គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 14:56-70 Khmer Standard Version (KHSV)

56. មនុស្ស​ជា​ច្រើន​បាន​ប្រឌិត​រឿង​ក្លែង‌ក្លាយ​ចោទ​ប្រកាន់​ព្រះ‌អង្គ ប៉ុន្តែ ពាក្យ​ចោទ​ទាំង​នោះ​មិន​ស្រប​គ្នា​ឡើយ។

57. មាន​អ្នក​ខ្លះ​ក្រោក​ឈរ​ឡើង ពោល​រឿង​ក្លែង‌ក្លាយ ចោទ​ប្រកាន់​ព្រះ‌អង្គ​ថា៖

58. «យើង​បាន​ឮ​អ្នក​នេះ​ពោល​ថា “ខ្ញុំ​នឹង​រុះ​ព្រះ‌វិហារ​ដែល​សង់​ឡើង​ដោយ​ដៃ​មនុស្ស​ចោល ហើយ​ក្នុង​រវាង​បី​ថ្ងៃ ខ្ញុំ​នឹង​សង់​ព្រះ‌វិហារ​មួយ​ផ្សេង​ទៀត ដែល​មិន​មែន​សង់​ដោយ​ដៃ​មនុស្ស​ទេ”»។

59. ប៉ុន្តែ ទោះ​បី​ក្នុង​រឿង​នេះ​ក៏​ដោយ ក៏​ពាក្យ​របស់​គេ​នៅ​តែ​ពុំ​ស្រប​គ្នា​ដដែល។

60. ពេល​នោះ លោក​មហា​បូជា‌ចារ្យ​ក្រោក​ឈរ​ឡើង​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ សួរ​ព្រះ‌យេស៊ូ​ថា៖ «ម្ដេច​ក៏​អ្នក​មិន​ឆ្លើយ​នឹង​ពាក្យ​ចោទ​ប្រកាន់​របស់​លោក​ទាំង​នេះ?»

61. ព្រះ‌យេស៊ូ​នៅ​ស្ងៀម ពុំ​ឆ្លើយ​តប​ទាល់​តែ​សោះ។ លោក​មហា​បូជា‌ចារ្យ​សួរ​ព្រះ‌អង្គ​ម្ដង​ទៀត​ថា៖ «តើ​អ្នក​ពិត​ជា​ព្រះ‌គ្រិស្ដ ជា​ព្រះ‌បុត្រា​របស់​ព្រះ ដែល​យើង​សរសើរ​តម្កើង​មែន​ឬ?»។

62. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «មែន គឺ​ខ្ញុំ​ហ្នឹង​ហើយ។ អស់​លោក​នឹង​ឃើញ បុត្រ​មនុស្ស*​គង់​នៅ​ខាង​ស្ដាំ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព ហើយ​នឹង​យាង​មក​ជា​មួយ​ពពក*​នៅ​លើ​មេឃ»។

63. លោក​មហា​បូជា‌ចារ្យ​ឮ​ដូច្នេះ ក៏​ហែក​អាវ​របស់​លោក ហើយ​មាន​ប្រសាសន៍​ថា៖ «យើង​មិន​បាច់​រក​សាក្សី​ឯ​ណា​ទៀត​ទេ

64. អស់​លោក​ឮ​ជន​នេះ​ពោល​ពាក្យ​ប្រមាថ​ព្រះ‌ជាម្ចាស់​ស្រាប់​ហើយ តើ​អស់​លោក​គិត​ដូច​ម្ដេច?»។ គេ​បាន​សម្រេច​ចិត្ត​ទាំង​អស់​គ្នា កាត់​ទោស​ប្រហារ​ជីវិត​ព្រះ‌យេស៊ូ។

65. អ្នក​ខ្លះ​នាំ​គ្នា​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះ‌អង្គ គេ​គ្រប​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ វាយ​តប់​ព្រះ‌អង្គ ហើយ​សួរ​ថា៖ «ទាយ​មើល៍!»។ កង​រក្សា​ព្រះ‌វិហារ​យក​ព្រះ‌យេស៊ូ​មក​ទះ​កំផ្លៀង។

66. ពេល​លោក​ពេត្រុស​នៅ​ក្នុង​ទីធ្លា មាន​ស្ត្រី​បម្រើ​ម្នាក់​របស់​លោក​មហា​បូជា‌ចារ្យ​មក​ដល់។

67. នាង​ឃើញ​លោក​ពេត្រុស​កំពុង​អាំង​ភ្លើង ក៏​សម្លឹង​មើល​មុខ​គាត់​ឲ្យ​បាន​ច្បាស់ រួច​ពោល​ថា៖ «អ្នក​ឯង​ក៏​ជា​បក្ស​ពួក​របស់​យេស៊ូ ជា​អ្នក​ភូមិ​ណា​សារ៉ែត​ដែរ!»។

68. ប៉ុន្តែ លោក​ប្រកែក​ឡើង​ថា៖ «ខ្ញុំ​មិន​ដឹង​ទេ ខ្ញុំ​មិន​យល់​ថា​នាង​ចង់​និយាយ​អំពី​រឿង​អ្វី​ឡើយ»។ លោក​ពេត្រុស​ក៏​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​ខ្លោង​ទ្វារ​ខាង​ក្រៅ ពេល​នោះ មាន់​រងាវ​ឡើង។

69. ស្ត្រី​បម្រើ​ឃើញ​លោក​ពេត្រុស ក៏​ប្រាប់​អស់​អ្នក​ដែល​នៅ​ទី​នោះ​ម្ដង​ទៀត​ថា៖ «អ្នក​នេះ​ជា​បក្ស​ពួក​គេ​ដែរ»។

70. លោក​ពេត្រុស​ប្រកែក​សា​ជា​ថ្មី។ បន្តិច​ក្រោយ​មក អស់​អ្នក​ដែល​នៅ​ទី​នោះ​និយាយ​ទៅ​លោក​ពេត្រុស​ទៀត​ថា៖ «អ្នក​ឯង​ប្រាកដ​ជា​បក្ស​ពួក​អ្នក​ទាំង​នោះ​មែន ព្រោះ​អ្នក​ឯង​ជា​អ្នក​ស្រុក​កាលី‌ឡេ​ដូច​គ្នា»។

សូមអានជំពូកពេញលេញ ម៉ាកុស 14