គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កូឡូស 1:20-28 Khmer Standard Version (KHSV)

20. ព្រះ‌ជា‌ម្ចាស់​បាន​សម្រុះ‌សម្រួល​អ្វីៗ​ទាំង​អស់នៅ​លើ​ផែន‌ដី និង​នៅ​ស្ថាន​បរម‌សុខឲ្យ​ជា​នា​នឹង​ព្រះ‌អង្គ​វិញដោយ‌សារ​ព្រះ‌គ្រិស្ដ និង​សម្រាប់​ព្រះ‌គ្រិស្ដគឺ​ព្រះ‌ជា‌ម្ចាស់​បាន​ធ្វើ​ឲ្យ​មាន​សន្តិ‌ភាពដោយ​ព្រះ‌បុត្រា​បង្ហូរ​ព្រះ‌លោហិតនៅ​លើ​ឈើ​ឆ្កាង។

21. ចំពោះ​បង‌ប្អូន​វិញ ពី​ដើម បង‌ប្អូន​នៅ​ខាង​ក្រៅ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ជា‌ម្ចាស់ ហើយ​ជា​សត្រូវ​នឹង​ព្រះ‌អង្គ ព្រោះ​តែ​គំនិត និង​អំពើ​អាក្រក់​របស់​បង‌ប្អូន។

22. តែ​ឥឡូវ​នេះ ព្រះ‌អង្គ​បាន​សម្រុះ‌សម្រួល​បង‌ប្អូន​ឲ្យ​ជា‌នា​នឹង​ព្រះ‌អង្គ​វិញ ដោយ​ព្រះ‌បុត្រា ដែល​កើត​មក​ជា​មនុស្ស​បាន​សោយ​ទិវង្គត ដើម្បី​ឲ្យ​បង‌ប្អូន​បាន​វិសុទ្ធ*​ឥត​សៅ‌ហ្មង ឥត​កំហុស និង​អាច​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ។

23. ក៏​ប៉ុន្តែ បង‌ប្អូន​ត្រូវ​តែ​កាន់​ជំនឿ​ឲ្យ​បាន​រឹង‌ប៉ឹង​ខ្ជាប់ខ្ជួន ដើម្បី​កុំ​ឲ្យ​ឃ្លាត​ចាក​ពី​សេចក្ដី​សង្ឃឹម​ដែល​បង‌ប្អូន​មាន តាំង​ពី​បាន​ឮ​ដំណឹង‌ល្អ*​មក​នោះ គឺ​ជា​ដំណឹង‌ល្អ​ដែល​គេ​បាន​ប្រកាស​ដល់​មនុស្ស​លោក​ទាំង​អស់​នៅ​ក្រោម​មេឃ ហើយ​ខ្ញុំ​ប៉ូល បាន​ទទួល​មុខ‌ងារ​បម្រើ​ដំណឹង‌ល្អ​នេះ​ដែរ។

24. ឥឡូវ​នេះ ខ្ញុំ​មាន​អំណរ​ដោយ​រង​ទុក្ខ​លំបាក​សម្រាប់​បង‌ប្អូន ព្រោះ​ខ្ញុំ​រង​ទុក្ខ​លំបាក​ក្នុង​រូប​កាយ​ដូច្នេះ ដើម្បី​ជួយ​បំពេញ​ទុក្ខ​លំបាក​របស់​ព្រះ‌គ្រិស្ដ សម្រាប់​ព្រះ‌កាយ​របស់​ព្រះ‌អង្គ ដែល​ជា​ក្រុម‌ជំនុំ*។

25. ខ្ញុំ​បាន​ទទួល​មុខ‌ងារ​បម្រើ​ក្រុម‌ជំនុំ​នេះ តាម​ការ​ចាត់​ចែង​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ផ្ទុក‌ផ្ដាក់​ឲ្យ​ខ្ញុំ​ធ្វើ គឺ​ណែ‌នាំ​បង‌ប្អូន​ឲ្យ​ស្គាល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​បាន​សព្វ​គ្រប់។

26. នេះ​ហើយ​ជា​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​លាក់​ទុក តាំង​ពី​យូរ​អង្វែង​ត​រៀង​មក មិន​ឲ្យ​មនុស្ស​ជំនាន់​មុនៗ​ស្គាល់​ឡើយ តែ​ឥឡូវ​នេះ ព្រះ‌អង្គ​បាន​បង្ហាញ​ឲ្យ​ប្រជា‌ជន​ដ៏‌វិសុទ្ធ*​របស់​ព្រះ‌អង្គ​ស្គាល់។

27. ព្រះ‌ជា‌ម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ប្រជា‌ជន​ដ៏‌វិសុទ្ធ​នេះ ស្គាល់​សិរី‌រុងរឿង​ដ៏​ប្រសើរ​បំផុត​នៃ​គម្រោង‌ការ​នេះ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ ពោល​គឺ​ព្រះ‌គ្រិស្ដ​គង់​នៅ​ក្នុង​បង‌ប្អូន ព្រះ‌អង្គ​ប្រទាន​ឲ្យ​បង‌ប្អូន​មាន​សង្ឃឹម​ថា នឹង​បាន​ទទួល​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ។

28. ដូច្នេះ យើង​ផ្សព្វ‌ផ្សាយ​ដំណឹង​អំពី​ព្រះ‌គ្រិស្ដ​នេះ​ហើយ យើង​ដាស់‌តឿន និង​ប្រៀន‌ប្រដៅ​មនុស្ស​គ្រប់ៗ​រូប ដោយ​ប្រើ​ប្រាជ្ញា​គ្រប់​យ៉ាង ធ្វើ​ឲ្យ​គេ​ទាំង​អស់​គ្នា​បាន​គ្រប់​លក្ខណៈ​ក្នុង​អង្គ​ព្រះ‌គ្រិស្ដ។

សូមអានជំពូកពេញលេញ កូឡូស 1