គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 13:24-37 Khmer Standard Version (KHSV)

24. «លុះ​ទុក្ខ​លំបាក​នេះ​កន្លង​ផុត​ទៅ នៅ​គ្រា​នោះ ព្រះ‌អាទិត្យ​នឹង​បាត់​រស្មី ព្រះ‌ច័ន្ទ​លែង​មាន​ពន្លឺ​ទៀត​ហើយ

25. រីឯ​ផ្កាយ​ទាំង‌ឡាយ​នឹង​ធ្លាក់​ចុះ​ពី​លើ​មេឃ អំណាច​នានា​នៅ​លើ​មេឃ​នឹង​ត្រូវ​កក្រើក​រំពើក។

26. ពេល​នោះ គេ​នឹង​ឃើញ​បុត្រ​មនុស្ស*​យាង​មក​ក្នុង​ពពក ប្រកប​ដោយ​ឫទ្ធា‌នុភាព​ដ៏​ខ្លាំង​ក្លា និង​ដោយ​សិរី‌រុងរឿង។

27. លោក​នឹង​ចាត់​ពួក​ទេវតា*​របស់​លោក​ឲ្យ​ទៅ​ទិស​ទាំង​បួន ចាប់​តាំង​ពី​ជើង​មេឃ​ម្ខាង​ទៅ​ជើង​មេឃ​ម្ខាង​ទៀត ដើម្បី​ប្រមូល​ពួក​អ្នក​ដែល​ព្រះ‌ជាម្ចាស់​បាន​ជ្រើស‌រើស»។

28. «ចូរ​អ្នក​រាល់​គ្នា​យក​ពាក្យ​ប្រស្នា​ស្ដី​អំពី​ដើម​ឧទុម្ពរ*​ទៅ​រិះគិត​ចុះ។ កាល​ណា​មែក​របស់​វា​មាន​ស្លឹក​លាស់​ខៀវ​ខ្ចី អ្នក​រាល់​គ្នា​ដឹង​ថា រដូវ​ប្រាំង​ជិត​មក​ដល់​ហើយ។

29. ដូច្នេះ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ព្រឹត្តិ‌ការណ៍​ទាំង​នោះ​កើត​ឡើង ត្រូវ​ដឹង​ថា​បុត្រ​មនុស្ស*​ក៏​ជិត​មក​ដល់​ហើយ​ដែរ គឺ​លោក​មក​ជិត​បង្កើយ​ហើយ។

30. ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ហេតុ‌ការណ៍​ទាំង​នោះ​នឹង​កើត​ឡើង នៅ​ពេល​ដែល​មនុស្ស​ជំនាន់​នេះ​មាន​ជីវិត​នៅ​ឡើយ។

31. ផ្ទៃ​មេឃ និង​ផែន‌ដី នឹង​រលាយ​បាត់​ទៅ តែ​ពាក្យ​ដែល​ខ្ញុំ​និយាយ​មិន​រលាយ​បាត់​ទេ។

32. រីឯ​ថ្ងៃ​កំណត់ និង​ពេល​វេលា គ្មាន​នរណា​ដឹង​ឡើយ ទោះ​បី​ទេវតា*​នៅ​ស្ថាន​បរម‌សុខ* ឬ​ព្រះ‌បុត្រា​ក៏​ពុំ​ជ្រាប​ដែរ មាន​តែ​ព្រះ‌បិតា​ប៉ុណ្ណោះ​ដែល​ជ្រាប។

33. អ្នក​រាល់​គ្នា​មិន​ដឹង​ថា ពេល​ណា​ជា​ពេល​កំណត់​ទេ ដូច្នេះ ចូរ​ប្រុង​ប្រយ័ត្ន ប្រុង​ស្មារតី​ឲ្យ​មែន​ទែន

34. ដ្បិត​ពេល​កំណត់​នោះ​ប្រៀប​បាន​នឹង​បុរស​ម្នាក់ ដែល​ចេញ​ដំណើរ​ពី​ផ្ទះ​ទៅ គាត់​ទុក​ឲ្យ​ពួក​អ្នក​បម្រើ​មើល​ខុស​ត្រូវ​ក្នុង​ផ្ទះ ដោយ​ចែក​មុខ‌ងារ​ឲ្យ​រៀងៗ​ខ្លួន ព្រម​ទាំង​បង្គាប់​ឲ្យ​អ្នក​យាម​ផ្ទះ​ប្រុង​ស្មារតី​ផង។

35. អ្នក​រាល់​គ្នា​ក៏​ត្រូវ​ប្រុង​ស្មារតី​ដូច្នោះ​ដែរ ដ្បិត​អ្នក​រាល់​គ្នា​ពុំ​ដឹង​ថា ម្ចាស់​ផ្ទះ​នឹង​វិល​មក​វិញ​នៅ​ពេល​ណា​ឡើយ មិន​ដឹង​ជា​យប់ ពាក់​កណ្ដាល​អធ្រាត្រ ពេល​មាន់​រងាវ ឬ​ពេល​ព្រលឹម​ទេ

36. ក្រែង​លោក​ត្រឡប់​មក​វិញ ដោយ​មិន​បាន​ឲ្យ​ដំណឹង​មុន ហើយ​ឃើញ​អ្នក​រាល់​គ្នា​កំពុង​តែ​ដេក​លក់។

37. ពាក្យ​ដែល​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​នេះ ខ្ញុំ​ក៏​ចង់​និយាយ​ប្រាប់​អ្នក​ឯ​ទៀតៗ​គ្រប់​គ្នា​ដែរ គឺ​ថា ចូរ​ប្រុង​ស្មារតី!»។

សូមអានជំពូកពេញលេញ ម៉ាកុស 13