គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កូឡូស 2:10-23 Khmer Standard Version (KHSV)

10. រីឯ​បង‌ប្អូន​ក៏​បាន​ពោរ‌ពេញ​ដូច្នោះ​ដែរ ដោយ​រួម​ក្នុង​អង្គ​ព្រះ‌គ្រិស្ដ ដែល​ជា​ម្ចាស់​លើ​វត្ថុ​ស័ក្ដិ‌សិទ្ធិ និង​លើ​អ្វីៗ​ទាំង​អស់​ដែល​មាន​អំណាច។

11. ក្នុង​អង្គ​ព្រះ‌គ្រិស្ដ បង‌ប្អូន​ក៏​បាន​ទទួល​ពិធី​កាត់​ស្បែក*​ដែរ តែ​មិន​មែន​ដោយ​ដៃ​មនុស្ស​ទេ។ គឺ​បង‌ប្អូន​បាន​ទទួល​ពិធី​កាត់​ស្បែក​តាម​របៀប​ព្រះ‌គ្រិស្ដ ដោយ​ដោះ​រូប​កាយ​ដែល​ជាប់​និស្ស័យ​លោកីយ៍​នេះ​ចេញ។

12. ពេល​បង‌ប្អូន​ទទួល​ពិធី​ជ្រមុជ​ទឹក* បង‌ប្អូន​ត្រូវ​កប់​ក្នុង​ផ្នូរ​រួម​ជា​មួយ​ព្រះ‌គ្រិស្ដ​ហើយ ដោយ​បង‌ប្អូន​រួម​ក្នុង​អង្គ​ព្រះ‌គ្រិស្ដ បង‌ប្អូន​ក៏​មាន​ជីវិត​រស់​ឡើង​វិញ​រួម​ជា​មួយ​ព្រះ‌អង្គ​ដែរ ព្រោះ​បង‌ប្អូន​មាន​ជំនឿ​លើ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់ ដែល​បាន​ប្រោស​ព្រះ‌គ្រិស្ដ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។

13. ពី​ដើម បង‌ប្អូន​បាន​ស្លាប់​មក​ពី​កំហុស​របស់​បង‌ប្អូន និង​មក​ពី​បង‌ប្អូន​ពុំ​បាន​ទទួល​ពិធី​កាត់​ស្បែក​ខាង​រូប​កាយ​មែន តែ​ឥឡូវ​នេះ ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​បង‌ប្អូន​មាន​ជីវិត​រួម​ជា​មួយ​ព្រះ‌គ្រិស្ដ។ព្រះ‌អង្គ​បាន​លើក‌លែង​ទោស​ទាំង​ប៉ុន្មានរបស់​យើង។

14. ព្រះ‌អង្គ​បាន​លុប​បញ្ជី​ដែល​ចោទ​ប្រកាន់​ទាស់នឹង​យើង​​តាម​វិន័យ​នោះ​ចោល។ព្រះ‌អង្គ​បាន​ដក​បញ្ជី​នេះ​ចេញដោយ​យក​ទៅ​បោះ​ភ្ជាប់​នឹង​ឈើ‌ឆ្កាង។

15. ព្រះ‌អង្គ​បាន​ដក​ឫទ្ធិ​ចេញ​ពី​វត្ថុ​ស័ក្ដិ‌សិទ្ធិនិង​ពី​អ្វីៗ​ដែល​មាន​អំណាចគឺ​ព្រះ‌អង្គ​បាន​បំបាក់​មុខ​ពួក​វា​ជា​សាធារណៈទាំង​នាំ​វា​ទៅ​ជា​ឈ្លើយក្នុង​ពេល​ហែ​ក្បួន​ជ័យ‌ជំនះ​របស់​ព្រះ‌អង្គ​។

16. ហេតុ​នេះ មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ថ្កោល​ទោស​បង‌ប្អូន​អំពី​រឿង​ចំណី​អាហារ ភេសជ្ជៈ ឬ​អំពី​រឿង​បុណ្យ​ទាន បុណ្យ​ចូល​ខែ និង​ថ្ងៃ​សប្ប័ទ*​នោះ​ឡើយ។

17. ការ​ទាំង​អស់​នេះ​គ្រាន់​តែ​ជា​ស្រមោល​នៃ​អ្វីៗ​ដែល​នឹង​កើត​មាន​នៅ​អនាគត‌កាល​ប៉ុណ្ណោះ រីឯ​អ្វីៗ​ដែល​ពិត​វិញ គឺ​ព្រះ‌គ្រិស្ដ។

18. មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​មក​បង្វែរ​បង‌ប្អូន​ចេញ​ពី​រង្វាន់​ដែល​បង‌ប្អូន​ត្រូវ​ទទួល ដោយ​ធ្វើ​ឫក​ជា​ដាក់​ខ្លួន ឬ​គោរព​ទេវតា*​នោះ​ឡើយ។ ជន​បែប​នេះ​តែង​យក​ការ​និមិត្ត​ឃើញ​របស់​ខ្លួន​មក​ធ្វើ​ជា​ទី​សំអាង ហើយ​គេ​អួត​បំប៉ោង​ឥត​បាន​ការ​តាម​គំនិត​លោកីយ៍។

19. គេ​មិន​នៅ​ជាប់​ជា​មួយ​ព្រះ‌គ្រិស្ដ​ជា​ព្រះ‌សិរសា​ទេ គឺ​ព្រះ‌សិរសា​នេះ​ហើយ ដែល​ផ្គត់‌ផ្គង់​ឲ្យ​ព្រះ‌កាយ​ទាំង​មូល​ត‌ភ្ជាប់​គ្នា​ដោយ​សន្លាក់​ឆ្អឹង និង​សរសៃ ព្រម​ទាំង​ចម្រើន​ឡើង តាម​តែ​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ។

20. បង‌ប្អូន​បាន​ស្លាប់​រួម​ជា​មួយ​ព្រះ‌គ្រិស្ដ ហើយ​ក៏​រួច​ពី​អ្វីៗ​ជា​អរូប​ដែល​មាន​ឥទ្ធិ‌ពល​ក្នុង​លោកីយ៍​ដែរ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​បង‌ប្អូន​នៅ​តែ​ធ្វើ​តាម​ក្បួន​តម្រា​ផ្សេងៗ​ហាក់​បី​ដូច​ជា​បង‌ប្អូន​នៅ​តែ​ពឹង​ផ្អែក​លើ​លោកីយ៍​នេះ​ទៀត?

21. «កុំ​យក! កុំ​ភ្លក់! កុំ​ប៉ះ‌ពាល់!»

22. បញ្ញត្តិ​ទាំង​នេះ​សុទ្ធ​តែ​ជា​បទ‌បញ្ជា និង​សេចក្ដី​ប្រៀន‌ប្រដៅ​របស់​មនុស្ស​លោក ជាប់​ទាក់ទង​នឹង​អ្វីៗ​ដែល​ត្រូវ​រលួយ ដោយ​ការ​ប្រើ‌ប្រាស់។

23. សេចក្ដី​ក្នុង​បញ្ញត្តិ​ទាំង​នេះ​ទំនង​ដូច​ជា​មាន​ប្រាជ្ញា គឺ​ឲ្យ​គោរព​ថ្វាយ‌បង្គំ​ដោយ​ស្ម័គ្រ‌ចិត្ត ឲ្យ​ដាក់​ខ្លួន និង​លត់‌ដំ​ខ្លួន​ជា​ដើម តែ​តាម​ពិត គ្មាន​តម្លៃ​អ្វី​សោះ បាន​ត្រឹម​តែ​បំពេញ​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​និស្ស័យ​លោកីយ៍​ប៉ុណ្ណោះ។

សូមអានជំពូកពេញលេញ កូឡូស 2