គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 14:29-41 Khmer Standard Version (KHSV)

29. លោក​ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «ទោះ​បី​អ្នក​ឯ​ទៀតៗ​បោះ‌បង់​ព្រះ‌អង្គ​ចោល​ក៏​ដោយ ក៏​ទូលបង្គំ​មិន​បោះ‌បង់​ចោល​ព្រះ‌អង្គ​ជា​ដាច់​ខាត»។

30. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា នៅ​យប់​នេះ​ឯង មុន​មាន់​រងាវ​ពីរ​ដង អ្នក​នឹង​បដិសេធ​បី​ដង​ថា មិន​ស្គាល់​ខ្ញុំ»។

31. ប៉ុន្តែ លោក​ពេត្រុស​ប្រកែក​រឹត​តែ​ខ្លាំង​ឡើង​ថា៖ «ទោះ​បី​ទូលបង្គំ​ត្រូវ​ស្លាប់​ជា​មួយ​ព្រះ‌អង្គ​ក៏​ដោយ ក៏​ទូលបង្គំ​មិន​បដិសេធ​ថា​មិន​ស្គាល់​ព្រះ‌អង្គ​ជា​ដាច់​ខាត»។ សិស្ស​ឯ​ទៀតៗ​ក៏​ទូល​ព្រះ‌អង្គ​ដូច​លោក​ពេត្រុស​ដែរ។

32. ព្រះ‌អង្គ​យាង​ទៅ​ដល់​កន្លែង​មួយ ឈ្មោះ​កេតសេ‌ម៉ានី ជា​មួយ​ពួក​សិស្ស*។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​អ្នក​រាល់​គ្នា​អង្គុយ​នៅ​ទី​នេះ​ហើយ ចាំ​ខ្ញុំ​អធិ‌ស្ឋាន*​សិន»។

33. ព្រះ‌អង្គ​នាំ​លោក​ពេត្រុស លោក​យ៉ាកុប និង​លោក​យ៉ូហាន ទៅ​ជា​មួយ។ ពេល​នោះ ព្រះ‌អង្គ​ចាប់​ផ្ដើម​ភ័យ​តក់‌ស្លុត ព្រម​ទាំង​ចុក​ចាប់​អន្ទះ‌សា​ពន់​ប្រមាណ។

34. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ទាំង​បី​ថា៖ «ខ្ញុំ​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង​ស្ទើរ​តែ​ស្លាប់ អ្នក​រាល់​គ្នា​នៅ​ទី​នេះ​សិន​ហើយ ចូរ​ប្រុង​ស្មារតី»។

35. ព្រះ‌អង្គ​យាង​ទៅ​មុខ​បន្តិច ក្រាប​ចុះ​ដល់​ដី ទូល‌អង្វរ​សូម​ឲ្យ​ទុក្ខ​លំបាក​នេះ​ចេញ​ឆ្ងាយ​ពី​ព្រះ‌អង្គ​ទៅ បើ​សិន​ជា​អាច​កន្លង​ផុត​ទៅ​បាន។

36. ព្រះ‌អង្គ​ទូល​ថា៖ «អ័ប្បា ឱ​ព្រះ‌បិតា​អើយ! ព្រះ‌អង្គ​អាច​សម្រេច​គ្រប់​កិច្ចការ​ទាំង​អស់​បាន សូម​ដក​យក​ពែង​នៃ​ទុក្ខ​លំបាក​នេះ​ចេញ​ឲ្យ​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ ប៉ុន្តែ សូម​កុំ​តាម​បំណង​ចិត្ត​ទូលបង្គំ​ឡើយ គឺ​សូម​ឲ្យ​បាន​សម្រេច​តាម​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​វិញ»។

37. ព្រះ‌អង្គ​យាង​ទៅ​រក​ពួក​សិស្ស ឃើញ​គេ​កំពុង​តែ​ដេក​លក់ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ពេត្រុស​ថា៖ «ស៊ីម៉ូន​អើយ ម្ដេច​ក៏​អ្នក​ដេក​លក់​ដូច្នេះ? អ្នក​នៅ​ស៊ូ‌ទ្រាំ​ប្រុង​ស្មារតី សូម្បី​តែ​មួយ​ម៉ោង​ក៏​មិន​បាន​ដែរ​ឬ?

38. ចូរ​ប្រុង​ស្មារតី ហើយ​អធិស្ឋាន កុំ​ឲ្យ​ចាញ់​ការ​ល្បួង វិញ្ញាណ​របស់​មនុស្ស​ប្រុង​ប្រៀប​ជា​ស្រេច​មែន ប៉ុន្តែ គេ​នៅ​ទន់​ខ្សោយ ព្រោះ​និស្ស័យ​លោកីយ៍»។

39. ព្រះ‌អង្គ​យាង​ចេញ​ទៅ​ឆ្ងាយ​ពី​គេ​សា​ជា​ថ្មី ហើយ​ទូល‌អង្វរ​ដោយ​ប្រើ​ពាក្យ​ដដែល។

40. ព្រះ‌អង្គ​វិល​ត្រឡប់​មក​រក​ពួក​សិស្ស​ម្ដង​ទៀត ឃើញ​គេ​ដេក​លក់ ដ្បិត​គេ​ងងុយ​ពេក បើក​ភ្នែក​មិន​រួច មិន​ដឹង​ទូល​ព្រះ‌អង្គ​ដូច​ម្ដេច។

41. ព្រះ‌យេស៊ូ​វិល​មក​រក​គេ​ជា​លើក​ទី​បី មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​នៅ​តែ​ដេក​លក់ អ្នក​រាល់​គ្នា​សម្រាក​ដល់​អង្កាល់​ទៀត? ប៉ុណ្ណឹង​ល្មម​ហើយ! ឥឡូវ​នេះ ពេល​កំណត់​មក​ដល់​ហើយ បុត្រ​មនុស្ស​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​បាប។

សូមអានជំពូកពេញលេញ ម៉ាកុស 14