គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 12:14-27 Khmer Standard Version (KHSV)

14. គេ​នាំ​គ្នា​មក​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ! យើង​ខ្ញុំ​ដឹង​ថា លោក​មាន​ប្រសាសន៍​សុទ្ធ​តែ​ពិត​ទាំង​អស់ លោក​គ្រូ​ពុំ​យោគ‌យល់ ហើយ​ក៏​ពុំ​រើស​មុខ​នរណា​ឡើយ គឺ​លោក​គ្រូ​ប្រៀន‌ប្រដៅ​អំពី​របៀប​រស់​នៅ​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ តាម​សេចក្ដី​ពិត។ តើ​ច្បាប់*​របស់​យើង​អនុញ្ញាត​ឲ្យ​បង់​ពន្ធដារ​ថ្វាយ​ព្រះចៅ​អធិ‌រាជ​រ៉ូម៉ាំង​ឬ​ទេ? តើ​យើង​ត្រូវ​បង់ ឬ​មិន​ត្រូវ​បង់?»។

15. ព្រះ‌យេស៊ូ​ឈ្វេង​យល់​ពុត‌ត្បុត​របស់​គេ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចង់​ចាប់​កំហុស​ខ្ញុំ​ដូច្នេះ? សុំ​យក​ប្រាក់​មួយ​កាក់​មក​ឲ្យ​ខ្ញុំ​មើល​មើល៍»។

16. គេ​ក៏​យក​ប្រាក់​មួយ​កាក់​មក​ថ្វាយ​ព្រះ‌យេស៊ូ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «តើ​លើ​កាក់​នេះ មាន​រូប​នរណា ឈ្មោះ​នរណា?»។ គេ​ឆ្លើយ​ថា៖ «រូប និង​ឈ្មោះ​ព្រះចៅ​អធិរាជ!»។

17. ព្រះ‌យេស៊ូ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្វីៗ​ដែល​ជា​របស់​ព្រះចៅ​អធិ‌រាជ ចូរ​ថ្វាយ​ទៅ​ព្រះចៅ​អធិ‌រាជ​វិញ​ទៅ ហើយ​អ្វីៗ​ដែល​ជា​របស់​ព្រះ‌ជាម្ចាស់ ចូរ​ថ្វាយ​ទៅ​ព្រះ‌ជាម្ចាស់​វិញ​ដែរ»។ គេ​ងឿង‌ឆ្ងល់​នឹង​ព្រះ‌យេស៊ូ​យ៉ាង​ខ្លាំង។

18. មាន​ពួក​ខាង​គណៈ‌សាឌូ‌ស៊ី*​ចូល​មក​គាល់​ព្រះ‌អង្គ។ ពួក​សាឌូ‌ស៊ី​មិន​ជឿ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ទេ។ គេ​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖

19. «លោក​គ្រូ! លោក​ម៉ូសេ*​បាន​ចែង​ច្បាប់​ទុក​ឲ្យ​យើង​ថា “បើ​បុរស​ណា​មាន​ប្រពន្ធ ហើយ​ស្លាប់​ចោល​ប្រពន្ធ​ទៅ តែ​គ្មាន​កូន​សោះ ត្រូវ​ឲ្យ​ប្អូន​ប្រុស​របស់​បុរស​នោះ​រៀប‌ការ​នឹង​បង​ថ្លៃ ដើម្បី​បន្ដ​ពូជ​ឲ្យ​បង​ប្រុស​របស់​ខ្លួន”។

20. ឧបមា​ថា មាន​បង‌ប្អូន​ប្រុសៗ​ប្រាំ‌ពីរ​នាក់។ បុរស​បង​បង្អស់​បាន​រៀប‌ការ ហើយ​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ។

21. ប្អូន​បន្ទាប់​រៀប‌ការ​នឹង​បង​ថ្លៃ​មេ‌ម៉ាយ រួច​ស្លាប់​ទៅ ទាំង​ឥត​មាន​កូន រីឯ​ប្អូន​ទី​បី​ក៏​ដូច្នោះ​ដែរ។

22. បង‌ប្អូន​ទាំង​ប្រាំ‌ពីរ​នាក់​សុទ្ធ​តែ​គ្មាន​កូន​ដូច​គ្នា។ នៅ​ទី​បំផុត នាង​ក៏​ស្លាប់​ទៅ​ដែរ។

23. លុះ​ដល់​ពេល​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ តើ​នាង​ត្រូវ​បាន​ទៅ​ជា​ប្រពន្ធ​របស់​អ្នក​ណា បើ​ប្រាំ‌ពីរ​នាក់​សុទ្ធ​តែ​យក​នាង​ធ្វើ​ជា​ប្រពន្ធ​ដូច្នេះ?»។

24. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​យល់​ខុស​ហើយ ដ្បិត​អ្នក​រាល់​គ្នា​មិន​ស្គាល់​គម្ពីរ ហើយ​មិន​ស្គាល់​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់​ផង។

25. ពេល​មនុស្ស​ស្លាប់ មាន​ជីវិត​រស់​ឡើង​វិញ គេ​មិន​រៀប‌ការ​ប្ដី​ប្រពន្ធ​ទៀត​ឡើយ គឺ​គេ​នឹង​បាន​ដូច​ទេវតា*​នៅ​ស្ថាន​បរម‌សុខ*។

26. លោក​ម៉ូសេ*​បាន​ចែង​អំពី​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ នៅ​ក្នុង​អត្ថ‌បទ​ស្ដី​អំពី​គុម្ព​បន្លា តើ​អ្នក​រាល់​គ្នា​ធ្លាប់​អាន​ឬ​ទេ? ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ថា “យើង​ជា​ព្រះ​របស់​អប្រាហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប”។

27. ព្រះ‌ជាម្ចាស់​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​របស់​មនុស្ស​ដែល​មាន​ជីវិត។ អ្នក​រាល់​គ្នា​យល់​ខុស​ទាំង​ស្រុង​ហើយ!»។

សូមអានជំពូកពេញលេញ ម៉ាកុស 12