គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 10:23-33 Khmer Standard Version (KHSV)

23. ព្រះ‌យេស៊ូ​ទត​មើល​ជុំ‌វិញ រួច​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «អ្នក​មាន​មិន​ងាយ​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់​បាន​ទេ»។

24. ពួក​សិស្ស​ងឿង‌ឆ្ងល់​នឹង​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ជា​ខ្លាំង។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «កូន​ចៅ​អើយ ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ពិបាក​ចូល​ណាស់!

25. សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល ងាយ​ជាង​អ្នក​មាន​ចូល​ក្នុង​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់​ទៅ​ទៀត»។

26. ពួក​សិស្ស​រឹត​តែ​ឆ្ងល់​ថែម​ទៀត ហើយ​និយាយ​គ្នា​ថា៖ «បើ​ដូច្នេះ តើ​អ្នក​ណា​អាច​ទទួល​ការ​សង្គ្រោះ​បាន?»។

27. ព្រះ‌យេស៊ូ​ទត​មើល​គេ រួច​មាន​ព្រះ‌បន្ទូល​ថា៖ «ការ​នេះ​មនុស្ស​ធ្វើ​ពុំ​កើត​ទេ តែ​ព្រះ‌ជាម្ចាស់​ធ្វើ​កើត ដ្បិត​ព្រះ‌អង្គ​ធ្វើ​គ្រប់​ការ​ទាំង​អស់​បាន»។

28. លោក​ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អង្គ​ទត​ឃើញ​ស្រាប់​ហើយ​ថា យើង​ខ្ញុំ​បាន​លះ‌បង់​ចោល​អ្វីៗ​ទាំង​អស់ ហើយ​យើង​ខ្ញុំ​បាន​មក​តាម​ព្រះ‌អង្គ»។

29. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​លះ‌បង់​ផ្ទះ​សម្បែង បង‌ប្អូន​ប្រុស​ស្រី ឪពុក​ម្ដាយ​កូន ឬ​ស្រែ​ចម្ការ ព្រោះ​តែ​ខ្ញុំ និង​ព្រោះ​តែ​ដំណឹង‌ល្អ*

30. អ្នក​នោះ​នឹង​ទទួល​ក្នុង​ពេល​ឥឡូវ​នេះ​មួយ​ជា​មួយ​រយ គឺ​ផ្ទះ​សម្បែង បង‌ប្អូន​ប្រុស​ស្រី ម្ដាយ​កូន និង​ស្រែ​ចម្ការ ព្រម​ទាំង​ទទួល​ការ​បៀត‌បៀន ហើយ​ក៏​នឹង​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច នៅ​លោក​ខាង​មុខ​ថែម​ទៀត​ផង។

31. មនុស្ស​ជា​ច្រើន​ដែល​នៅ​ខាង​មុខ នឹង​ត្រឡប់​ទៅ​នៅ​ខាង​ក្រោយ រីឯ​អ្នក​ដែល​នៅ​ខាង​ក្រោយ នឹង​ត្រឡប់​ទៅ​នៅ​ខាង​មុខ​វិញ»។

32. ព្រះ‌យេស៊ូ​យាង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​ពួក​សិស្ស*។ ព្រះ‌អង្គ​យាង​នាំ​មុខ​គេ ពួក​សិស្ស​ភ័យ​ខ្លាច​ជា​ខ្លាំង រីឯ​អស់​អ្នក​ដែល​ដើរ​តាម​ក្រោយ​ក៏​ភិត‌ភ័យ​ដែរ។ ព្រះ‌យេស៊ូ​នាំ​សិស្ស​ទាំង​ដប់‌ពីរ​រូប​មក​ជា​មួយ​ព្រះ‌អង្គ​សា​ជា​ថ្មី រួច​មាន​ព្រះ‌បន្ទូល​អំពី​ហេតុ‌ការណ៍ ដែល​នឹង​កើត​មាន​ដល់​ព្រះ‌អង្គ៖

33. «ឥឡូវ​នេះ យើង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម បុត្រ​មនុស្ស*​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​នាយក​បូជា‌ចារ្យ និង​ពួក​អាចារ្យ។ គេ​នឹង​កាត់​ទោស​ប្រហារ​ជីវិត​លោក ហើយ​បញ្ជូន​លោក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ដទៃ។

សូមអានជំពូកពេញលេញ ម៉ាកុស 10