គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 10:31-51 Khmer Standard Version (KHSV)

31. មនុស្ស​ជា​ច្រើន​ដែល​នៅ​ខាង​មុខ នឹង​ត្រឡប់​ទៅ​នៅ​ខាង​ក្រោយ រីឯ​អ្នក​ដែល​នៅ​ខាង​ក្រោយ នឹង​ត្រឡប់​ទៅ​នៅ​ខាង​មុខ​វិញ»។

32. ព្រះ‌យេស៊ូ​យាង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​ពួក​សិស្ស*។ ព្រះ‌អង្គ​យាង​នាំ​មុខ​គេ ពួក​សិស្ស​ភ័យ​ខ្លាច​ជា​ខ្លាំង រីឯ​អស់​អ្នក​ដែល​ដើរ​តាម​ក្រោយ​ក៏​ភិត‌ភ័យ​ដែរ។ ព្រះ‌យេស៊ូ​នាំ​សិស្ស​ទាំង​ដប់‌ពីរ​រូប​មក​ជា​មួយ​ព្រះ‌អង្គ​សា​ជា​ថ្មី រួច​មាន​ព្រះ‌បន្ទូល​អំពី​ហេតុ‌ការណ៍ ដែល​នឹង​កើត​មាន​ដល់​ព្រះ‌អង្គ៖

33. «ឥឡូវ​នេះ យើង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម បុត្រ​មនុស្ស*​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​នាយក​បូជា‌ចារ្យ និង​ពួក​អាចារ្យ។ គេ​នឹង​កាត់​ទោស​ប្រហារ​ជីវិត​លោក ហើយ​បញ្ជូន​លោក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ដទៃ។

34. ពួក​នោះ​នឹង​ចំអក​ឲ្យ​លោក ព្រម​ទាំង​ស្ដោះ​ទឹក​មាត់​ដាក់​លោក​ផង។ គេ​នឹង​វាយ​ធ្វើ​បាប​លោក រួច​ប្រហារ​ជីវិត​លោក។ ប៉ុន្តែ បី​ថ្ងៃ​ក្រោយ​មក លោក​នឹង​រស់​ឡើង​វិញ»។

35. បន្ទាប់​មក លោក​យ៉ាកុប និង​លោក​យ៉ូហាន ជា​កូន​លោក​សេបេ‌ដេ ចូល​មក​គាល់​ព្រះ‌យេស៊ូ​ទូល​ថា៖ «ព្រះ‌គ្រូ! សូម​មេត្តា​យល់​ព្រម​តាម​ពាក្យ​សុំ​របស់​យើង​ខ្ញុំ​ផង»។

36. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «តើ​អ្នក​ទាំង​ពីរ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី?»។

37. គេ​ទូល​ព្រះ‌អង្គ​ថា៖ «ពេល​ព្រះ‌គ្រូ​គ្រង​រាជ្យ​ប្រកប​ដោយ​សិរី‌រុងរឿង​សូម​ប្រទាន​ឲ្យ​យើង​ខ្ញុំ​បាន​អង្គុយ​អម​ព្រះ‌គ្រូ​ផង គឺ​ម្នាក់​នៅ​ខាង​ស្ដាំ ម្នាក់​នៅ​ខាង​ឆ្វេង»។

38. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ទាំង​ពីរ​មិន​ដឹង​ថា​ខ្លួន​សុំ​អ្វី​ឡើយ តើ​អ្នក​អាច​ទទួល​ពែងដែល​ខ្ញុំ​ត្រូវ​ទទួល​នោះ​បាន​ឬ​ទេ? អ្នក​អាច​ទទួល​ពិធី​ជ្រមុជ​ដែល​ខ្ញុំ​ត្រូវ​ទទួល​បាន​ឬ​ទេ?»។

39. គេ​ទូល​ព្រះ‌អង្គ​ថា៖ «យើង​ខ្ញុំ​អាច​ទទួល​បាន»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​នឹង​ទទួល​ពែង​ដែល​ខ្ញុំ​ត្រូវ​ទទួល និង​ទទួល​ពិធី​ជ្រមុជ​ដែល​ខ្ញុំ​ត្រូវ​ទទួល​បាន​មែន

40. ចំណែក​ឯ​អង្គុយ​នៅ​ខាង​ស្ដាំ ឬ​ខាង​ឆ្វេង​ខ្ញុំ ខ្ញុំ​មិន​អាច​សម្រេច​ឡើយ ព្រោះ​កន្លែង​នោះ​បម្រុង​ទុក សម្រាប់​តែ​អ្នក​ដែល​ព្រះ‌ជាម្ចាស់​បាន​សម្រេច​ឲ្យ​ប៉ុណ្ណោះ»។

41. កាល​សិស្ស​ដប់​រូប​ទៀត​បាន​ឮ​ដូច្នោះ គេ​ទាស់​ចិត្ត​នឹង​លោក​យ៉ាកុប និង​លោក​យ៉ូហាន​ជា​ខ្លាំង។

42. ព្រះ‌យេស៊ូ​ត្រាស់​ហៅ​សិស្ស​ទាំង​អស់​មក ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ អ្នក​ដែល​គេ​ចាត់​ទុក​ជា​មេ​គ្រប់‌គ្រង​ស្រុក តែង​ជិះ‌ជាន់​ប្រជា‌រាស្ត្រ​របស់​ខ្លួន រីឯ​អ្នក​ធំ​តែងតែ​ប្រើ​អំណាច​ខ្លួន​លើ​ប្រជា‌រាស្ត្រ។

43. ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មិន​មែន​ដូច្នោះ​ទេ។ ផ្ទុយ​ទៅ​វិញ បើ​មាន​ម្នាក់​ចង់​ធ្វើ​ធំ​ជាង​គេ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​ឲ្យ​អ្នក​នោះ​បម្រើ​អ្នក​រាល់​គ្នា។

44. ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​មាន​ម្នាក់​ចង់​ធ្វើ​មេ​គេ ត្រូវ​ធ្វើ​ជា​ខ្ញុំ​បម្រើ​គេ​គ្រប់​គ្នា​សិន

45. ដ្បិត​បុត្រ​មនុស្ស*​មក​ក្នុង​ពិភព​លោក​នេះ មិន​មែន​ដើម្បី​ឲ្យ​គេ​បម្រើ​លោក​ឡើយ គឺ​លោក​មក​បម្រើ​គេ​វិញ ព្រម​ទាំង​បូជា​ជីវិត ដើម្បី​លោះ​មនុស្ស​ទាំង​អស់​ផង»។

46. ព្រះ‌យេស៊ូ និង​ពួក​សិស្ស​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​យេរីខូ។ កាល​ព្រះ‌អង្គ​យាង​ចេញ​ពី​ទីក្រុង​ជា​មួយ​ពួក​សិស្ស និង​បណ្ដា‌ជន​ដ៏​ច្រើន​កុះ‌ករ មាន​មនុស្ស​ខ្វាក់​ម្នាក់​ឈ្មោះ​បារ‌ទីមេ ជា​កូន​របស់​លោក​ទីមេ អង្គុយ​សុំ​ទាន​នៅ​ក្បែរ​ផ្លូវ។

47. កាល​គាត់​ឮ​ថា​ព្រះ‌យេស៊ូ​ជា​អ្នក​ភូមិ​ណា​សារ៉ែត យាង​តាម​នោះ គាត់​ក៏​ស្រែក​ឡើង​ថា៖ «ឱ​ព្រះ‌យេស៊ូ​ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​ទូលបង្គំ​ផង»។

48. មនុស្ស​ជា​ច្រើន​បាន​គំរាម​គាត់​ឲ្យ​នៅ​ស្ងៀម ប៉ុន្តែ គាត់​ស្រែក​រឹត​តែ​ខ្លាំង​ឡើងៗ​ថា៖ «ឱ​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​ទូលបង្គំ​ផង»។

49. ព្រះ‌យេស៊ូ​ក៏​ឈប់ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «សុំ​ហៅ​គាត់​មក»។ គេ​ហៅ​មនុស្ស​ខ្វាក់​មក ដោយ​ពោល​ថា៖ «កុំ​អស់​សង្ឃឹម​ក្រោក​ឡើង លោក​ហៅ​អ្នក»។

50. គាត់​ក៏​បោះ​អាវ​ធំ​ចោល ស្ទុះ​ក្រោក​ឡើង តម្រង់​ទៅ​រក​ព្រះ‌យេស៊ូ។

51. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ថា៖ «តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី?»។ អ្នក​ខ្វាក់​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌គ្រូ! សូម​ប្រោស​ភ្នែក​ទូលបង្គំ​ឲ្យ​បាន​ភ្លឺ​ផង»។

សូមអានជំពូកពេញលេញ ម៉ាកុស 10