គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 12:24-35 Khmer Standard Version (KHSV)

24. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​យល់​ខុស​ហើយ ដ្បិត​អ្នក​រាល់​គ្នា​មិន​ស្គាល់​គម្ពីរ ហើយ​មិន​ស្គាល់​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់​ផង។

25. ពេល​មនុស្ស​ស្លាប់ មាន​ជីវិត​រស់​ឡើង​វិញ គេ​មិន​រៀប‌ការ​ប្ដី​ប្រពន្ធ​ទៀត​ឡើយ គឺ​គេ​នឹង​បាន​ដូច​ទេវតា*​នៅ​ស្ថាន​បរម‌សុខ*។

26. លោក​ម៉ូសេ*​បាន​ចែង​អំពី​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ នៅ​ក្នុង​អត្ថ‌បទ​ស្ដី​អំពី​គុម្ព​បន្លា តើ​អ្នក​រាល់​គ្នា​ធ្លាប់​អាន​ឬ​ទេ? ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ថា “យើង​ជា​ព្រះ​របស់​អប្រាហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប”។

27. ព្រះ‌ជាម្ចាស់​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​របស់​មនុស្ស​ដែល​មាន​ជីវិត។ អ្នក​រាល់​គ្នា​យល់​ខុស​ទាំង​ស្រុង​ហើយ!»។

28. មាន​អាចារ្យ*​ម្នាក់​បាន​ឮ​ពួក​គេ​ជជែក​ជា​មួយ​ព្រះ‌យេស៊ូ ហើយ​ឃើញ​ថា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ត្រឹម​ត្រូវ គាត់​ក៏​ចូល​ទៅ​ជិត​ទូល​ព្រះ‌អង្គ​ថា៖ «ក្នុង​បណ្ដា​បទ‌បញ្ជា*​ទាំង​អស់ តើ​បទ‌បញ្ជា​ណា​សំខាន់​ជាង​គេ?»។

29. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «នេះ​ជា​បទ‌បញ្ជា​ទី​មួយ: “អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់! មាន​តែ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​យើង​មួយ​ព្រះ‌អង្គ​គត់ ដែល​ពិត​ជា​ព្រះ‌អម្ចាស់។

30. ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក​ឲ្យ​អស់​ពី​ចិត្ត​គំនិត អស់​ពី​ស្មារតី អស់​ពី​ប្រាជ្ញា និង​អស់​ពី​កម្លាំង​កាយ”។

31. រីឯ​បទ‌បញ្ជា​ទី​ពីរ​មាន​ចែង​ថា “ត្រូវ​ស្រឡាញ់​បង‌ប្អូន​ឯ​ទៀតៗ​ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង”។ គ្មាន​បទ‌បញ្ជា​ណា​សំខាន់​ជាង​បទ‌បញ្ជា​ទាំង​ពីរ​នេះ​ទេ»។

32. អាចារ្យ​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ លោក​មាន​ប្រសាសន៍​ត្រូវ​ណាស់ ហើយ​ពិត​ផង។ មាន​ព្រះ‌ជាម្ចាស់​តែ​មួយ​ព្រះ‌អង្គ​គត់ ក្រៅ​ពី​ព្រះ‌អង្គ គ្មាន​ព្រះ​ឯ​ណា​ទៀត​ឡើយ។

33. បើ​យើង​ស្រឡាញ់​ព្រះ‌អង្គ​អស់​ពី​ចិត្ត​គំនិត អស់​ពី​បញ្ញា និង​អស់​ពី​កម្លាំង​កាយ ហើយ​បើ​យើង​ស្រឡាញ់​បង‌ប្អូន​ឯ​ទៀតៗ​ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង នោះ​ប្រសើរ​ជាង​ថ្វាយ​តង្វាយ​ដុត និង​ថ្វាយ​យញ្ញ‌បូជា​ទៅ​ទៀត»។

34. កាល​ព្រះ‌យេស៊ូ​ឮ​គាត់​ឆ្លើយ​ដោយ​ប្រាជ្ញា​វាង‌វៃ​ដូច្នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​នៅ​មិន​ឆ្ងាយ​ពី​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់​ទេ»។ បន្ទាប់​មក គ្មាន​នរណា​ហ៊ាន​ដេញ​ដោល​សួរ​ព្រះ‌អង្គ​ទៀត​ឡើយ។

35. ព្រះ‌យេស៊ូ​បង្រៀន​មនុស្ស‌ម្នា​នៅ​ក្នុង​ព្រះ‌វិហារ*​ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​អាចារ្យ​និយាយ​ថា ព្រះ‌គ្រិស្ដ​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​ដូច្នេះ?

សូមអានជំពូកពេញលេញ ម៉ាកុស 12