គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 4:17-37 Khmer Standard Version (KHSV)

17. ប៉ុន្តែ គេ​ពុំ​ទុក​ឲ្យ​ព្រះ‌បន្ទូល​ចាក់​ឫស​នៅ​ក្នុង​ខ្លួន​គេ​ឡើយ គឺ​គេ​ជាប់​ចិត្ត​តែ​មួយ‌ភ្លែត។ លុះ​ដល់​មាន​ទុក្ខ​វេទនា ឬ​ត្រូវ​គេ​បៀត‌បៀន​ព្រោះ​តែ​ព្រះ‌បន្ទូល គេ​ក៏​បោះ​បង់​ចោល​ជំនឿ​ភ្លាម។

18. មនុស្ស​ខ្លះ​ទទួល​គ្រាប់​ពូជ​នៅ​លើ​ដី​ដែល​មាន​បន្លា គេ​បាន​ស្ដាប់​ព្រះ‌បន្ទូល​ដែរ

19. ប៉ុន្តែ ការ​ខ្វល់‌ខ្វាយ​អំពី​ជីវិត​រស់​នៅ​ក្នុង​លោកីយ៍ ចិត្ត​លោភ‌លន់​ចង់​បាន​ទ្រព្យ​សម្បត្តិ និង​ចិត្ត​ប៉ង‌ប្រាថ្នា​ផ្សេងៗ រឹប​រួត​ព្រះ‌បន្ទូល​មិន​ឲ្យ​បង្កើត​ផល​បាន​ឡើយ។

20. រីឯ​អ្នក​ដែល​បាន​ទទួល​គ្រាប់​ពូជ​នៅ​លើ​ដី​មាន​ជី‌ជាតិ​ល្អ កាល​បាន​ស្ដាប់​ព្រះ‌បន្ទូល​ហើយ ក៏​ទទួល​យក​បង្ក​បង្កើត​ផល អ្នក​ខ្លះ​បាន​មួយ​ជា​សាម‌សិប អ្នក​ខ្លះ​បាន​មួយ​ជា​ហុក‌សិប អ្នក​ខ្លះ​ទៀត​បាន​មួយ​ជា​មួយ‌រយ»។

21. បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «គេ​មិន​ដែល​អុជ​ចង្កៀង ហើយ​យក​ធុង​គ្រប​ពី​លើ ឬ​យក​ទៅ​ដាក់​ក្រោម​គ្រែ​ឡើយ។ គេ​តែង​យក​ចង្កៀង​ទៅ​ដាក់​លើ​ជើង​ចង្កៀង​វិញ។

22. គ្រប់​ការ​លាក់​កំបាំង​នឹង​ត្រូវ​បើក​ឲ្យ​គេ​ដឹង ហើយ​គ្រប់​អាថ៌‌កំបាំង ក៏​នឹង​ត្រូវ​លេច​មក​ឲ្យ​មនុស្ស​គ្រប់​គ្នា​ឃើញ​ច្បាស់​ដែរ។

23. អ្នក​ណា​ឮ​ពាក្យ​នេះ សូម​យក​ទៅ​ពិចារណា​ចុះ!»។

24. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រុង​ប្រយ័ត្ន​នឹង​សេចក្ដី ដែល​អ្នក​រាល់​គ្នា​ស្ដាប់​នេះ​ឲ្យ​មែន​ទែន។ ព្រះ‌ជាម្ចាស់​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា​តាម​រង្វាល់ ដែល​អ្នក​រាល់​គ្នា​វាល់​ឲ្យ​អ្នក​ដទៃ ហើយ​ព្រះ‌អង្គ​នឹង​បន្ថែម​ឲ្យ​អ្នក​រាល់​គ្នា

25. ព្រោះ​អ្នក​ណា​មាន​ហើយ ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឲ្យ​ថែម​ទៀត តែ​អ្នក​ណា​ដែល​គ្មាន ព្រះ‌អង្គ​នឹង​ហូត​យក​អ្វីៗ​ដែល​អ្នក​នោះ​មាន​ផង»។

26. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​ប្រៀប​បី​ដូច​ជា​បុរស​ម្នាក់​ព្រោះ​ស្រូវ នៅ​ក្នុង​ស្រែ​របស់​ខ្លួន។

27. ទោះ​បី​គាត់​ដេក​ក្ដី ក្រោក​ក្ដី យប់​ក្ដី ថ្ងៃ​ក្ដី គ្រាប់​ពូជ​នៅ​តែ​មាន​ពន្លក​ដុះ​ឡើង ដោយ​គាត់​ពុំ​បាន​ដឹង​ថា គ្រាប់​ពូជ​នោះ​ដុះ​របៀប​ណា​ឡើយ

28. ដ្បិត​ដី​ធ្វើ​ឲ្យ​ពូជ​បង្កើត​ផល​ដោយ​ខ្លួន​ឯង ដំបូង​មាន​ពន្លក​លេច​ឡើង បន្ទាប់​មក ក៏​បែក​ជា​កួរ ហើយ​ចេញ​ជា​គ្រាប់​ស្រូវ។

29. លុះ​ស្រូវ​ទុំ គេ​យក​កណ្ដៀវ​មក​ច្រូត ដ្បិត​ដល់​រដូវ​ចម្រូត​ហើយ»។

30. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «តើ​យើង​ប្រដូច​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់​ទៅ​នឹង​អ្វី? តើ​យើង​យក​ប្រស្នា​ណា​មក​ប្រដូច​នឹង​ព្រះ‌រាជ្យ​របស់​ព្រះ‌អង្គ?

31. ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់​ប្រៀប‌បី​ដូច​ជា​គ្រាប់​ពូជ​ម្យ៉ាង កាល​គេ​ព្រោះ​លើ​ដី គ្រាប់​ពូជ​នោះ​ល្អិត​ជាង​គេ​ទាំង​អស់​ក្នុង​លោក។

32. លុះ​ព្រោះ​រួច​ហើយ គ្រាប់​ពូជ​នោះ​ក៏​ដុះ​ឡើង​ធំ​ជាង​ដំណាំ​ឯ​ទៀតៗ ព្រម​ទាំង​បែក​មែក​សាខា មាន​ម្លប់​ឲ្យ​បក្សា‌បក្សី​មក​ធ្វើ​សំបុក​ជ្រក​អាស្រ័យ»។

33. ព្រះ‌យេស៊ូ​តែង​ប្រកាស​ព្រះ‌បន្ទូល ដោយ​ប្រើ​ជា​ពាក្យ​ប្រស្នា​របៀប​នេះ តាម​តែ​គេ​អាច​យល់​បាន។

34. ព្រះ‌អង្គ​តែង​មាន​ព្រះ‌បន្ទូល​ទៅ​គេ​សុទ្ធ​តែ​ជា​ពាក្យ​ប្រស្នា ប៉ុន្តែ ពេល​នៅ​ដាច់​ឡែក​ពី​បណ្ដា‌ជន ព្រះ‌អង្គ​បក‌ស្រាយ​ទាំង​អស់​ប្រាប់​ពួក​សិស្ស*។

35. នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស*​ថា៖ «យើង​នាំ​គ្នា​ឆ្លង​ទៅ​ត្រើយ​ម្ខាង»។

36. ពួក​សិស្ស​ក៏​ចេញ​ពី​បណ្ដា‌ជន ហើយ​អុំ‌ទូក​ដែល​មាន​ព្រះ‌យេស៊ូ​គង់​នៅ​ក្នុង​នោះ ដោយ​មាន​ទូក​ឯ​ទៀតៗ​ទៅ​ជា​មួយ​ដែរ។

37. ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់​បោក​មក​យ៉ាង​ខ្លាំង ហើយ​រលក​ក៏​បោក​ប៉ះ​នឹង​ទូក បណ្ដាល​ឲ្យ​ទឹក​ចូល​ស្ទើរ​ពេញ។

សូមអានជំពូកពេញលេញ ម៉ាកុស 4