គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ភីលីព 4:5-17 Khmer Standard Version (KHSV)

5. ចូរ​សម្តែង​ឲ្យ​មនុស្ស‌ម្នា​ទាំង​អស់​ស្គាល់​សន្ដាន​ចិត្ត​សប្បុរស​របស់​បង‌ប្អូន ព្រះ‌អម្ចាស់​ជិត​យាង​មក​ដល់​ហើយ។

6. សូម​កុំ​ខ្វល់‌ខ្វាយ​នឹង​អ្វី​ឡើយ ផ្ទុយ​ទៅ​វិញ ក្នុង​គ្រប់​កាលៈ‌ទេសៈ​ទាំង​អស់ ត្រូវ​ទូល​ព្រះ‌ជាម្ចាស់​ឲ្យ​ជ្រាប​ពី​សំណូម​ពរ​របស់​បង‌ប្អូន ដោយ​អធិស្ឋាន* និង​ទូល‌អង្វរ ទាំង​អរ​ព្រះ‌គុណ​ព្រះ‌អង្គ​ផង។

7. ធ្វើ​ដូច្នេះ សេចក្ដី​សុខ‌សាន្ត​របស់​ព្រះ‌ជាម្ចាស់​ដែល​ហួស​ពី​ការ​ស្មាន​របស់​មនុស្ស នឹង​ស្ថិត​ជាប់​ក្នុង​ចិត្ត​គំនិត​បង‌ប្អូន ដែល​រួម​ក្នុង​អង្គ​ព្រះ‌គ្រិស្ដ​យេស៊ូ​មិន​ខាន។

8. ជា​ទី​បញ្ចប់ បង‌ប្អូន​អើយ សូម​បង‌ប្អូន​គិត​តែ​អំពី​អ្វីៗ​ដែល​ពិត ថ្លៃ‌ថ្នូរ សុចរិត បរិសុទ្ធ គួរ​ឲ្យ​ស្រឡាញ់ គួរ​ឲ្យ​គោរព និង​គំនិត​ណា​ដែល​ល្អ​ឥត​ខ្ចោះ គួរ​ឲ្យ​កោត​សរសើរ។

9. សេចក្ដី​ដែល​បង‌ប្អូន​បាន​រៀន បាន​ទទួល និង​បាន​ឮ​ពី​ខ្ញុំ ហើយ​ការ​អ្វី​ដែល​បង‌ប្អូន​បាន​ឃើញ​ខ្ញុំ​ធ្វើ​នោះ ចូរ​បង‌ប្អូន​ប្រព្រឹត្ត​តាម​ទៅ។ ធ្វើ​ដូច្នេះ ព្រះ‌ជាម្ចាស់​ជា​ប្រភព​នៃ​សេចក្ដី​សុខ‌សាន្ត​នឹង​គង់​ជា​មួយ​បង‌ប្អូន​មិន​ខាន។

10. ខ្ញុំ​មាន​អំណរ​ក្នុង​ព្រះ‌អម្ចាស់​យ៉ាង​ខ្លាំង ដោយ​ដឹង​ថា បង‌ប្អូន​បាន​នឹក​គិត​ដល់​ខ្ញុំ​ជា​ថ្មី​ឡើង​វិញ។ កាល​ពី​មុន បង‌ប្អូន​ក៏​បាន​នឹក​គិត​ដល់​ខ្ញុំ​ដែរ តែ​បង‌ប្អូន​គ្មាន​ឱកាស​នឹង​សម្តែង​ទឹក​ចិត្ត​របស់​បង‌ប្អូន​ចំពោះ​ខ្ញុំ។

11. ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​មក​ពី​ខ្ញុំ​ខ្វះ​ខាត​ទេ ដ្បិត​ខ្ញុំ​បាន​រៀន​ឲ្យ​ចេះ​ស្កប់​ចិត្ត ក្នុង​គ្រប់​កាលៈ‌ទេសៈ។

12. ទោះ‌បី​ទ័ល​ក្រ​ក្ដី មាន​បរិបូណ៌​ក្ដី ក៏​ខ្ញុំ​ចេះ​រស់​ដែរ។ ខ្ញុំ​បាន​អប់រំ​ចិត្ត​ក្នុង​គ្រប់​កាលៈ‌ទេសៈ និង​គ្រប់​ទី​កន្លែង គឺ​ថា ទោះ​បី​បរិភោគ​ឆ្អែត​ក្ដី អត់​ឃ្លាន​ក្ដី មាន​បរិបូណ៌​ក្ដី ឬ​ខ្វះ​ខាត​ក្ដី ខ្ញុំ​ស្កប់​ចិត្ត​ជា‌និច្ច។

13. ខ្ញុំ​អាច​ទ្រាំ​បាន​ទាំង​អស់ ដោយ​រួម​ជា​មួយ​ព្រះ‌អង្គ​ដែល​ប្រទាន​កម្លាំង​ឲ្យ​ខ្ញុំ។

14. ទោះ​ជា​យ៉ាង​ណា​ក្ដី បង‌ប្អូន​រួម​ជា​មួយ​ខ្ញុំ​ក្នុង​ពេល​ខ្ញុំ​មាន​ទុក្ខ​វេទនា​ដូច្នេះ ជា​ការ​ប្រសើរ​ណាស់។

15. បង‌ប្អូន​នៅ​ក្រុង​ភីលីព​អើយ បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា តាំង​ពី​ខ្ញុំ​បាន​ចាប់​ផ្ដើម​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ គឺ​តាំង​ពី​ខ្ញុំ​បាន​ចាក​ចេញ​ពី​ស្រុក​ម៉ាសេ‌ដូន​មក​នោះ ក្រៅ​ពី​បង‌ប្អូន គ្មាន​ក្រុម‌ជំនុំ*​ណា​បាន​ជួយ​ខ្ញុំ ក្នុង​ការ​ចំណាយ ឬ​ចំណូល​ឡើយ។

16. កាល​ខ្ញុំ​នៅ​ក្រុង​ថេស្សា‌ឡូនិក បង‌ប្អូន​បាន​ផ្ញើ​ប្រាក់​ទៅ​ជួយ តាម​សេចក្ដី​ត្រូវ​ការ​របស់​ខ្ញុំ​ដល់​ទៅ​ពីរ​បី​លើក។

17. ត្រង់​ណេះ មិន​មែន​មាន​ន័យ​ថា ខ្ញុំ​ប្រាថ្នា​ចង់​បាន​ជំនួយ​ពី​បង‌ប្អូន​ទេ តែ​ខ្ញុំ​ចង់​ឲ្យ​បង‌ប្អូន​បាន​ទទួល​ព្រះ‌ពរដ៏​បរិបូណ៌។

សូមអានជំពូកពេញលេញ ភីលីព 4