គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កូឡូស 1:6-14 Khmer Standard Version (KHSV)

6. ដែល​បាន​មក​ដល់​បង‌ប្អូន។ ចាប់​តាំង​ពី​ថ្ងៃ​ដែល​បង‌ប្អូន​បាន​ទទួល និង​បាន​ស្គាល់​ព្រះ‌គុណ​របស់​ព្រះ‌ជា‌ម្ចាស់ ស្រប​តាម​សេចក្ដី​ពិត​នោះ​មក ដំណឹង‌ល្អ​នេះ​បាន​បង្កើត​ផល និង​ចម្រើន​ឡើង​ក្នុង​ចំណោម​បង‌ប្អូន ដូច​នៅ​ក្នុង​ពិភព​លោក​ទាំង​មូល​ដែរ។

7. បង‌ប្អូន​បាន​ទទួល​ការ​អប់រំ​នេះ​ពី​សំណាក់​លោក​អេប៉ា‌ប្រាស​ដ៏​ជា​ទី​ស្រឡាញ់ ដែល​រួម​ការ‌ងារ​ជា​មួយ​យើង។ គាត់​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ‌គ្រិស្ដ​សម្រាប់​បង‌ប្អូន។

8. គាត់​បាន​ប្រាប់​ឲ្យ​យើង​ដឹង​ច្បាស់​អំពី​សេចក្ដី​ស្រឡាញ់ ដែល​ព្រះ‌វិញ្ញាណ​ប្រទាន​មក​បង‌ប្អូន។

9. ហេតុ​នេះ ចំពោះ​យើង តាំង​ពី​យើង​ឮ​ដំណឹង​ពី​បង‌ប្អូន យើង​ចេះ​តែ​អធិ‌ស្ឋាន និង​ទូល‌អង្វរ​ព្រះ‌ជា‌ម្ចាស់​ឲ្យ​បង‌ប្អូន ឥត​ឈប់​ឈរ​ឡើយ ដើម្បី​ឲ្យ​បង‌ប្អូន​ស្គាល់​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ​យ៉ាង​ច្បាស់ ដោយ​មាន​គ្រប់​ប្រាជ្ញា និង​តម្រិះ​ដែល​មក​ពី​ព្រះ‌វិញ្ញាណ។

10. សូម​ឲ្យ​បង‌ប្អូន​រស់​នៅ​បាន​សមរម្យ​នឹង​ព្រះ‌អម្ចាស់ ដើម្បី​ឲ្យ​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​ក្នុង​គ្រប់​វិស័យ​ទាំង​អស់។ ដូច្នេះ បង‌ប្អូន​នឹង​បង្កើត​ផល​ផ្លែ​ក្នុង​គ្រប់​អំពើ​ល្អ​ដែល​បង‌ប្អូន​ធ្វើ ហើយ​បង‌ប្អូន​នឹង​ស្គាល់​ព្រះ‌ជា‌ម្ចាស់​កាន់​តែ​ច្បាស់​ឡើងៗ។

11. សូម​ឲ្យ​បង‌ប្អូន​មាន​កម្លាំង​មាំ‌មួន​គ្រប់​ចំពូក ដោយ​ព្រះ‌ចេស្ដា​ដ៏​រុងរឿង​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​បង‌ប្អូន​អាច​ស៊ូ‌ទ្រាំ​នឹង​អ្វីៗ​ទាំង​អស់ និង​ចេះ​អត់‌ធ្មត់​ទៀត​ផង។

12. ចូរ​អរ​ព្រះ‌គុណ​ព្រះ‌បិតា ដោយ​ចិត្ត​រីក‌រាយ ព្រោះ​ព្រះ‌អង្គ​បាន​ប្រោស​ប្រទាន​ឲ្យ​បង‌ប្អូន មាន​សមត្ថ‌ភាព​អាច​ទទួល​ចំណែក​មត៌ក រួម​ជា​មួយ​ប្រជា‌ជន​ដ៏‌វិសុទ្ធ*​នៅ​ក្នុង​ពន្លឺ។

13. ព្រះ‌អង្គ​បាន​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​អំណាច​នៃ​សេចក្ដី​ងងឹត ហើយ​ចម្លង​យើង​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​នៃ​ព្រះ‌បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អង្គ។

14. ដោយ​យើង​រួម​ក្នុង​អង្គ​ព្រះ‌បុត្រា ព្រះ‌អង្គ​បាន​លោះ​យើង និង​លើក‌លែង​ទោស​យើង​ឲ្យ​រួច​ពី​បាប។

សូមអានជំពូកពេញលេញ កូឡូស 1