គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 14:53-62 Khmer Standard Version (KHSV)

53. គេ​បណ្ដើរ​ព្រះ‌យេស៊ូ​នាំ​យក​ទៅ​ដល់​ដំណាក់​របស់​លោក​មហា​បូជា‌ចារ្យ*។ ពួក​នាយក​បូជា‌ចារ្យ ពួក​ព្រឹទ្ធា‌ចារ្យ* និង​ពួក​អាចារ្យ* មក​ជួប‌ជុំ​ទាំង​អស់​គ្នា​នៅ​ទី​នោះ។

54. លោក​ពេត្រុស​ដើរ​តាម​ព្រះ‌អង្គ​ពី​ចម្ងាយ រហូត​ដល់​ខាង​ក្នុង​ទីធ្លា​ដំណាក់​មហា​បូជា‌ចារ្យ ហើយ​អង្គុយ​អាំង​ភ្លើង​ជា​មួយ​កង​រក្សា​ព្រះ‌វិហារ*។

55. ពួក​នាយក​បូជា‌ចារ្យ និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​ទាំង​មូល នាំ​គ្នា​រក​ពាក្យ​ចោទ​ប្រកាន់​ព្រះ‌យេស៊ូ ដើម្បី​កាត់​ទោស​ប្រហារ​ជីវិត​ព្រះ‌អង្គ តែ​រក​មិន​បាន​សោះ។

56. មនុស្ស​ជា​ច្រើន​បាន​ប្រឌិត​រឿង​ក្លែង‌ក្លាយ​ចោទ​ប្រកាន់​ព្រះ‌អង្គ ប៉ុន្តែ ពាក្យ​ចោទ​ទាំង​នោះ​មិន​ស្រប​គ្នា​ឡើយ។

57. មាន​អ្នក​ខ្លះ​ក្រោក​ឈរ​ឡើង ពោល​រឿង​ក្លែង‌ក្លាយ ចោទ​ប្រកាន់​ព្រះ‌អង្គ​ថា៖

58. «យើង​បាន​ឮ​អ្នក​នេះ​ពោល​ថា “ខ្ញុំ​នឹង​រុះ​ព្រះ‌វិហារ​ដែល​សង់​ឡើង​ដោយ​ដៃ​មនុស្ស​ចោល ហើយ​ក្នុង​រវាង​បី​ថ្ងៃ ខ្ញុំ​នឹង​សង់​ព្រះ‌វិហារ​មួយ​ផ្សេង​ទៀត ដែល​មិន​មែន​សង់​ដោយ​ដៃ​មនុស្ស​ទេ”»។

59. ប៉ុន្តែ ទោះ​បី​ក្នុង​រឿង​នេះ​ក៏​ដោយ ក៏​ពាក្យ​របស់​គេ​នៅ​តែ​ពុំ​ស្រប​គ្នា​ដដែល។

60. ពេល​នោះ លោក​មហា​បូជា‌ចារ្យ​ក្រោក​ឈរ​ឡើង​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ សួរ​ព្រះ‌យេស៊ូ​ថា៖ «ម្ដេច​ក៏​អ្នក​មិន​ឆ្លើយ​នឹង​ពាក្យ​ចោទ​ប្រកាន់​របស់​លោក​ទាំង​នេះ?»

61. ព្រះ‌យេស៊ូ​នៅ​ស្ងៀម ពុំ​ឆ្លើយ​តប​ទាល់​តែ​សោះ។ លោក​មហា​បូជា‌ចារ្យ​សួរ​ព្រះ‌អង្គ​ម្ដង​ទៀត​ថា៖ «តើ​អ្នក​ពិត​ជា​ព្រះ‌គ្រិស្ដ ជា​ព្រះ‌បុត្រា​របស់​ព្រះ ដែល​យើង​សរសើរ​តម្កើង​មែន​ឬ?»។

62. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «មែន គឺ​ខ្ញុំ​ហ្នឹង​ហើយ។ អស់​លោក​នឹង​ឃើញ បុត្រ​មនុស្ស*​គង់​នៅ​ខាង​ស្ដាំ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព ហើយ​នឹង​យាង​មក​ជា​មួយ​ពពក*​នៅ​លើ​មេឃ»។

សូមអានជំពូកពេញលេញ ម៉ាកុស 14