គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ភីលីព 2:14-30 Khmer Standard Version (KHSV)

14. ចូរ​ធ្វើ​កិច្ចការ​ទាំង​អស់ ដោយ​ឥត​រអ៊ូ‌រទាំ ឬ​ជជែក​តវ៉ា​ឡើយ

15. ដើម្បី​ឲ្យ​បង‌ប្អូន​បាន​ល្អ​ឥត​ខ្ចោះ ឥត​សៅ‌ហ្មង ជា​បុត្រ​របស់​ព្រះ‌ជាម្ចាស់ ដែល​ឥត​មាន​កំហុស ក្នុង​ចំណោម​មនុស្ស​វៀច‌វេរ និង​ខិល‌ខូច​នៅ​ជំនាន់​នេះ។ បង‌ប្អូន​ភ្លឺ​ក្នុង​ចំណោម​ពួក​គេ ដូច​ពន្លឺ​ដែល​បំភ្លឺ​ពិភព‌លោក

16. ទាំង​នាំ​ព្រះ‌បន្ទូល​ដែល​ផ្ដល់​ជីវិត​មក​ឲ្យ​ពួក​គេ។ បើ​បង‌ប្អូន​ធ្វើ​ដូច្នេះ ខ្ញុំ​នឹង​បាន​ខ្ពស់​មុខ​នៅ​ថ្ងៃ​ព្រះ‌គ្រិស្ដ​យាង​មក ព្រោះ​កិច្ចការ​ដែល​ខ្ញុំ​បាន​ខំ​ប្រឹង​ធ្វើ ទាំង​នឿយ‌ហត់​នោះ មិន​មែន​អសារ​ឥត​ការ​ទេ។

17. ទោះ​បី​ខ្ញុំ​ត្រូវ​បង្ហូរ​ឈាម​ទុក​ជា​សក្ការ‌បូជា​បន្ថែម​ពី​លើ​យញ្ញ‌បូជា និង​ពី​លើ​តង្វាយ​នៃ​ជំនឿ​របស់​បង‌ប្អូន ខ្ញុំ​មាន​អំណរ​សប្បាយ​ពី​ការ​នេះ ហើយ​ខ្ញុំ​ក៏​សប្បាយ​ចិត្ត​រួម​ជា​មួយ​បង‌ប្អូន​ទាំង​អស់​គ្នា​ដែរ។

18. រីឯ​បង‌ប្អូន​វិញ សូម​ឲ្យ​បង‌ប្អូន​មាន​អំណរ ហើយ​សប្បាយ​ចិត្ត​រួម​ជា​មួយ​ខ្ញុំ​ផង។

19. ដោយ​រួម​ជា​មួយ​ព្រះ‌អម្ចាស់​យេស៊ូ ខ្ញុំ​សង្ឃឹម​ថា នឹង​ចាត់​លោក​ធីម៉ូថេ​មក​រក​បង‌ប្អូន ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ធូរ​ស្បើយ​ក្នុង​ចិត្ត ដោយ​ទទួល​ដំណឹង​ពី​បង‌ប្អូន

20. ដ្បិត​ក្រៅ​ពី​គាត់​គ្មាន​នរណា​ជួយ​រំលែក​ទឹក​ចិត្ត​របស់​ខ្ញុំ ហើយ​គ្មាន​នរណា​ខ្វល់‌ខ្វាយ​នឹង​បង‌ប្អូន​ពិត​ប្រាកដ​ទេ។

21. អ្នក​ឯ​ទៀតៗ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទាំង​អស់​គ្នា គេ​មិន​គិត​ពី​ប្រយោជន៍​របស់​ព្រះ‌យេស៊ូ​គ្រិស្ដ​ទេ។

22. បង‌ប្អូន​ជ្រាប​អំពី​ទឹក​ចិត្ត​របស់​គាត់​ស្រាប់​ហើយ​ថា គាត់​ពួត‌ដៃ​ជា​មួយ​ខ្ញុំ​ដូច​កូន​នឹង​ឪពុក ដើម្បី​បម្រើ​ដំណឹង‌ល្អ។

23. ដូច្នេះ ខ្ញុំ​សង្ឃឹម​ថា​នឹង​ចាត់​គាត់​មក​រក​បង‌ប្អូន​ក្នុង​ពេល​ឆាប់ៗ នៅ​ពេល​ណា​រឿង‌រ៉ាវ​ខ្ញុំ​បាន​ជ្រះ‌ស្រឡះ។

24. ដោយ​រួម​ជា​មួយ​ព្រះ‌អម្ចាស់ ខ្ញុំ​ជឿ​ជាក់​ថា ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​មុខ​ជា​មក​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ដែរ។

25. ខ្ញុំ​យល់​ឃើញ​ទៀត​ថា ត្រូវ​តែ​ចាត់​លោក​អេប៉ោ‌ប្រូឌីត ជា​បង‌ប្អូន និង​ជា​សហការី​របស់​ខ្ញុំ ហើយ​ជា​អ្នក​តយុទ្ធ​រួម​ជា​មួយ​ខ្ញុំ ឲ្យ​មក​រក​បង‌ប្អូន​ជា​ចាំ‌បាច់។ បង‌ប្អូន​បាន​ចាត់​គាត់​ឲ្យ​មក​ជួយ​ឧបត្ថម្ភ​ខ្ញុំ​នៅ​ពេល​ខ្ញុំ​ត្រូវ​ការ។

26. គាត់​មាន​បំណង​ចង់​មក​ជួប​បង‌ប្អូន​ទាំង​អស់​គ្នា​ខ្លាំង​ណាស់ ហើយ​គាត់​ក៏​ពិបាក​ចិត្ត ព្រោះ​បង‌ប្អូន​បាន​ទទួល​ដំណឹង​ថា​គាត់​មាន​ជំងឺ។

27. គាត់​ឈឺ​ធ្ងន់ ជិត​ស្លាប់​មែន ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​អាណិត​គាត់ គឺ​ព្រះ‌អង្គ​មិន​ត្រឹម​តែ​អាណិត​គាត់​ប៉ុណ្ណោះ​ទេ ព្រះ‌អង្គ​ក៏​អាណិត​ខ្ញុំ​ដែរ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​មាន​ទុក្ខ​ត្រួត​ពី​លើ​ទុក្ខ។

28. ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ខំ​ខ្នះ‌ខ្នែង​ចាត់​គាត់​ឲ្យ​មក​ជួប​បង‌ប្អូន ដើម្បី​ឲ្យ​បង‌ប្អូន​មាន​អំណរ​សប្បាយ ដោយ​ឃើញ​គាត់​សា​ជា​ថ្មី ហើយ​ឲ្យ​ខ្ញុំ​ផ្ទាល់​ឈប់​ព្រួយ​ចិត្ត។

29. សូម​ទទួល​គាត់​ទុក​ដូច​ជា​បង‌ប្អូន​រួម​ជំនឿ ដោយ​អរ​សប្បាយ​ជា​ទី​បំផុត សូម​គោរព​មនុស្ស​បែប​គាត់​នេះ​ផង

30. ដ្បិត​គាត់​ជិត​បាត់​បង់​ជីវិត ព្រោះ​តែ​កិច្ចការ​របស់​ព្រះ‌គ្រិស្ដ គឺ​គាត់​បាន​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ជួយ​ខ្ញុំ​ជំនួស​បង‌ប្អូន ដែល​ពុំ​អាច​មក​ជួយ​ខ្ញុំ​បាន។

សូមអានជំពូកពេញលេញ ភីលីព 2