គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 11:1-12 Khmer Standard Version (KHSV)

1. ព្រះ‌យេស៊ូ​យាង​មក​ជា​មួយ​សិស្ស​ជិត​ដល់​ក្រុង​យេរូ‌សាឡឹម​ហើយ។ លុះ​មក​ដល់​ជិត​ភូមិ​បេត‌ផាសេ និង​ភូមិ​បេថា‌នី ដែល​នៅ​ចង្កេះ​ភ្នំ​ដើម​អូលីវ ព្រះ‌អង្គ​ចាត់​សិស្ស​ពីរ​រូប​ឲ្យ​ទៅ​មុន ដោយ​មាន​ព្រះ‌បន្ទូល​ថា៖

2. «ចូរ​ទៅ​ភូមិ​នៅ​មុខ​អ្នក​រាល់​គ្នា ពេល​ទៅ​ដល់​ភ្លាម អ្នក​នឹង​ឃើញ​កូន​លា​មួយ​ដែល​គេ​ចង​ទុក ពុំ​ទាន់​ដែល​មាន​នរណា​ជិះ​នៅ​ឡើយ​ទេ ចូរ​ស្រាយ​វា​ដឹក​មក។

3. ប្រសិន​បើ​មាន​គេ​សួរ​ថា“ហេតុ​អ្វី​បាន​ជា​អ្នក​ស្រាយ​វា” ចូរ​ឆ្លើយ​ប្រាប់​គេ​ថា “ព្រះ‌អម្ចាស់​ត្រូវ​ការ​វា តែ​ព្រះ‌អង្គ​នឹង​ឲ្យ​គេ​ដឹក​មក​វិញ​ភ្លាម​ជា​មិន​ខាន”»។

4. សិស្ស​ទាំង​ពីរ​រូប​ចេញ​ដំណើរ​ទៅ ឃើញ​កូន​លា​មួយ​ដែល​គេ​ចង​ទុក​នៅ​មាត់​ទ្វារ ខាង​ក្រៅ​ផ្ទះ ក្បែរ​ផ្លូវ ហើយ​ក៏​ស្រាយ​វា។

5. មាន​អ្នក​ខ្លះ​នៅ​ទី​នោះ​សួរ​អ្នក​ទាំង​ពីរ​ថា៖ «តើ​អ្នក​ធ្វើ​អ្វី​ហ្នឹង ហេតុ​អ្វី​បាន​ជា​អ្នក​ស្រាយ​កូន​លា​នេះ?»។

6. សិស្ស​ទាំង​ពីរ​ឆ្លើយ​ទៅ​គេ តាម​ពាក្យ​ដែល​ព្រះ‌យេស៊ូ​បាន​បង្គាប់​មក គេ​ក៏​ឲ្យ​ដឹក​ចេញ​ទៅ។

7. សិស្ស​ទាំង​ពីរ​ដឹក​វា​យក​មក​ថ្វាយ​ព្រះ‌យេស៊ូ ហើយ​យក​អាវ​របស់​ខ្លួន​ក្រាល​ពី​លើ​ខ្នង​កូន​លា ព្រះ‌អង្គ​ក៏​ឡើង​គង់​លើ​ខ្នង​កូន​លា​នោះ។

8. មាន​មនុស្ស‌ម្នា​ជា​ច្រើន​នាំ​គ្នា​យក​អាវ​របស់​ខ្លួន​ក្រាល​តាម​ផ្លូវ ហើយ​ខ្លះ​ទៀត​យក​ស្លឹក​ឈើ​ពី​ចម្ការ​មក​រាយ​លើ​ផ្លូវ​ដែរ។

9. អស់​អ្នក​ដែល​ដើរ​ហែ‌ហម​ព្រះ‌យេស៊ូ​ពី​មុខ​ពី​ក្រោយ នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ជយោ! សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​ព្រះ‌អង្គ ដែល​យាង​មក​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់

10. សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​ព្រះ‌រាជ្យ*​ដែល​កំពុង​តែ​មក​ដល់ គឺ​ព្រះ‌រាជ្យ​របស់​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​យើង! ជយោ! ព្រះ‌ជាម្ចាស់​នៅ​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត!»។

11. កាល​ព្រះ‌យេស៊ូ​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម ទ្រង់​ក៏​យាង​ចូល​ក្នុង​ព្រះ‌វិហារ*។ ក្រោយ​ពី​បាន​ទត​មើល​សព្វ​គ្រប់​អស់​ហើយ ព្រះ‌អង្គ​យាង​ទៅ​ភូមិ​បេថា‌នី​ជា​មួយ​សិស្ស​ទាំង​ដប់‌ពីរ​រូប ដ្បិត​ល្ងាច​ណាស់​ហើយ។

12. នៅ​ថ្ងៃ​បន្ទាប់ ព្រះ‌អង្គ​យាង​ចេញ​ពី​ភូមិ​បេថា‌នី ពេល​នោះ ព្រះ‌អង្គ​ឃ្លាន។

សូមអានជំពូកពេញលេញ ម៉ាកុស 11