គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 1:1-10 Khmer Standard Version (KHSV)

1. ដំណឹង‌ល្អ*​អំពី​ព្រះ‌យេស៊ូ​គ្រិស្ដ* ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ចាប់​ផ្ដើម​ដូច​ត​ទៅ:

2. ក្នុង​គម្ពីរ​ព្យាការី​អេសាយ​មាន​ចែង​ទុក​មក​ថា៖ «យើង​ចាត់​ទូត​យើង​ឲ្យ​ទៅ​មុន​ព្រះ‌អង្គ ដើម្បី​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះ‌អង្គ។

3. មាន​សំឡេង​បុរស​ម្នាក់​ស្រែក​នៅ​វាល​រហោ‌ស្ថាន ថា: “ចូរ​រៀបចំ​ផ្លូវ​របស់​ព្រះ‌អម្ចាស់ ចូរ​តម្រង់​ផ្លូវ​ថ្វាយ​ព្រះ‌អង្គ”» ។

4. ពេល​នោះ លោក​យ៉ូហាន​មក​ដល់ ស្រប​តាម​បទ​គម្ពីរ​នេះ​មែន ហើយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក*​នៅ​វាល​រហោ‌ស្ថាន។ លោក​ប្រកាស​ឲ្យ​មនុស្ស‌ម្នា​កែ​ប្រែ​ចិត្ត​គំនិត​ដោយ​ទទួល​ពិធី​ជ្រមុជ​ទឹក ដើម្បី​ព្រះ‌ជាម្ចាស់​លើក‌លែង​ទោស​ឲ្យ​រួច​ពី​បាប។

5. អ្នក​ស្រុក​យូដា​ទាំង​អស់ និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល​នាំ​គ្នា​ចេញ​ទៅ​រក​លោក។ គេ​ទទួល​សារ‌ភាព​អំពើ​បាប​របស់​ខ្លួន ហើយ​លោក​ក៏​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​គេ​ក្នុង​ទន្លេ​យ័រដាន់។

6. លោក​យ៉ូហាន​ស្លៀក​សម្លៀក‌បំពាក់​ធ្វើ​ពី​រោម​អូដ្ឋ ពាក់​ខ្សែ​ក្រវាត់​ធ្វើ​ពី​ស្បែក ហើយ​បរិ‌ភោគ​កណ្ដូប និង​ទឹក​ឃ្មុំ។

7. លោក​ប្រកាស​ប្រាប់​បណ្ដា‌ជន​ថា៖ «លោក​ដែល​មាន​កម្លាំង​ខ្លាំង​ជាង​ខ្ញុំ នឹង​មក​តាម​ក្រោយ​ខ្ញុំ។ ខ្ញុំ​មាន​ឋានៈ​ទាប​ណាស់ សូម្បី​តែ​អោន​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​លោក ក៏​មិន​សម​នឹង​ឋានៈ​ដ៏​ខ្ពង់‌ខ្ពស់​របស់​លោក​ផង។

8. ខ្ញុំ​បាន​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ក្នុង​ទឹក រីឯ​លោក​វិញ លោក​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*»។

9. នៅ​គ្រា​នោះ ព្រះ‌យេស៊ូ​យាង​មក​ពី​ភូមិ​ណាសា‌រ៉ែត ក្នុង​ស្រុក​កាលី‌ឡេ។ ព្រះ‌អង្គ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក*​ពី​លោក​យ៉ូហាន ក្នុង​ទន្លេ​យ័រដាន់។

10. ពេល​ព្រះ‌អង្គ​យាង​ឡើង​ពី​ទឹក​មក​ភ្លាម ទ្រង់​ទត​ឃើញ​ផ្ទៃ​មេឃ​រហែក​ជា​ពីរ ហើយ​ព្រះ‌វិញ្ញាណ​យាង​ចុះ​ដូច​សត្វ​ព្រាប មក​សណ្ឋិត​លើ​ព្រះ‌អង្គ។

សូមអានជំពូកពេញលេញ ម៉ាកុស 1