គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 13:17-28 Khmer Standard Version (KHSV)

17. គ្រា​នោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​បំបៅ​កូន មុខ​ជា​វេទនា​ពុំ‌ខាន។

18. ចូរ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ សូម​កុំ​ឲ្យ​ហេតុ‌ការណ៍​ទាំង​នេះ​កើត​ឡើង​នៅ​រដូវ​ត្រជាក់​ឡើយ

19. ដ្បិត​ពេល​នោះ ជា​ពេល​មាន​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក គឺ​ចាប់​ពី​ពេល​ដែល​ព្រះ‌ជាម្ចាស់​បង្កើត​អ្វីៗ​ទាំង​អស់ មក​ទល់​សព្វ​ថ្ងៃ ហើយ​ទោះ​ជា​ទៅ​ថ្ងៃ​មុខ​ទៀត ក៏​ពុំ​ដែល​មាន ទុក្ខ​លំបាក​ខ្លាំង​យ៉ាង​នេះ​ដែរ។

20. ប្រសិន​បើ​ព្រះ‌អម្ចាស់​មិន​បន្ថយ​ចំនួន​ថ្ងៃ​ទាំង​នោះ​ទេ មុខ​ជា​គ្មាន​មនុស្ស​ណា​បាន​រួច​ជីវិត​ឡើយ ប៉ុន្តែ ព្រះ‌អង្គ​បន្ថយ​ចំនួន​ថ្ងៃ​ទាំង​នោះ ដោយ​យោគ‌យល់​ដល់​ពួក​អ្នក​ដែល​ព្រះ‌អង្គ​បាន​ជ្រើស‌រើស។

21. ប្រសិន​បើ​មាន​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា “ព្រះ‌គ្រិស្ដ*​គង់​នៅ​ទី​នេះ ឬ​នៅ​ទី​នោះ” កុំ​ជឿ​គេ​ឡើយ

22. ដ្បិត​នឹង​មាន​មនុស្ស​ក្លែង​ខ្លួន​ធ្វើ​ជា​ព្រះ‌គ្រិស្ដ ព្រម​ទាំង​មាន​ព្យាការី​ក្លែង‌ក្លាយ នាំ​គ្នា​សម្តែង​ទី​សម្គាល់​ដ៏​អស្ចារ្យ និង​ឫទ្ធិ​បាដិ‌ហារិយ៍​ផ្សេងៗ ដើម្បី​បញ្ឆោត​មនុស្ស​រហូត​ដល់​ទៅ​នាំ​ពួក​អ្នក​ដែល​ព្រះ‌អង្គ​ជ្រើស‌រើស​ឲ្យ​វង្វេង​ថែម​ទៀត​ផង ប្រសិន​បើ​គេ​អាច​ធ្វើ​បាន។

23. ចូរ​ប្រុង​ប្រយ័ត្ន ដ្បិត​ខ្ញុំ​និយាយ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ជា​មុន សព្វ​គ្រប់​ហើយ»។

24. «លុះ​ទុក្ខ​លំបាក​នេះ​កន្លង​ផុត​ទៅ នៅ​គ្រា​នោះ ព្រះ‌អាទិត្យ​នឹង​បាត់​រស្មី ព្រះ‌ច័ន្ទ​លែង​មាន​ពន្លឺ​ទៀត​ហើយ

25. រីឯ​ផ្កាយ​ទាំង‌ឡាយ​នឹង​ធ្លាក់​ចុះ​ពី​លើ​មេឃ អំណាច​នានា​នៅ​លើ​មេឃ​នឹង​ត្រូវ​កក្រើក​រំពើក។

26. ពេល​នោះ គេ​នឹង​ឃើញ​បុត្រ​មនុស្ស*​យាង​មក​ក្នុង​ពពក ប្រកប​ដោយ​ឫទ្ធា‌នុភាព​ដ៏​ខ្លាំង​ក្លា និង​ដោយ​សិរី‌រុងរឿង។

27. លោក​នឹង​ចាត់​ពួក​ទេវតា*​របស់​លោក​ឲ្យ​ទៅ​ទិស​ទាំង​បួន ចាប់​តាំង​ពី​ជើង​មេឃ​ម្ខាង​ទៅ​ជើង​មេឃ​ម្ខាង​ទៀត ដើម្បី​ប្រមូល​ពួក​អ្នក​ដែល​ព្រះ‌ជាម្ចាស់​បាន​ជ្រើស‌រើស»។

28. «ចូរ​អ្នក​រាល់​គ្នា​យក​ពាក្យ​ប្រស្នា​ស្ដី​អំពី​ដើម​ឧទុម្ពរ*​ទៅ​រិះគិត​ចុះ។ កាល​ណា​មែក​របស់​វា​មាន​ស្លឹក​លាស់​ខៀវ​ខ្ចី អ្នក​រាល់​គ្នា​ដឹង​ថា រដូវ​ប្រាំង​ជិត​មក​ដល់​ហើយ។

សូមអានជំពូកពេញលេញ ម៉ាកុស 13