គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទីតុស 2:5-15 Khmer Standard Version (KHSV)

5. ឲ្យ​មាន​ចិត្ត​ធ្ងន់ មាន​ចរិយា​បរិសុទ្ធ យក​ចិត្ត​ទុក​ដាក់​នឹង​កិច្ចការ​ក្នុង​ផ្ទះ​សំបែង មាន​ចិត្ត​ល្អ គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន។ ធ្វើ​ដូច្នេះ គ្មាន​នរណា​អាច​មួល​បង្កាច់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​បាន​ឡើយ។

6. រីឯ​ពួក​យុវជន​វិញ ចូរ​ដាស់‌តឿន​គេ​ឲ្យ​មាន​ចិត្ត​ធ្ងន់​គ្រប់​វិស័យ​ទាំង​អស់។

7. ចូរ​ប្រព្រឹត្ត​អំពើ​ល្អ ធ្វើ​ជា​គំរូ​ដល់​គេ គឺ​បង្រៀន​គេ​យ៉ាង​ស្អាត‌ស្អំ និង​ថ្លៃ‌ថ្នូរ

8. និយាយ​ពាក្យ​សម្ដី​ត្រឹម​ត្រូវ ដែល​រក​រិះគន់​មិន​កើត។ ធ្វើ​ដូច្នេះ ពួក​អ្នក​ប្រឆាំង​នឹង​បាក់​មុខ ព្រោះ​គេ​រក​អ្វី​និយាយ​អាក្រក់​ពី​យើង​មិន​បាន។

9. ចូរ​ប្រាប់​បង‌ប្អូន ដែល​ជា​ខ្ញុំ​បម្រើ ឲ្យ​ស្ដាប់​បង្គាប់​ម្ចាស់​រៀងៗ​ខ្លួន ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់​ត្រូវ​ធ្វើ​ឲ្យ​ម្ចាស់​ពេញ​ចិត្ត មិន​ត្រូវ​ជំទាស់​នឹង​គាត់

10. មិន​ត្រូវ​គៃ‌បន្លំ​យក​អ្វី​ពី​ម្ចាស់​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​សម្តែង​ចិត្ត​ល្អ​ស្មោះ​ត្រង់​ទាំង​ស្រុង​ជា‌និច្ច ដើម្បី​លើក​កិត្តិយស​សេចក្ដី​បង្រៀន​អំពី​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌សង្គ្រោះ​របស់​យើង ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់។

11. ព្រះ‌ជាម្ចាស់​បាន​សម្តែង​ឲ្យ​យើង​ស្គាល់​ព្រះ‌គុណ​ព្រះ‌អង្គ ជា​ព្រះ‌គុណ​ដែល​ផ្ដល់​ការ​សង្គ្រោះ​ដល់​មនុស្ស​ទាំង​អស់

12. ហើយ​អប់រំ​យើង​ឲ្យ​លះ‌បង់​ចិត្ត ដែល​មិន​ចេះ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​ចោល ឲ្យ​លះ‌បង់​សេចក្ដី​ប៉ង‌ប្រាថ្នា​ខាង​លោកីយ៍ ដើម្បី​ឲ្យ​យើង​រស់​នៅ​ក្នុង​លោក​នេះ​ដោយ​មាន​ចិត្ត​ធ្ងន់ សុចរិត* និង​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់

13. ទាំង​ទន្ទឹង​រង់‌ចាំ​សុភមង្គល តាម​សេចក្ដី​សង្ឃឹម​របស់​យើង ហើយ​រង់‌ចាំ​ព្រះ‌យេស៊ូ​គ្រិស្ដ ជា​ព្រះ‌ជាម្ចាស់​ដ៏​ឧត្ដម​បំផុត និង​ជា​ព្រះ‌សង្គ្រោះ​នៃ​យើង យាង​មក​ប្រកប​ដោយ​សិរី‌រុងរឿង។

14. ព្រះ‌អង្គ​បាន​បូជា​ព្រះ‌ជន្ម​របស់​ព្រះ‌អង្គ​ផ្ទាល់​សម្រាប់​យើង ដើម្បី​លោះ​យើង​ឲ្យ​រួច​ផុត​ពី​អំពើ​ទុច្ចរិត​គ្រប់​យ៉ាង និង​ជម្រះ​ប្រជា‌រាស្ត្រ​មួយ​ទុក​សម្រាប់​ព្រះ‌អង្គ​ផ្ទាល់ ជា​ប្រជា‌រាស្ត្រ​ដែល​ខ្នះ‌ខ្នែង​ប្រព្រឹត្ត​អំពើ​ល្អ។

15. អ្នក​ត្រូវ​បង្រៀន​សេចក្ដី​នេះ ទាំង​ដាស់‌តឿន និង​ស្ដី​បន្ទោស ដោយ​ប្រើ​អំណាច​ពេញ​ទី។ កុំ​ឲ្យ​នរណា​មើល‌ងាយ​អ្នក​បាន​ឡើយ។

សូមអានជំពូកពេញលេញ ទីតុស 2