គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កូឡូស 3:7-20 Khmer Standard Version (KHSV)

7. កាល​ពី​ដើម បង‌ប្អូន​ប្រព្រឹត្ត​អំពើ​ទាំង​នោះ ហើយ​ក៏​រស់​នៅ​បែប​ដូច្នោះ​ដែរ។

8. តែ​ឥឡូវ​នេះ សូម​បង‌ប្អូន​បោះ‌បង់​កំហឹង ចិត្ត​ក្ដៅ​ក្រហាយ ចិត្ត​អាក្រក់ ពាក្យ​ជេរ‌ប្រមាថ ពាក្យ​ទ្រគោះ​បោះ‌បោក​ដែល​ចេញ​ពី​មាត់​របស់​បង‌ប្អូន​ចោល​ទៅ។

9. កុំ​និយាយ​កុហក​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ដ្បិត​បង‌ប្អូន​បាន​ដោះ​ជីវិត​ចាស់ និង​ទម្លាប់​អាក្រក់​ទាំង​ប៉ុន្មាន​របស់​ជីវិត​នោះ​ចោល​ហើយ

10. បង‌ប្អូន​ក៏​បាន​ពាក់​ជីវិត​ថ្មី ដែល​កាន់​តែ​ចម្រើន​ថ្មី​ឡើងៗ ឲ្យ​បាន​ដូច​ព្រះ‌ជា‌ម្ចាស់​ដែល​បង្កើត​មនុស្ស​ជា​ថ្មី ដើម្បី​ឲ្យ​បង‌ប្អូន​ស្គាល់​ព្រះ‌អង្គ​យ៉ាង​ច្បាស់។

11. ដូច្នេះ លែង​មាន​សាសន៍​ក្រិក ឬ​សាសន៍ យូដា ពួក​កាត់​ស្បែក* ឬ​មិន​កាត់​ស្បែក មនុស្ស​ព្រៃ ឬ​ពួក​ទមិឡ​ និង​លែង​មាន​អ្នក‌ងារ ឬ​អ្នក‌ជា​ទៀត​ឡើយ ដ្បិត​ព្រះ‌គ្រិស្ដ​បាន​បំពេញ​អ្វីៗ​ទាំង​អស់ ហើយ​ព្រះ‌អង្គ​សណ្ឋិត​នៅ​ក្នុង​មនុស្ស​ទាំង​អស់។

12. ដោយ​ព្រះ‌ជា‌ម្ចាស់​បាន​ជ្រើស‌រើស​បង‌ប្អូន​ធ្វើ​ជា​ប្រជា‌ជន​ដ៏‌វិសុទ្ធ* និង​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អង្គ បង‌ប្អូន​ត្រូវ​តែ​កាន់​ចិត្ត​អាណិត‌មេត្តា ចិត្ត​ល្អ សប្បុរស ចេះ​បន្ទាប​ខ្លួន មាន​ចិត្ត​ស្លូត‌បូត និង​ចិត្ត​ខន្តី អត់‌ធ្មត់។

13. ត្រូវ​ចេះ​ទ្រាំ‌ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ប្រសិន​បើ​បង‌ប្អូន​ណា​ម្នាក់​មាន​រឿង​អ្វី​មួយ​នឹង​ម្នាក់​ទៀត ត្រូវ​តែ​អត់‌ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ព្រះ‌អម្ចាស់​បាន​អត់‌ទោស​ឲ្យ​បង‌ប្អូន​យ៉ាង​ណា ចូរ​អត់‌ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​នោះ​ដែរ។

14. លើស​ពី​នេះ​ទៅ​ទៀត ត្រូវ​មាន​ចិត្ត​ស្រឡាញ់ ដ្បិត​សេចក្ដី​ស្រឡាញ់​ធ្វើ​ឲ្យ​បង‌ប្អូន​រួប‌រួម​គ្នា​ពេញ​លក្ខណៈ​។

15. សូម​ឲ្យ​សេចក្ដី​សុខ‌សាន្ត​របស់​ព្រះ‌គ្រិស្ដ​សោយ​រាជ្យ​នៅ​ក្នុង​ចិត្ត​បង‌ប្អូន ព្រោះ​ព្រះ‌ជា‌ម្ចាស់​បាន​ត្រាស់‌ហៅ​បង‌ប្អូន​ឲ្យ​មក​រួម​គ្នា​ក្នុង​ព្រះ‌កាយ​តែ​មួយ ដើម្បី​ឲ្យ​បង‌ប្អូន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត។ ត្រូវ​អរ​ព្រះ‌គុណ​ព្រះ‌អង្គ​ជា‌និច្ច។

16. សូម​ព្រះ‌បន្ទូល​របស់​ព្រះ‌គ្រិស្ដ សណ្ឋិត​នៅ​ក្នុង​បង‌ប្អូន​ឲ្យ​បាន​បរិបូណ៌។ ចូរ​ប្រៀន‌ប្រដៅ និង​ដាស់‌តឿន​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ប្រាជ្ញា​គ្រប់​យ៉ាង។ ចូរ​ច្រៀង​អរ​ព្រះ‌គុណ​ព្រះ‌ជា‌ម្ចាស់​ក្នុង​ចិត្ត ដោយ​ប្រើ​ទំនុក‌តម្កើង បទ​សរសើរ និង​បទ​ចម្រៀង​មក​ពី​ព្រះ‌វិញ្ញាណ។

17. ការ​អ្វី​ក៏​ដោយ​ដែល​បង‌ប្អូន​ធ្វើ ទោះ​ជា​ពាក្យ​សម្ដី ឬ​កាយ‌វិការ​ក្តី ត្រូវ​ធ្វើ​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូ​ទាំង​អស់ ទាំង​អរ​ព្រះ‌គុណ​ព្រះ‌ជា‌ម្ចាស់​ជា​ព្រះ‌បិតា តាម​រយៈ​ព្រះ‌អង្គ​ផង។

18. បង‌ប្អូន​ជា​ស្ត្រី​ដែល​មាន​ស្វាមី​អើយ ត្រូវ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន ឲ្យ​បាន​ស្រប​តាម​របៀប​អ្នក​ជឿ​លើ​ព្រះ‌អម្ចាស់។

19. បង‌ប្អូន​ដែល​មាន​ភរិយា​អើយ ត្រូវ​ស្រឡាញ់​ភរិយា​របស់​ខ្លួន ហើយ​មិន​ត្រូវ​មួម៉ៅ​ដាក់​នាង​ឡើយ។

20. កុមា‌រា‌កុមា‌រី​អើយ ចូរ​ស្ដាប់​បង្គាប់​មាតា‌បិតា​ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់ ធ្វើ​ដូច្នេះ ទើប​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

សូមអានជំពូកពេញលេញ កូឡូស 3