គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 13:1-11 Khmer Standard Version (KHSV)

1. ពេល​ព្រះ‌យេស៊ូ​យាង​ចេញ​ពី​ព្រះ‌វិហារ*​ទៅ មាន​សិស្ស*​ម្នាក់​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌គ្រូ សូម​មើល​ថ្ម​នុ៎ះ​ស្អាត​ណាស់! វិមាន​ទាំង​នេះ​ល្អ​វិសេស‌វិសាល​បំផុត»។

2. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​សិស្ស​នោះ​វិញ​ថា៖ «ថ្ងៃ​ក្រោយ វិមាន​ដ៏​ស្កឹម‌ស្កៃ​ដែល​អ្នក​ឃើញ​នេះ នឹង​ត្រូវ​រលំ​បាក់​បែក​អស់ លែង​មាន​ថ្ម​ត្រួត​ពី​លើ​ថ្ម​ទៀត​ហើយ»។

3. ព្រះ‌អង្គ​គង់​នៅ​លើ​ភ្នំ​ដើម​អូលីវ​ទល់​មុខ​ព្រះ‌វិហារ*។ លោក​ពេត្រុស លោក​យ៉ាកុប លោក​យ៉ូហាន និង​លោក​អនទ្រេ ទូល​សួរ​ព្រះ‌អង្គ​ដាច់​ឡែក​ពី​គេ​ថា៖

4. «សូម​ព្រះ‌គ្រូ​ប្រាប់​ឲ្យ​យើង​ខ្ញុំ​ដឹង​ផង ហេតុ‌ការណ៍​ទាំង​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? តើ​មាន​អ្វី​ជា​សម្គាល់​ឲ្យ​យើង​ខ្ញុំ​ដឹង​ថា ព្រឹត្តិ‌ការណ៍​ទាំង​នេះ​នឹង​ដល់​ទី​បញ្ចប់?»។

5. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ប្រុង​ប្រយ័ត្ន កុំ​បណ្ដោយ​នរណា​មក​បញ្ឆោត​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង​បាន​ឡើយ

6. ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​យក​ឈ្មោះ​ខ្ញុំ​មក​ប្រើ ដោយ​ពោល​ថា៖ “ខ្ញុំ​នេះ​ហើយ​ជា​ព្រះ‌គ្រិស្ដ*!”។ គេ​នឹង​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង។

7. កាល​ណា​អ្នក​រាល់​គ្នា​ឮ​គេ​និយាយ​អំពី​សង្គ្រាម និង​ឮ​ដំណឹង​ថា​មាន​សង្គ្រាម​ផ្ទុះ​ឡើង មិន​ត្រូវ​ជ្រួល‌ច្របល់​ឡើយ ដ្បិត​ហេតុ‌ការណ៍​ទាំង​នេះ​ត្រូវ​តែ​កើត​ឡើង ប៉ុន្តែ មិន​ទាន់​ដល់​អវសាន‌កាល​នៃ​ពិភព​លោក​នៅ​ឡើយ​ទេ។

8. ប្រជា‌ជាតិ​មួយ​នឹង​ធ្វើ​សង្គ្រាម​តទល់​នឹង​ប្រជា‌ជាតិ​មួយ​ទៀត ប្រទេស​មួយ​តទល់​នឹង​ប្រទេស​មួយ​ទៀត។ នៅ​កន្លែង​ខ្លះ​នឹង​មាន​រញ្ជួយ​ផែន‌ដី ព្រម​ទាំង​មាន​កើត​ទុរ្ភិក្ស​ផង។ ហេតុ‌ការណ៍​ទាំង​នេះ​ប្រៀប​បាន​នឹង​ការ​ឈឺ​ចាប់​ដើម​ដំបូង​របស់​ស្ត្រី ដែល​ហៀប​នឹង​សម្រាល​កូន។

9. ចូរ​អ្នក​រាល់​គ្នា​ប្រុង​ប្រយ័ត្ន​ខ្លួន​ឲ្យ​មែន​ទែន ដ្បិត​គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​កន្លែង​កាត់​ទោស គេ​នឹង​យក​រំពាត់​វាយ​អ្នក​រាល់​គ្នា​នៅ​ក្នុង​សាលា​ប្រជុំ* គេ​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​ឲ្យ​ទេសា‌ភិបាល និង​ឲ្យ​ស្ដេច​កាត់​ទោស ព្រោះ​តែ​អ្នក​រាល់​គ្នា​តាម​ខ្ញុំ។ ប៉ុន្តែ ជា​ឱកាស​សម្រាប់​អ្នក​រាល់​គ្នា​ផ្ដល់​សក្ខីភាព​ឲ្យ​គេ​ដឹង​ឮ។

10. ត្រូវ​ប្រកាស​ដំណឹង‌ល្អ*​ឲ្យ​មនុស្ស​គ្រប់​ជាតិ​គ្រប់​សាសន៍​បាន​ឮ​ជា​មុន​សិន។

11. ពេល​គេ​ចាប់​អ្នក​រាល់​គ្នា​បញ្ជូន​ទៅ​កាត់​ទោស កុំ​ភ័យ​បារម្ភ​ជា​មុន​នឹង​រក​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ​នោះ​ឡើយ ត្រូវ​និយាយ​តាម​តែ​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​និយាយ នៅ​ពេល​នោះ ដ្បិត​មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​និយាយ គឺ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​ទេ​តើ ដែល​នឹង​មាន​ព្រះ‌បន្ទូល។

សូមអានជំពូកពេញលេញ ម៉ាកុស 13