល់​អ្នក​ដោយ​ព្រះ‌ហឫទ័យ​អាណិត​អាសូរ»។

20. បុរស​នោះ​ក៏​ចេញ​ទៅ ហើយ​ចាប់​ផ្ដើម​ប្រកាស​ប្រាប់​ឲ្យ​ប្រជា‌ជន​ក្នុង​ស្រុក​ដេកា‌ប៉ូល ដឹង​អំពី​ការ​ទាំង​អស់ ដែល​ព្រះ‌យេស៊ូ​បាន​ប្រោស​ដល់​គាត់។ អស់​អ្នក​ដែល​បាន​ឮ​ពាក្យ​គាត់ កោត​ស្ញប់‌ស្ញែង​ក្រៃ‌លែង។

21. ព្រះ‌យេស៊ូ​ឆ្លង​ទូក​ពី​ត្រើយ​ម្ខាង​មក​វិញ ព្រះ‌អង្គ​គង់​នៅ​ឆ្នេរ​សមុទ្រ។ មាន​បណ្ដា‌ជន​ច្រើន​កុះ‌ករ​មក​ចោម‌រោម​ព្រះ‌អង្គ​ម្ដង​ទៀត។

22. ពេល​នោះ មាន​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ*​ម្នាក់​ឈ្មោះ​យ៉ៃរូស​មក​ដល់។ កាល​គាត់​ឃើញ​ព្រះ‌យេស៊ូ គាត់​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌អង្គ

23. ហើយ​ទទូច​អង្វរ​ព្រះ‌អង្គ​ថា៖ «កូន​ស្រី​របស់​ខ្ញុំ​ប្របាទ​ឈឺ​ធ្ងន់ ជិត​ស្លាប់ សូម​លោក​អាណិត​មេត្តា​អញ្ជើញ​ទៅ​ដាក់​ដៃ*​លើ​នាង ដើម្បី​សង្គ្រោះ​នាង​ឲ្យ​មាន​ជីវិត»។

24. ព្រះ‌យេស៊ូ​យាង​ទៅ​ជា​មួយ​គាត់។ មាន​បណ្ដា‌ជន​ជា​ច្រើន​កុះ‌ករ​តាម​ព្រះ‌អង្គ​ទៅ ទាំង​ប្រជ្រៀត​គ្នា​ជុំ‌វិញ​ព្រះ‌អង្គ។

25. នៅ​ពេល​នោះ មាន​ស្ត្រី​ម្នាក់​កើត​ជំងឺ​ធ្លាក់​ឈាម​ដប់‌ពីរ​ឆ្នាំ​មក​ហើយ។

26. គ្រូ​ពេទ្យ​ជា​ច្រើន​បាន​ព្យាបាល​នាង តែ​នាង​ឈឺ​ចុក​ចាប់​រឹត​តែ​ខ្លាំង។ នាង​បាន​ចំណាយ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​នាង​មាន តែ​ជំងឺ​របស់​នាង​នៅ​តែ​មិន​បាន​ធូរ​ស្រាល​ទេ ផ្ទុយ​ទៅ​វិញ នាង​កាន់​តែ​ឈឺ​ខ្លាំង​ឡើងៗ។

សូមអានជំពូកពេញលេញ ម៉ាកុស 5