គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 14:12-27 Khmer Standard Version (KHSV)

12. នៅ​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​នំប៉័ង​ឥត​មេ* ជា​ថ្ងៃ​ដែល​គេ​ត្រូវ​សម្លាប់​កូន​ចៀម​ធ្វើ​យញ្ញ‌បូជា*​សម្រាប់​បុណ្យ​ចម្លង* ពួក​សិស្ស*​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «តើ​ព្រះ‌គ្រូ​ចង់​ឲ្យ​យើង​ខ្ញុំ​រៀបចំ​ពិធី​ជប់‌លៀង​ជូន ក្នុង​ឱកាស​បុណ្យ​ចម្លង* នៅ​កន្លែង​ណា?»។

13. ព្រះ‌អង្គ​ចាត់​សិស្ស*​ពីរ​រូប​ឲ្យ​ទៅ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​អ្នក​ទៅ​ទីក្រុង អ្នក​នឹង​ជួប​បុរស​ម្នាក់​លី​ក្អម​ទឹក។ ចូរ​ដើរ​តាម​គាត់​ទៅ

14. គាត់​ចូល​ផ្ទះ​ណា អ្នក​ត្រូវ​និយាយ​ទៅ​ម្ចាស់​ផ្ទះ​នោះ​ថា លោក​គ្រូ​មាន​ប្រសាសន៍​ថា “បន្ទប់​ដែល​ខ្ញុំ​នឹង​ត្រូវ​ជប់‌លៀង​ជា​មួយ​ពួក​សិស្ស ក្នុង​ពេល​បុណ្យ​ចម្លង*​នៅ​ឯ​ណា?”។

15. ម្ចាស់​ផ្ទះ​នឹង​បង្ហាញ​បន្ទប់​មួយ​យ៉ាង​ធំ​នៅ​ជាន់​ខាង​លើ ដែល​មាន​ប្រដាប់‌ប្រដា​សព្វ​គ្រប់​រៀបចំ​ជា​ស្រេច ចូរ​រៀបចំ​ម្ហូប​អាហារ​សម្រាប់​យើង នៅ​ក្នុង​បន្ទប់​នោះ​ចុះ»។

16. សិស្ស*​ទាំង​ពីរ​ក៏​ចេញ​ទៅ លុះ​ដល់​ទីក្រុង គេ​បាន​ឃើញ​ដូច​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ប្រាប់​មែន គេ​ក៏​រៀបចំ​ម្ហូប​អាហារ​សម្រាប់​បុណ្យ​ចម្លង។

17. លុះ​ដល់​ល្ងាច ព្រះ‌អង្គ​យាង​មក​ដល់​ជា​មួយ​សិស្ស ទាំង​ដប់‌ពីរ​រូប។

18. នៅ​ពេល​ព្រះ‌យេស៊ូ​រួម​តុ សោយ​ព្រះ‌ស្ងោយ​ជា​មួយ​ពួក​សិស្ស ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​បាន​ដឹង​ច្បាស់​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​បរិ‌ភោគ​ជា​មួយ​ខ្ញុំ មាន​ម្នាក់​នឹង​នាំ​គេ​មក​ចាប់​ខ្ញុំ»។

19. ពួក​សិស្ស​ព្រួយ​ចិត្ត​ក្រៃ‌លែង គេ​ទូល​សួរ​ព្រះ‌អង្គ​បន្ដ​បន្ទាប់​គ្នា​ថា៖ «តើ​ទូលបង្គំ​ឬ?»។

20. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «គឺ​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ដប់‌ពីរ ដែល​កំពុង​ជ្រលក់​នំប៉័ង​ក្នុង​ចាន​ជា​មួយ​ខ្ញុំ​នេះ​ហើយ។

21. បុត្រ​មនុស្ស*​ត្រូវ​តែ​ស្លាប់ ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​អំពី​លោក​ស្រាប់​ហើយ។ ប៉ុន្តែ អ្នក​ដែល​នាំ​គេ​មក​ចាប់​បុត្រ​មនុស្ស​នឹង​ត្រូវ​វេទនា​ជា​មិន​ខាន។ ចំពោះ​អ្នក​នោះ បើ​មិន​បាន​កើត​មក​ទេ​ទើប​ប្រសើរ​ជាង»។

22. នៅ​ពេល​កំពុង​បរិ‌ភោគ ព្រះ‌យេស៊ូ​យក​នំប៉័ង​មក​កាន់ ព្រះ‌អង្គ​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់ ហើយ​កាច់​ប្រទាន​ឲ្យ​គេ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «សុំ​ពិសា​ចុះ នេះ​ជា​រូប​កាយ​របស់​ខ្ញុំ»។

23. បន្ទាប់​មក ព្រះ‌អង្គ​យក​ពែង​មក​កាន់ អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ រួច​ប្រទាន​ឲ្យ​ពួក​សិស្ស* ពួក​សិស្ស​ក៏​បរិ‌ភោគ​ទាំង​អស់​គ្នា។

24. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «នេះ​ជា​លោហិត​របស់​ខ្ញុំ គឺ​លោហិត​នៃ​សម្ពន្ធ‌មេត្រី ដែល​ត្រូវ​បង្ហូរ​សម្រាប់​មនុស្ស​ទាំង​អស់។

25. ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ខ្ញុំ​នឹង​មិន​ពិសា​ស្រា​ទំពាំង‌បាយជូរ​ទៀត​ឡើយ រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ពិសា​ស្រា​ទំពាំង‌បាយជូរ​ថ្មី នៅ​ក្នុង​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់»។

26. ក្រោយ​ពី​បាន​ច្រៀង​ទំនុក‌តម្កើង​រួច​ហើយ ព្រះ‌យេស៊ូ​យាង​ឆ្ពោះ​ទៅ​ភ្នំ​ដើម​អូលីវ​ជា​មួយ​ពួក​សិស្ស។

27. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស*​ថា៖ «អ្នក​ទាំង​អស់​គ្នា​នឹង​បោះ​បង់​ខ្ញុំ​ចោល ដ្បិត​មាន​ចែង​ទុក​មក​ថា “យើង​នឹង​វាយ​សម្លាប់​គង្វាល ហើយ​ចៀម​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ”។

សូមអានជំពូកពេញលេញ ម៉ាកុស 14