គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 14:36-47 Khmer Standard Version (KHSV)

36. ព្រះ‌អង្គ​ទូល​ថា៖ «អ័ប្បា ឱ​ព្រះ‌បិតា​អើយ! ព្រះ‌អង្គ​អាច​សម្រេច​គ្រប់​កិច្ចការ​ទាំង​អស់​បាន សូម​ដក​យក​ពែង​នៃ​ទុក្ខ​លំបាក​នេះ​ចេញ​ឲ្យ​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ ប៉ុន្តែ សូម​កុំ​តាម​បំណង​ចិត្ត​ទូលបង្គំ​ឡើយ គឺ​សូម​ឲ្យ​បាន​សម្រេច​តាម​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​វិញ»។

37. ព្រះ‌អង្គ​យាង​ទៅ​រក​ពួក​សិស្ស ឃើញ​គេ​កំពុង​តែ​ដេក​លក់ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ពេត្រុស​ថា៖ «ស៊ីម៉ូន​អើយ ម្ដេច​ក៏​អ្នក​ដេក​លក់​ដូច្នេះ? អ្នក​នៅ​ស៊ូ‌ទ្រាំ​ប្រុង​ស្មារតី សូម្បី​តែ​មួយ​ម៉ោង​ក៏​មិន​បាន​ដែរ​ឬ?

38. ចូរ​ប្រុង​ស្មារតី ហើយ​អធិស្ឋាន កុំ​ឲ្យ​ចាញ់​ការ​ល្បួង វិញ្ញាណ​របស់​មនុស្ស​ប្រុង​ប្រៀប​ជា​ស្រេច​មែន ប៉ុន្តែ គេ​នៅ​ទន់​ខ្សោយ ព្រោះ​និស្ស័យ​លោកីយ៍»។

39. ព្រះ‌អង្គ​យាង​ចេញ​ទៅ​ឆ្ងាយ​ពី​គេ​សា​ជា​ថ្មី ហើយ​ទូល‌អង្វរ​ដោយ​ប្រើ​ពាក្យ​ដដែល។

40. ព្រះ‌អង្គ​វិល​ត្រឡប់​មក​រក​ពួក​សិស្ស​ម្ដង​ទៀត ឃើញ​គេ​ដេក​លក់ ដ្បិត​គេ​ងងុយ​ពេក បើក​ភ្នែក​មិន​រួច មិន​ដឹង​ទូល​ព្រះ‌អង្គ​ដូច​ម្ដេច។

41. ព្រះ‌យេស៊ូ​វិល​មក​រក​គេ​ជា​លើក​ទី​បី មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​នៅ​តែ​ដេក​លក់ អ្នក​រាល់​គ្នា​សម្រាក​ដល់​អង្កាល់​ទៀត? ប៉ុណ្ណឹង​ល្មម​ហើយ! ឥឡូវ​នេះ ពេល​កំណត់​មក​ដល់​ហើយ បុត្រ​មនុស្ស​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​បាប។

42. ចូរ​ក្រោក​ឡើង យើង​នាំ​គ្នា​ទៅ ដ្បិត​អ្នក​ដែល​នាំ​គេ​មក​ចាប់​ខ្ញុំ មក​ជិត​ដល់​ហើយ!»។

43. ព្រះ‌អង្គ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ ស្រាប់​តែ​យូដាស​ជា​សិស្ស​ម្នាក់ ក្នុង​ចំណោម​សិស្ស​ទាំង​ដប់‌ពីរ​រូប​មក​ដល់ ដោយ​មាន​បណ្ដា‌ជន​មួយ​ក្រុម កាន់​ដាវ កាន់​ដំបង​មក​ជា​មួយ​ផង។ ពួក​នាយក​បូជា‌ចារ្យ*​ពួក​អាចារ្យ* និង​ពួក​ព្រឹទ្ធា‌ចារ្យ* បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​មក។

44. យូដាស​ដែល​នាំ​គេ​មក​ចាប់​ព្រះ‌យេស៊ូ បាន​សន្មត​ជា​មួយ​អ្នក​ទាំង​នោះ​នូវ​សញ្ញា​មួយ​ថា៖ «ខ្ញុំ​ថើប​អ្នក​ណា គឺ​អ្នក​នោះ​ហើយ សុំ​ចាប់​គាត់​នាំ​យក​ទៅ ដោយ​ប្រយ័ត្ន‌ប្រយែង​ឲ្យ​មែន​ទែន»។

45. កាល​មក​ដល់​ភ្លាម យូដាស​ដើរ​តម្រង់​មក​រក​ព្រះ‌យេស៊ូ ពោល​ថា៖ «លោក​គ្រូ!» រួច​គាត់​ថើប​ព្រះ‌អង្គ

46. ពួក​គេ​នាំ​គ្នា​ចាប់​ព្រះ‌យេស៊ូ។

47. មាន​ម្នាក់​ដែល​នៅ​ទី​នោះ ហូត​ដាវ​កាប់​អ្នក​បម្រើ​របស់​មហា​បូជា‌ចារ្យ​ដាច់​ស្លឹក​ត្រចៀក​ម្ខាង។

សូមអានជំពូកពេញលេញ ម៉ាកុស 14