គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កូឡូស 2:5-12 Khmer Standard Version (KHSV)

5. ថ្វី‌ដ្បិត​តែ​រូប​កាយ​ខ្ញុំ​នៅ​ឆ្ងាយ​ពី​បង‌ប្អូន តែ​ចិត្ត​ខ្ញុំ​​នៅ​ជាប់​ជា​មួយ​បង‌ប្អូន ហើយ​ខ្ញុំ​ក៏​មាន​អំណរ​ដោយ​ឃើញ​បង‌ប្អូន​មាន​សណ្ដាប់‌ធ្នាប់ និង​មាន​ជំនឿ​មាំ‌មួន​លើ​ព្រះ‌គ្រិស្ដ។

6. ដូច្នេះ បើ​បង‌ប្អូន​បាន​ទទួល​ព្រះ‌គ្រិស្ដ‌យេស៊ូ ទុក​ជា​ព្រះ‌អម្ចាស់​យ៉ាង​ណា​ហើយ ចូរ​រស់​នៅ​រួម​ជា​មួយ​ព្រះ‌អង្គ​យ៉ាង​នោះ​ត​ទៅ​ទៀត​ទៅ។

7. ចូរ​ចាក់​ឫស និង​កសាង​ជីវិត​លើ​ព្រះ‌អង្គ ចូរ​រក្សា​ជំនឿ​ឲ្យ​បាន​រឹង‌ប៉ឹង ស្រប​តាម​សេចក្ដី​ប្រៀន‌ប្រដៅ​ដែល​បង‌ប្អូន​បាន​ទទួល ហើយ​ត្រូវ​អរ​ព្រះ‌គុណ​ព្រះ‌ជា‌ម្ចាស់​ឲ្យ​បាន​ច្រើន​លើស‌លប់។

8. ចូរ​ប្រុង‌ប្រយ័ត្ន កុំ​ឲ្យ​នរណា​ម្នាក់​មក​ទាក់‌ទាញ​បង‌ប្អូន​បាន ដោយ​ប្រើ​ទស្សន‌វិជ្ជា ឬ​ប្រើ​ពាក្យ​បោក‌បញ្ឆោត​ឥត​ខ្លឹមសារ ស្រប​តាម​សេចក្ដី​ប្រៀន‌ប្រដៅ​របស់​មនុស្ស​តៗ​គ្នា​មក និង​ស្រប​តាម​អ្វីៗ​ជា​អរូប​ដែល​មាន​ឥទ្ធិ‌ពល​លើ​លោកីយ៍​ គឺ​មិន​ស្រប​តាម​ព្រះ‌គ្រិស្ដ​ទេ

9. ដ្បិត​គ្រប់​លក្ខណ‌សម្បត្តិ​របស់​ព្រះ‌ជា‌ម្ចាស់ ស្ថិត​នៅ​យ៉ាង​ពោរ‌ពេញ​ក្នុង​រូប​កាយ​ព្រះ‌គ្រិស្ដ។

10. រីឯ​បង‌ប្អូន​ក៏​បាន​ពោរ‌ពេញ​ដូច្នោះ​ដែរ ដោយ​រួម​ក្នុង​អង្គ​ព្រះ‌គ្រិស្ដ ដែល​ជា​ម្ចាស់​លើ​វត្ថុ​ស័ក្ដិ‌សិទ្ធិ និង​លើ​អ្វីៗ​ទាំង​អស់​ដែល​មាន​អំណាច។

11. ក្នុង​អង្គ​ព្រះ‌គ្រិស្ដ បង‌ប្អូន​ក៏​បាន​ទទួល​ពិធី​កាត់​ស្បែក*​ដែរ តែ​មិន​មែន​ដោយ​ដៃ​មនុស្ស​ទេ។ គឺ​បង‌ប្អូន​បាន​ទទួល​ពិធី​កាត់​ស្បែក​តាម​របៀប​ព្រះ‌គ្រិស្ដ ដោយ​ដោះ​រូប​កាយ​ដែល​ជាប់​និស្ស័យ​លោកីយ៍​នេះ​ចេញ។

12. ពេល​បង‌ប្អូន​ទទួល​ពិធី​ជ្រមុជ​ទឹក* បង‌ប្អូន​ត្រូវ​កប់​ក្នុង​ផ្នូរ​រួម​ជា​មួយ​ព្រះ‌គ្រិស្ដ​ហើយ ដោយ​បង‌ប្អូន​រួម​ក្នុង​អង្គ​ព្រះ‌គ្រិស្ដ បង‌ប្អូន​ក៏​មាន​ជីវិត​រស់​ឡើង​វិញ​រួម​ជា​មួយ​ព្រះ‌អង្គ​ដែរ ព្រោះ​បង‌ប្អូន​មាន​ជំនឿ​លើ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់ ដែល​បាន​ប្រោស​ព្រះ‌គ្រិស្ដ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។

សូមអានជំពូកពេញលេញ កូឡូស 2