គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ភីលីព 1:2-16 Khmer Standard Version (KHSV)

2. សូម​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​របស់​យើង និង​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ដ ប្រទាន​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​ដល់​បង‌ប្អូន។

3. ពេល​ណា​ខ្ញុំ​នឹក​គិត​ដល់​បង‌ប្អូន ខ្ញុំ​តែងតែ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​របស់​ខ្ញុំ​ជា‌និច្ច

4. គឺ​គ្រប់​ពេល ខ្ញុំ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​សម្រាប់​បង‌ប្អូន​ទាំង​អស់​គ្នា ខ្ញុំ​ទូល‌អង្វរ​ដោយ​ចិត្ត​រីក‌រាយ​ជា​ដរាប

5. ព្រោះ​បង‌ប្អូន​រួម​ចំណែក​ក្នុង​ការ​ផ្សាយ​ដំណឹង‌ល្អ តាំង​ពី​ថ្ងៃ​ដំបូង រហូត​មក​ទល់​សព្វ​ថ្ងៃ។

6. ខ្ញុំ​ជឿ​ជាក់​ថា ព្រះ‌អង្គ​ដែល​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ល្អ​នៅ​ក្នុង​បង‌ប្អូន ទ្រង់​ក៏​នឹង​បង្ហើយ​ការ​នេះ​រហូត​ដល់​ថ្ងៃ​ព្រះ‌គ្រិស្ដ​យេស៊ូ​យាង​មក។

7. ខ្ញុំ​មាន​ចិត្ត​គំនិត​បែប​នេះ​ចំពោះ​បង‌ប្អូន​ទាំង​អស់​គ្នា ពិត​ជា​ត្រឹម​ត្រូវ​មែន ព្រោះ​ចិត្ត​ខ្ញុំ​នៅ​ជាប់​ជំពាក់​នឹង​បង‌ប្អូន​ជា‌និច្ច ហើយ​ទោះ‌បី​ខ្ញុំ​នៅ​ជាប់​ឃុំ‌ឃាំង​ក្ដី ឬ​ពេល​ខ្ញុំ​និយាយ និង​ពង្រឹង​ដំណឹង‌ល្អ*​ក្ដី បង‌ប្អូន​ទាំង​អស់​គ្នា​ក៏​បាន​រួម​ចំណែក​ជា​មួយ​ខ្ញុំ​ក្នុង​កិច្ចការ​ដែល​ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោស ឲ្យ​ខ្ញុំ​បំពេញ​នេះ​ដែរ។

8. ព្រះ‌ជាម្ចាស់​ជា​សាក្សី​ស្រាប់​ហើយ​ថា ខ្ញុំ​ស្រឡាញ់​បង‌ប្អូន​ទាំង​អស់​គ្នា​យ៉ាង​ខ្លាំង ដោយ​ចិត្ត​អាណិត​មេត្តា​មក​ពី​ព្រះ‌គ្រិស្ដ‌យេស៊ូ។

9. ខ្ញុំ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ដូច​ត​ទៅ​នេះ គឺ​សូម​ឲ្យ​បង‌ប្អូន​មាន​សេចក្ដី​ស្រឡាញ់​ដ៏​លើស‌លប់​កាន់​តែ​ខ្លាំង​ឡើងៗ ធ្វើ​ឲ្យ​បង‌ប្អូន​ចេះ​ដឹង​ច្បាស់ និង​យល់​សព្វ​គ្រប់​ទាំង​អស់

10. ដើម្បី​ឲ្យ​បង‌ប្អូន​ចេះ​ពិចារណា​មើល​ថា ការ​អ្វី​ប្រសើរ​ជាង​គេ។ ដូច្នេះ នៅ​ថ្ងៃ​ព្រះ‌គ្រិស្ដ​យាង​មក បង‌ប្អូន​នឹង​បាន​បរិសុទ្ធ*​ឥត​មាន​កំហុស​អ្វី​ឡើយ

11. ហើយ​បង‌ប្អូន​នឹង​បាន​ពោរ‌ពេញ​ដោយ​ផល​នៃ​សេចក្ដី​សុចរិត ដែល​មក​ពី​ព្រះ‌យេស៊ូ​គ្រិស្ដ សម្រាប់​លើក​តម្កើង​សិរី‌រុងរឿង និង​កោត​សរសើរ​ព្រះ‌ជាម្ចាស់។

12. បង‌ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​បង‌ប្អូន​ជ្រាប​ថា ហេតុ‌ការណ៍​ដែល​កើត​មាន​ដល់​ខ្ញុំ​នោះ បែរ​ជា​ជួយ​ដំណឹង‌ល្អ​វិញ​ទេ

13. គឺ​នៅ​ក្នុង​សាលា​កាត់​ក្ដី​ទាំង​មូល និង​នៅ​គ្រប់​ទី​កន្លែង​ឯ​ទៀតៗ មនុស្ស‌ម្នា​បាន​ឃើញ​យ៉ាង​ច្បាស់​ថា ខ្ញុំ​ជាប់​ឃុំ‌ឃាំង ព្រោះ​តែ​ព្រះ‌គ្រិស្ដ។

14. ដោយ​ឃើញ​ខ្ញុំ​ជាប់​ឃុំ‌ឃាំង​ដូច្នេះ បង‌ប្អូន​ភាគ​ច្រើន​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ហើយ​រឹត​តែ​មាន​ចិត្ត​ក្លាហាន​ប្រកាស​ព្រះ‌បន្ទូល​ឥត​ភ័យ​ខ្លាច​អ្វី​ឡើយ។

15. មាន​បង‌ប្អូន​ខ្លះ​ប្រកាស​ដំណឹង‌ល្អ​អំពី​ព្រះ‌គ្រិស្ដ ដោយ​ចិត្ត​ច្រណែន‌ឈ្នានីស​ចង់​ប្រណាំង​ប្រជែង តែ​បង‌ប្អូន​ខ្លះ​ទៀត​ប្រកាស​ដោយ​មាន​ឆន្ទៈ​ល្អ

16. បង‌ប្អូន​ទាំង​នេះ​ប្រកាស​ដោយ​ចិត្ត​ស្រឡាញ់ ព្រោះ​ដឹង​ថា​ព្រះ‌អម្ចាស់​បាន​តែង‌តាំង​ខ្ញុំ​ឲ្យ​ការពារ​ដំណឹង‌ល្អ។

សូមអានជំពូកពេញលេញ ភីលីព 1