6. ដូច្នេះ បើបងប្អូនបានទទួលព្រះគ្រិស្ដយេស៊ូ ទុកជាព្រះអម្ចាស់យ៉ាងណាហើយ ចូររស់នៅរួមជាមួយព្រះអង្គយ៉ាងនោះតទៅទៀតទៅ។
7. ចូរចាក់ឫស និងកសាងជីវិតលើព្រះអង្គ ចូររក្សាជំនឿឲ្យបានរឹងប៉ឹង ស្របតាមសេចក្ដីប្រៀនប្រដៅដែលបងប្អូនបានទទួល ហើយត្រូវអរព្រះគុណព្រះជាម្ចាស់ឲ្យបានច្រើនលើសលប់។
8. ចូរប្រុងប្រយ័ត្ន កុំឲ្យនរណាម្នាក់មកទាក់ទាញបងប្អូនបាន ដោយប្រើទស្សនវិជ្ជា ឬប្រើពាក្យបោកបញ្ឆោតឥតខ្លឹមសារ ស្របតាមសេចក្ដីប្រៀនប្រដៅរបស់មនុស្សតៗគ្នាមក និងស្របតាមអ្វីៗជាអរូបដែលមានឥទ្ធិពលលើលោកីយ៍ គឺមិនស្របតាមព្រះគ្រិស្ដទេ
9. ដ្បិតគ្រប់លក្ខណសម្បត្តិរបស់ព្រះជាម្ចាស់ ស្ថិតនៅយ៉ាងពោរពេញក្នុងរូបកាយព្រះគ្រិស្ដ។
10. រីឯបងប្អូនក៏បានពោរពេញដូច្នោះដែរ ដោយរួមក្នុងអង្គព្រះគ្រិស្ដ ដែលជាម្ចាស់លើវត្ថុស័ក្ដិសិទ្ធិ និងលើអ្វីៗទាំងអស់ដែលមានអំណាច។
11. ក្នុងអង្គព្រះគ្រិស្ដ បងប្អូនក៏បានទទួលពិធីកាត់ស្បែក*ដែរ តែមិនមែនដោយដៃមនុស្សទេ។ គឺបងប្អូនបានទទួលពិធីកាត់ស្បែកតាមរបៀបព្រះគ្រិស្ដ ដោយដោះរូបកាយដែលជាប់និស្ស័យលោកីយ៍នេះចេញ។
12. ពេលបងប្អូនទទួលពិធីជ្រមុជទឹក* បងប្អូនត្រូវកប់ក្នុងផ្នូររួមជាមួយព្រះគ្រិស្ដហើយ ដោយបងប្អូនរួមក្នុងអង្គព្រះគ្រិស្ដ បងប្អូនក៏មានជីវិតរស់ឡើងវិញរួមជាមួយព្រះអង្គដែរ ព្រោះបងប្អូនមានជំនឿលើឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដែលបានប្រោសព្រះគ្រិស្ដឲ្យមានព្រះជន្មរស់ឡើងវិញ។
13. ពីដើម បងប្អូនបានស្លាប់មកពីកំហុសរបស់បងប្អូន និងមកពីបងប្អូនពុំបានទទួលពិធីកាត់ស្បែកខាងរូបកាយមែន តែឥឡូវនេះ ព្រះជាម្ចាស់បានប្រោសឲ្យបងប្អូនមានជីវិតរួមជាមួយព្រះគ្រិស្ដ។ព្រះអង្គបានលើកលែងទោសទាំងប៉ុន្មានរបស់យើង។
14. ព្រះអង្គបានលុបបញ្ជីដែលចោទប្រកាន់ទាស់នឹងយើងតាមវិន័យនោះចោល។ព្រះអង្គបានដកបញ្ជីនេះចេញដោយយកទៅបោះភ្ជាប់នឹងឈើឆ្កាង។
15. ព្រះអង្គបានដកឫទ្ធិចេញពីវត្ថុស័ក្ដិសិទ្ធិនិងពីអ្វីៗដែលមានអំណាចគឺព្រះអង្គបានបំបាក់មុខពួកវាជាសាធារណៈទាំងនាំវាទៅជាឈ្លើយក្នុងពេលហែក្បួនជ័យជំនះរបស់ព្រះអង្គ។