គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 3:26-35 Khmer Standard Version (KHSV)

26. ដូច្នេះ ប្រសិន​បើ​មារ​សាតាំង​ក្រោក​ឡើង​ប្រឆាំង​នឹង​ខ្លួន​ឯង បែក​បាក់​ទាស់‌ទែង​នឹង​ខ្លួន​ឯង វា​មិន​អាច​នៅ​ស្ថិត‌ស្ថេរ​គង់‌វង្ស​ឡើយ គឺ​វា​មុខ​ជា​ត្រូវ​វិនាស​មិន​ខាន។

27. គ្មាន​នរណា​អាច​ចូល​ទៅ​ក្នុង​ផ្ទះ​មនុស្ស​ខ្លាំង​ពូកែ ហើយ​ប្លន់​យក​ទ្រព្យ​សម្បត្តិ​របស់​គាត់​បាន​ឡើយ គឺ​ត្រូវ​តែ​ចង​មនុស្ស​ខ្លាំង​ពូកែ​នោះ​ជា​មុន​សិន ទើប​អាច​ប្លន់​យក​ទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ​គាត់​បាន។

28. ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​មនុស្ស​លោក​ធ្វើ​អំពើ​បាប និង​ពោល​ពាក្យ​ប្រមាថ​ព្រះ‌ជាម្ចាស់ ព្រះ‌អង្គ​នឹង​លើក‌លែង​ទោស​ទាំង​អស់។

29. រីឯ​អ្នក​ដែល​ពោល​ពាក្យ​ប្រមាថ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​វិញ ព្រះ‌អង្គ​មិន​លើក‌លែង​ទោស​សោះ​ឡើយ ដ្បិត​អ្នក​នោះ​មាន​ទោស​អស់‌កល្ប​ជា‌និច្ច»។

30. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ព្រោះ​គេ​និយាយ​ថា ព្រះ‌អង្គ​មាន​វិញ្ញាណ​អាក្រក់​នៅ​ក្នុង​ខ្លួន។

31. ពេល​នោះ មាតា និង​បង‌ប្អូន​របស់​ព្រះ‌យេស៊ូ​មក​ដល់ ឈរ​នៅ​ខាង​ក្រៅ​ផ្ទះ ហើយ​ចាត់​គេ​ឲ្យ​ចូល​មក​ហៅ​ព្រះ‌អង្គ។

32. បណ្ដា‌ជន​ដែល​អង្គុយ​នៅ​ជុំ‌វិញ​ព្រះ‌យេស៊ូ ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ ម្ដាយ និង​បង‌ប្អូន​លោក មក​រក​លោក​នៅ​ខាង​ក្រៅ!»។

33. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «តើ​នរណា​ជា​ម្ដាយ​ខ្ញុំ? នរណា​ជា​បង‌ប្អូន​ខ្ញុំ?»។

34. ព្រះ‌អង្គ​ទត​មើល​ទៅ​មនុស្ស​ដែល​នៅ​ជុំ‌វិញ​ព្រះ‌អង្គ រួច​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ទាំង​នេះ​ហើយ​ជា​មាតា និង​ជា​បង‌ប្អូន​របស់​ខ្ញុំ

35. ដ្បិត​អ្នក​ណា​ប្រព្រឹត្ត​តាម​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ អ្នក​នោះ​ជា​បង‌ប្អូន​ប្រុស​ស្រី និង​ជា​ម្ដាយ​របស់​ខ្ញុំ»។

សូមអានជំពូកពេញលេញ ម៉ាកុស 3