គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 10:8-21 Khmer Standard Version (KHSV)

8. ហើយ​អ្នក​ទាំង​ពីរ​ត្រឡប់​ទៅ​ជា​រូប​កាយ​តែ​មួយ” គេ​មិន​មែន​ជា​បុគ្គល​ពីរ​នាក់​ទៀត​ទេ គឺ​ជា​រូប​កាយ​តែ​មួយ​វិញ។

9. ដូច្នេះ មនុស្ស​មិន​ត្រូវ​បំបាក់​បំបែក​គូ‌ស្រករ ដែល​ព្រះ‌ជាម្ចាស់​បាន​ផ្សំ​ផ្គុំ​នោះ​ឡើយ»។

10. ពេល​ទៅ​ដល់​ផ្ទះ ពួក​សិស្ស​ទូល​សួរ​ព្រះ‌យេស៊ូ​អំពី​រឿង​នេះ​ម្ដង​ទៀត។

11. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ប្រសិន​បើ​ស្វាមី​ណា​លែង​ភរិយា ហើយ​ទៅ​រៀប‌ការ​នឹង​ស្ត្រី​ម្នាក់​ទៀត ស្វាមី​នោះ​បាន​ផិត​ក្បត់​ភរិយា​របស់​ខ្លួន។

12. រីឯ​ភរិយា​ណា​ដែល​លែង​ស្វាមី ហើយ​ទៅ​រៀប‌ការ​នឹង​បុរស​ម្នាក់​ទៀត ស្ត្រី​នោះ​ក៏​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ»។

13. មាន​មនុស្ស‌ម្នា​នាំ​ក្មេង​តូចៗ​មក​ឲ្យ​ព្រះ‌យេស៊ូ​ដាក់​ព្រះ‌ហស្ដ​លើ​ពួក​វា ប៉ុន្តែ ពួក​សិស្ស*​ស្ដី​បន្ទោស​អ្នក​ទាំង​នោះ។

14. កាល​ព្រះ‌យេស៊ូ​ឃើញ​ដូច្នោះ ព្រះ‌អង្គ​ទាស់​ព្រះ‌ហឫទ័យ​ណាស់ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ទុក​ឲ្យ​ក្មេងៗ​មក​រក​ខ្ញុំ​ចុះ កុំ​ឃាត់​ពួក​វា​ឡើយ ដ្បិត​មាន​តែ​អ្នក​មាន​ចិត្ត​ដូច​ក្មេងៗ​ទាំង​នេះ​ប៉ុណ្ណោះ ដែល​ចូល​ក្នុង​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់​បាន។

15. ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​មិន​ព្រម​ទទួល​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់ ដូច​ក្មេង​តូច​មួយ​ទទួល​ទេ អ្នក​នោះ​មិន​អាច​ចូល​ក្នុង​ព្រះ‌រាជ្យ​ព្រះ‌អង្គ​ឡើយ»។

16. បន្ទាប់​មក ព្រះ‌អង្គ​ឱប​ក្មេង​ទាំង​នោះ រួច​ប្រទាន​ពរ​ឲ្យ​ពួក​វា ដោយ​ដាក់​ព្រះ‌ហស្ដ​ពី​លើ។

17. កាល​ព្រះ‌យេស៊ូ​កំពុង​ចេញ​ដំណើរ​ទៅ មាន​បុរស​ម្នាក់​រត់​មក​ដល់ លុត​ជង្គង់​ចុះ​នៅ​មុខ​ព្រះ‌អង្គ ទូល​ថា៖ «លោក​គ្រូ​ដ៏​សប្បុរស​អើយ! តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី ដើម្បី​ឲ្យ​បាន​ទទួល​ជីវិត​អស់‌កល្ប​ជា‌និច្ច​ទុក​ជា​មត៌ក?»។

18. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ថា ខ្ញុំ​សប្បុរស​ដូច្នេះ? ក្រៅ​ពី​ព្រះ‌ជាម្ចាស់​មួយ​ព្រះ‌អង្គ គ្មាន​នរណា​ម្នាក់​សប្បុរស​ឡើយ។

19. អ្នក​ស្គាល់​បទ‌បញ្ជា​ស្រាប់​ហើយ​ថា “កុំ​សម្លាប់​មនុស្ស កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ កុំ​លួច​ទ្រព្យ​សម្បត្តិ​គេ កុំ​និយាយ​កុហក​ធ្វើ​ឲ្យ​គេ​មាន​ទោស កុំ​កេង‌ប្រវ័ញ្ច​យក​សម្បត្តិ​នរណា​ឲ្យ​សោះ ចូរ​គោរព​មាតា‌បិតា”»។

20. បុរស​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ​អើយ! ខ្ញុំ​បាន​ប្រតិបត្តិ​តាម​បទ‌បញ្ជា*​ទាំង​នេះ តាំង​ពី​ក្មេង​មក»។

21. ព្រះ‌យេស៊ូ​ទត​មើល​ទៅ​គាត់ ហើយ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​គាត់ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ខ្វះ​កិច្ចការ​មួយ​ទៀត​ដែល​អ្នក​មិន​ទាន់​ធ្វើ គឺ​ត្រូវ​អញ្ជើញ​ទៅ​លក់​អ្វីៗ​ដែល​អ្នក​មាន រួច​ចែក​ឲ្យ​ជន​ក្រីក្រ​ទៅ ធ្វើ​ដូច្នេះ ទើប​អ្នក​មាន​សម្បត្តិ​សួគ៌ បន្ទាប់​មក សឹម​អញ្ជើញ​មក​តាម​ខ្ញុំ»។

សូមអានជំពូកពេញលេញ ម៉ាកុស 10