គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទីតុស 3:1-11 Khmer Standard Version (KHSV)

1. ចូរ​រំឭក​ដាស់‌តឿន​បង‌ប្អូន ឲ្យ​គោរព​ចុះ​ចូល​នឹង​អាជ្ញា‌ធរ ចុះ​ចូល​នឹង​រដ្ឋ​អំណាច ឲ្យ​គេ​ចេះ​ស្ដាប់​បង្គាប់ និង​ប្រុង​ប្រៀប​ប្រព្រឹត្ត​អំពើ​ល្អ​គ្រប់​យ៉ាង។

2. កុំ​ឲ្យ​គេ​និយាយ​អាក្រក់​ពី​នរណា កុំ​ឲ្យ​គេ​បង្ក​រឿង តែ​ឲ្យ​គេ​មាន​ចិត្ត​សប្បុរស និង​បង្ហាញ​ចិត្ត​ស្លូត​បូត​គ្រប់​យ៉ាង ចំពោះ​មនុស្ស​ទាំង​អស់​វិញ។

3. ពី​ដើម យើង​ក៏​ជា​មនុស្ស​ឥត​ដឹង​ខុស​ត្រូវ រឹង​ទទឹង វង្វេង​មាគ៌ា វក់​នឹង​សេចក្ដី​ប៉ង‌ប្រាថ្នា និង​ការ​ស្រើប‌ស្រាល​គ្រប់​បែប​យ៉ាង មាន​ចិត្ត​កំណាច និង​ច្រណែន‌ឈ្នានីស ជា​មនុស្ស​គួរ​ឲ្យ​ស្អប់​ខ្ពើម ព្រម​ទាំង​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ផង។

4. ក៏​ប៉ុន្តែ នៅ​ពេល​ដែល​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌សង្គ្រោះ​នៃ​យើង សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស និង​ព្រះ‌ហឫទ័យ​ស្រឡាញ់​ចំពោះ​មនុស្ស​លោក

5. ព្រះ‌អង្គ​ក៏​បាន​សង្គ្រោះ​យើង តាម​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ គឺ​មិន​មែន​មក​ពី​យើង​បាន​ប្រព្រឹត្ត​អំពើ​សុចរិត​នោះ​ទេ។ ព្រះ‌អង្គ​សង្គ្រោះ​យើង ដោយ​លាង​ជម្រះ​យើង​ឲ្យ​បាន​កើត​ជា​ថ្មី និង​ប្រទាន​ឲ្យ​យើង​មាន​ជីវិត​ថ្មី ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ។

6. ព្រះ‌អង្គ​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​នេះ​មក​លើ​យើង​យ៉ាង​បរិបូណ៌ តាម​រយៈ​ព្រះ‌យេស៊ូ​គ្រិស្ដ ជា​ព្រះ‌សង្គ្រោះ​របស់​យើង

7. ដើម្បី​ឲ្យ​យើង​បាន​សុចរិត*​ដោយ‌សារ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ ហើយ​ឲ្យ​យើង​បាន​ទទួល​ជីវិត​អស់‌កល្ប​ជា‌និច្ច​ជា​មត៌ក តាម​សេចក្ដី​សង្ឃឹម​របស់​យើង។

8. ពាក្យ​នេះ​គួរ​ឲ្យ​ជឿ ខ្ញុំ​ចង់​ឲ្យ​អ្នក​និយាយ​ហើយ​និយាយ​ទៀត បញ្ជាក់​អំពី​សេចក្ដី​ទាំង​នេះ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌ជាម្ចាស់ ខិត‌ខំ​យក​ចិត្ត​ទុក​ដាក់​ប្រព្រឹត្ត​អំពើ​ល្អ។ ការ​នេះ​ហើយ​ដែល​ល្អ​ប្រសើរ និង​មាន​ប្រយោជន៍​ដល់​មនុស្ស​លោក!

9. ចូរ​ចៀស‌វាង​ការ​ជជែក​វែក‌ញែក​ដ៏​លេលា ជជែក​អំពី​បញ្ជី​វង្ស​ត្រកូល ចៀស‌វាង​ទាស់‌ទែង​គ្នា និង​ឈ្លោះ​ប្រកែក​គ្នា​អំពី​ក្រឹត្យ‌វិន័យ* ដ្បិត​ការ​ទាំង​នេះ​ឥត​មាន​ផល​ប្រយោជន៍ ឥត​បាន​ការ​អ្វី​ទាំង​អស់។

10. ចំពោះ​អ្នក​ដែល​បង្ក​ឲ្យ​មាន​ការ​បាក់​បែក​គ្នា ត្រូវ​ព្រមាន​គេ​មួយ​លើក​ជា​ពីរ​លើក ហើយ​បណ្ដេញ​គេ​ឲ្យ​ចេញ​ទៅ

11. ដោយ​ដឹង​ថា ជន​ប្រភេទ​នេះ​ជា​មនុស្ស​ខូច គេ​ប្រព្រឹត្ត​អំពើ​បាប និង​ដាក់​ទោស​ខ្លួន​ឯង។

សូមអានជំពូកពេញលេញ ទីតុស 3