គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 11:20-33 Khmer Standard Version (KHSV)

20. ព្រឹក​ឡើង​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ ពួក​សិស្ស​ឃើញ​ដើម​ឧទុម្ពរ*​ក្រៀម​ស្វិត​រហូត​ដល់​ឫស។

21. លោក​ពេត្រុស​នឹក​ឃើញ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូ ក៏​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌គ្រូ! សូម​មើល! ដើម​ឧទុម្ពរ​ដែល​ព្រះ‌គ្រូ​បាន​ដាក់​បណ្ដា‌សា​នោះ ក្រៀម​ស្វិត​ទៅ​ហើយ!»។

22. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​សិស្ស*​ថា៖ «ចូរ​មាន​ជំនឿ​លើ​ព្រះ‌ជាម្ចាស់​ចុះ!។

23. ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​អ្នក​ណា​ម្នាក់​និយាយ​ទៅ​កាន់​ភ្នំ​នេះ​ថា “ចូរ​ចេញ​ពី​ទី​នេះ​ធ្លាក់​ក្នុង​សមុទ្រ​ទៅ!” ហើយ​បើ​អ្នក​នោះ​ជឿ​ជាក់​ក្នុង​ចិត្ត ដោយ​ឥត​សង្ស័យ​ថា​ពាក្យ​របស់​ខ្លួន​នឹង​បាន​សម្រេច នោះ​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឲ្យ​បាន​សម្រេច​តាម​ពាក្យ​គេ​មែន។

24. ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្វី​ក៏​ដោយ ឲ្យ​តែ​អ្នក​រាល់​គ្នា​អធិ‌ស្ឋាន*​សុំ ចូរ​ជឿ​ថា​អ្នក​រាល់​គ្នា​បាន​ទទួល​ហើយ នោះ​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​ជា​ពុំ‌ខាន។

25. ម្យ៉ាង​ទៀត ពេល​ឈរ​អធិស្ឋាន បើ​អ្នក​រាល់​គ្នា​មាន​ទំនាស់​អ្វី​នឹង​នរណា​ម្នាក់ ចូរ​អត់‌ទោស​ឲ្យ​គេ​ទៅ ដើម្បី​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន​បរម‌សុខ*​អត់‌ទោស​ឲ្យ​អ្នក​រាល់​គ្នា»។ [

26. ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​អត់‌ទោស​ឲ្យ​គេ​ទេ ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន​បរម‌សុខ* ក៏​មិន​អត់‌ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ។]

27. ព្រះ‌យេស៊ូ​យាង​ចូល​ទៅ​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​ពួក​សិស្ស*​ម្ដង​ទៀត។ កាល​ព្រះ‌អង្គ​កំពុង​តែ​យាង​ចុះ​យាង​ឡើង​ក្នុង​ព្រះ‌វិហារ* ពួក​នាយក​បូជា‌ចារ្យ និង​ពួក​អាចារ្យ នាំ​គ្នា​មក​ជួប​ព្រះ‌អង្គ។

28. គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​លោក​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​អំណាច​អ្វី? តើ​នរណា​ប្រគល់​អំណាច​ឲ្យ​លោក​ធ្វើ​ការ​ទាំង​នេះ?»។

29. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ខ្ញុំ​សុំ​សួរ​អស់​លោក​នូវ​សំណួរ​មួយ បើ​អស់​លោក​ឆ្លើយ​មក​ខ្ញុំ ខ្ញុំ​នឹង​ប្រាប់​អស់​លោក​វិញ​ថា ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​លើ​អំណាច​អ្វី។

30. សូម​ឆ្លើយ​ប្រាប់​ខ្ញុំ​មើល៍ តើ​នរណា​ចាត់​លោក​យ៉ូហាន​ឲ្យ​មក​ធ្វើ​ពិធី​ជ្រមុជ​ទឹក*? ព្រះ‌ជាម្ចាស់ ឬ​មនុស្ស?»។

31. គេ​ពិគ្រោះ​គ្នា​ថា៖ «បើ​យើង​ឆ្លើយ​ថា ព្រះ‌ជាម្ចាស់​ចាត់​លោក​យ៉ូហាន​ឲ្យ​មក គាត់​មុខ​ជា​សួរ​យើង​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​លោក​យ៉ូហាន?

32. ផ្ទុយ​ទៅ​វិញ បើ​យើង​ឆ្លើយ​ថា​មនុស្ស​ចាត់​លោក​ឲ្យ​មក…» (ពួក​គេ​ខ្លាច​ប្រជា‌ជន ព្រោះ​មនុស្ស​គ្រប់ៗ​គ្នា​ចាត់​ទុក​លោក​យ៉ូហាន​ជា​ព្យាការី​ពិត​ប្រាកដ​មែន)។

33. ដូច្នេះ គេ​ឆ្លើយ​ទៅ​ព្រះ‌យេស៊ូ​ថា៖ «យើង​មិន​ដឹង​ទេ!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​វិញ​ថា៖ «រីឯ​ខ្ញុំ​វិញ ខ្ញុំ​ក៏​មិន​ប្រាប់​អស់​លោក​ថា ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​លើ​អំណាច​អ្វី​ដែរ»។

សូមអានជំពូកពេញលេញ ម៉ាកុស 11