គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 14:1-11 Khmer Standard Version (KHSV)

1. នៅ​ពីរ​ថ្ងៃ​មុន​បុណ្យ​ចម្លង* និង​បុណ្យ​នំប៉័ង​ឥត​មេ* ក្រុម​នាយក​បូជា‌ចារ្យ* និង​ពួក​អាចារ្យ* នាំ​គ្នា​រក​មធ្យោ‌បាយ ដើម្បី​ចាប់​ព្រះ‌យេស៊ូ​ដោយ​កល‌ល្បិច​យក​ទៅ​ធ្វើ​គុត។

2. ប៉ុន្តែ គេ​និយាយ​គ្នា​ថា៖ «កុំ​ចាប់​ក្នុង​ពេល​បុណ្យ​នេះ​ឡើយ ក្រែង​កើត​ចលាចល​ក្នុង​ចំណោម​ប្រជា‌ជន»។

3. ព្រះ‌យេស៊ូ​គង់​នៅ​ភូមិ​បេថា‌នី ក្នុង​ផ្ទះ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ជា​មនុស្ស​ឃ្លង់។ ពេល​ព្រះ‌អង្គ​កំពុង​សោយ​ព្រះ‌ស្ងោយ មាន​ស្ត្រី​ម្នាក់​ចូល​មក ទាំង​កាន់​ដប​ថ្ម​កែវ​ផង។ នៅ​ក្នុង​ដប​នោះ​មាន​ប្រេង​ទេព្វិរូ​សុទ្ធ​ដ៏​មាន​តម្លៃ​លើស‌លប់។ នាង​បំបែក​ដប​ថ្ម​កែវ ហើយ​ចាក់​ប្រេង​ក្រអូប​លើ​ព្រះ‌សិរសា​របស់​ព្រះ‌យេស៊ូ។

4. មាន​អ្នក​ខ្លះ​នៅ​ទី​នោះ ទាស់​ចិត្ត​យ៉ាង​ខ្លាំង គេ​និយាយ​គ្នា​ថា៖ «ម្ដេច​ក៏​ខ្ជះ‌ខ្ជាយ​ប្រេង​ក្រអូប​ដូច្នេះ!

5. បើ​យក​ប្រេង​នេះ​ទៅ​លក់ មុខ​ជា​បាន​ប្រាក់​ជាង​បី​រយ​ដួង* ហើយ​ចែក​ទាន​ដល់​ជន​ក្រីក្រ​វិញ»។ អ្នក​ទាំង​នោះ​ខឹង​នឹង​នាង​ណាស់។

6. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ទុក​ឲ្យ​នាង​ធ្វើ​តាម​ចិត្ត​នាង​ទៅ! ហេតុ​អ្វី​បាន​ជា​រក​រឿង​នាង? នាង​បាន​ធ្វើ​អំពើ​ដ៏​ល្អ​ចំពោះ​ខ្ញុំ។

7. អ្នក​រាល់​គ្នា​មាន​អ្នក​ក្រីក្រ​នៅ​ជា​មួយ​រហូត អ្នក​រាល់​គ្នា​អាច​ធ្វើ​ទាន​ដល់​គេ តាម​តែ​ចិត្ត​អ្នក​រាល់​គ្នា​ចង់ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​រហូត​ទេ។

8. ស្ត្រី​នេះ​បាន​ធ្វើ​តាម​សមត្ថ‌ភាព​របស់​នាង គឺ​នាង​លាប​ប្រេង​ក្រអូប​លើ​រូប​កាយ​ខ្ញុំ ទុក​ជា​មុន​សម្រាប់​យក​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។

9. ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា នៅ​គ្រប់​ទី​កន្លែង​ក្នុង​ពិភព​លោក​ទាំង​មូល កាល​ណា​គេ​ប្រកាស​ដំណឹង‌ល្អ* គេ​ក៏​នឹង​តំណាល​អំពី​កិច្ចការ​ដែល​នាង​បាន​ធ្វើ​នេះ​ដែរ ដើម្បី​រំឭក​អំពី​នាង»។

10. យូដាស‌អ៊ីស្កា‌រីយ៉ុត ជា​សិស្ស*​ម្នាក់​ក្នុង​ក្រុម​ដប់‌ពីរ​រូប បាន​ទៅ​ជួប​ពួក​នាយក​បូជា‌ចារ្យ* ដើម្បី​គិត‌គូរ​នាំ​គេ​ទៅ​ចាប់​ព្រះ‌យេស៊ូ។

11. កាល​អ្នក​ទាំង​នោះ​ស្ដាប់​ពាក្យ​យូដាស​និយាយ គេ​សប្បាយ​ចិត្ត​ណាស់ ហើយ​សន្យា​ថា​នឹង​ឲ្យ​ប្រាក់​គាត់។ យូដាស​ក៏​រក​ឱកាស​ល្អ ដើម្បី​នាំ​គេ​ទៅ​ចាប់​ព្រះ‌អង្គ។

សូមអានជំពូកពេញលេញ ម៉ាកុស 14