គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ភីលីព 1:11-21 Khmer Standard Version (KHSV)

11. ហើយ​បង‌ប្អូន​នឹង​បាន​ពោរ‌ពេញ​ដោយ​ផល​នៃ​សេចក្ដី​សុចរិត ដែល​មក​ពី​ព្រះ‌យេស៊ូ​គ្រិស្ដ សម្រាប់​លើក​តម្កើង​សិរី‌រុងរឿង និង​កោត​សរសើរ​ព្រះ‌ជាម្ចាស់។

12. បង‌ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​បង‌ប្អូន​ជ្រាប​ថា ហេតុ‌ការណ៍​ដែល​កើត​មាន​ដល់​ខ្ញុំ​នោះ បែរ​ជា​ជួយ​ដំណឹង‌ល្អ​វិញ​ទេ

13. គឺ​នៅ​ក្នុង​សាលា​កាត់​ក្ដី​ទាំង​មូល និង​នៅ​គ្រប់​ទី​កន្លែង​ឯ​ទៀតៗ មនុស្ស‌ម្នា​បាន​ឃើញ​យ៉ាង​ច្បាស់​ថា ខ្ញុំ​ជាប់​ឃុំ‌ឃាំង ព្រោះ​តែ​ព្រះ‌គ្រិស្ដ។

14. ដោយ​ឃើញ​ខ្ញុំ​ជាប់​ឃុំ‌ឃាំង​ដូច្នេះ បង‌ប្អូន​ភាគ​ច្រើន​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ហើយ​រឹត​តែ​មាន​ចិត្ត​ក្លាហាន​ប្រកាស​ព្រះ‌បន្ទូល​ឥត​ភ័យ​ខ្លាច​អ្វី​ឡើយ។

15. មាន​បង‌ប្អូន​ខ្លះ​ប្រកាស​ដំណឹង‌ល្អ​អំពី​ព្រះ‌គ្រិស្ដ ដោយ​ចិត្ត​ច្រណែន‌ឈ្នានីស​ចង់​ប្រណាំង​ប្រជែង តែ​បង‌ប្អូន​ខ្លះ​ទៀត​ប្រកាស​ដោយ​មាន​ឆន្ទៈ​ល្អ

16. បង‌ប្អូន​ទាំង​នេះ​ប្រកាស​ដោយ​ចិត្ត​ស្រឡាញ់ ព្រោះ​ដឹង​ថា​ព្រះ‌អម្ចាស់​បាន​តែង‌តាំង​ខ្ញុំ​ឲ្យ​ការពារ​ដំណឹង‌ល្អ។

17. រីឯ​អ្នក​ដែល​ផ្សាយ​ដំណឹង​អំពី​ព្រះ‌គ្រិស្ដ ដោយ​គំនិត​ប្រកួត​ចង់​ឈ្នះ​នោះ​វិញ គេ​មាន​គោល​បំណង​មិន​បរិសុទ្ធ*​ទេ គឺ​គេ​ស្មាន​ថា​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​រឹង‌រឹត​តែ​វេទនា​ក្នុង​ទី​ឃុំ‌ឃាំង​ថែម​ទៀត។

18. មិន​ថ្វី​ទេ! ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​គេ​មាន​គំនិត​វៀច‌វេរ​ក្ដី ស្មោះ​សរ​ក្ដី ក៏​គេ​ផ្សាយ​ដំណឹង​អំពី​ព្រះ‌គ្រិស្ដ​ដែរ ខ្ញុំ​សប្បាយ​ចិត្ត​នឹង​ការ​នេះ ហើយ​ខ្ញុំ​នឹង​សប្បាយ​ចិត្ត​ត​ទៅ​មុខ​ទៀត

19. ដ្បិត​ខ្ញុំ​ដឹង​ថា ការ​នេះ​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​ការ​សង្គ្រោះ​ទៅ​វិញ​ទេ ដោយ​បង‌ប្អូន​អង្វរ​ព្រះ‌ជាម្ចាស់​ឲ្យ​ខ្ញុំ ហើយ​ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេស៊ូ​គ្រិស្ដ​ជួយ​ខ្ញុំ​ដែរ។

20. ខ្ញុំ​ទន្ទឹង​រង់‌ចាំ​យ៉ាង​ខ្លាំង​អស់​ពី​ចិត្ត និង​សង្ឃឹម​លើ​ព្រះ‌អង្គ ខ្ញុំ​មិន​ត្រូវ​អាម៉ាស់​មុខ​ត្រង់​ណា​ឡើយ។ ផ្ទុយ​ទៅ​វិញ ពេល​នេះ​ក៏​ដូច​ជា​ពេល​ណា​ទាំង​អស់ ខ្ញុំ​នៅ​តែ​មាន​ចិត្ត​រឹង‌ប៉ឹង ឥត​រង្គើ ទោះ‌បី​ខ្ញុំ​ត្រូវ​រស់ ឬ​ស្លាប់​ក្ដី ខ្ញុំ​នឹង​លើក​តម្កើង​ព្រះ‌គ្រិស្ដ​ក្នុង​រូប​កាយ​ខ្ញុំ។

21. ចំពោះ​ខ្ញុំ បើ​រស់ ខ្ញុំ​រស់​រួម​ជា​មួយ​ព្រះ‌គ្រិស្ដ ហើយ​បើ​ស្លាប់ ខ្ញុំ​ក៏​បាន​ចំណេញ​ដែរ។

សូមអានជំពូកពេញលេញ ភីលីព 1