គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 14:47-56 Khmer Standard Version (KHSV)

47. មាន​ម្នាក់​ដែល​នៅ​ទី​នោះ ហូត​ដាវ​កាប់​អ្នក​បម្រើ​របស់​មហា​បូជា‌ចារ្យ​ដាច់​ស្លឹក​ត្រចៀក​ម្ខាង។

48. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ជា​ចោរ​ព្រៃ​ឬ បាន​ជា​អស់​លោក​កាន់​ដាវ កាន់​ដំបង​មក​ចាប់​ខ្ញុំ​ដូច្នេះ?

49. ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​នៅ​ក្នុង​ព្រះ‌វិហារ*​ជា​មួយ​អស់​លោក​ទាំង​បង្រៀន​ផង តែ​អស់​លោក ពុំ​បាន​ចាប់​ខ្ញុំ​ទេ។ ការណ៍​ទាំង​នេះ​កើត​ឡើង ដើម្បី​ឲ្យ​បាន​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ»។

50. ពេល​នោះ ពួក​សិស្ស​បោះ‌បង់​ព្រះ‌យេស៊ូ​ចោល ហើយ​រត់​បាត់​អស់​ទៅ។

51. មាន​កំលោះ​ម្នាក់​ដែល​បាន​ទៅ​តាម​ព្រះ‌អង្គ មាន​តែ​សំពត់​មួយ​ផ្ទាំង​បិទ‌បាំង​កាយ​ប៉ុណ្ណោះ គេ​បាន​ចាប់​គាត់​ដែរ

52. តែ​គាត់​ចោល​សំពត់​រត់​ទៅ​ខ្លួន​ទទេ។

53. គេ​បណ្ដើរ​ព្រះ‌យេស៊ូ​នាំ​យក​ទៅ​ដល់​ដំណាក់​របស់​លោក​មហា​បូជា‌ចារ្យ*។ ពួក​នាយក​បូជា‌ចារ្យ ពួក​ព្រឹទ្ធា‌ចារ្យ* និង​ពួក​អាចារ្យ* មក​ជួប‌ជុំ​ទាំង​អស់​គ្នា​នៅ​ទី​នោះ។

54. លោក​ពេត្រុស​ដើរ​តាម​ព្រះ‌អង្គ​ពី​ចម្ងាយ រហូត​ដល់​ខាង​ក្នុង​ទីធ្លា​ដំណាក់​មហា​បូជា‌ចារ្យ ហើយ​អង្គុយ​អាំង​ភ្លើង​ជា​មួយ​កង​រក្សា​ព្រះ‌វិហារ*។

55. ពួក​នាយក​បូជា‌ចារ្យ និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​ទាំង​មូល នាំ​គ្នា​រក​ពាក្យ​ចោទ​ប្រកាន់​ព្រះ‌យេស៊ូ ដើម្បី​កាត់​ទោស​ប្រហារ​ជីវិត​ព្រះ‌អង្គ តែ​រក​មិន​បាន​សោះ។

56. មនុស្ស​ជា​ច្រើន​បាន​ប្រឌិត​រឿង​ក្លែង‌ក្លាយ​ចោទ​ប្រកាន់​ព្រះ‌អង្គ ប៉ុន្តែ ពាក្យ​ចោទ​ទាំង​នោះ​មិន​ស្រប​គ្នា​ឡើយ។

សូមអានជំពូកពេញលេញ ម៉ាកុស 14