គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 9:5-22 Khmer Standard Version (KHSV)

5. លោក​សូល​សួរ​វិញ​ថា៖ «លោក​ម្ចាស់​អើយ! តើ​លោក​ជា​នរណា?»។ សំឡេង​នោះ​ក៏​ឆ្លើយ​ឡើង​ថា៖ «ខ្ញុំ​ជា​យេស៊ូ​ដែល​អ្នក​កំពុង​តែ​បៀត‌បៀន។

6. ចូរ​ក្រោក​ឡើង ហើយ​ចូល​ទៅ​ក្នុង​ទីក្រុង នៅ​ទី​នោះ​នឹង​មាន​គេ​ប្រាប់​អ្នក​ថា​ត្រូវ​ធ្វើ​អ្វី​ខ្លះ»។

7. រីឯ​អស់​អ្នក​ដែល​ធ្វើ​ដំណើរ​ជា​មួយ​លោក​សូល​នាំ​គ្នា​ឈប់ គេ​នៅ​ស្ងៀម រក​និយាយ​អ្វី​មិន​កើត ព្រោះ​គេ​បាន​ឮ​សំឡេង តែ​ពុំ​ឃើញ​មាន​នរណា​ឡើយ។

8. លោក​សូល​ក្រោក​ឡើង ទោះ​បី​គាត់​ខំ​ប្រឹង​បើក​ភ្នែក​យ៉ាង​ណា​ក៏​ដោយ ក៏​គាត់​មើល​អ្វី​មិន​ឃើញ​ដែរ។ គេ​ដឹក​ដៃ​គាត់ នាំ​ចូល​ទៅ​ក្នុង​ក្រុង​ដាម៉ាស។

9. ក្នុង​រយៈ​ពេល​បី​ថ្ងៃ គាត់​មិន​អាច​មើល​ឃើញ ហើយ​ក៏​មិន​ពិសា​បាយ​ពិសា​ទឹក​សោះ​ឡើយ។

10. នៅ​ក្រុង​ដាម៉ាស មាន​សិស្ស​មួយ​រូប ឈ្មោះ​អាណា‌ណាស។ គាត់​និមិត្ត​ឃើញ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​គាត់​ថា៖ «អាណា‌ណាស!»។ គាត់​ទូល​តប​ថា៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់!»។

11. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​គាត់​ថា៖ «ចូរ​ក្រោក​ឡើង ទៅ​ឯ​ផ្លូវ​មួយ​ឈ្មោះ​“ផ្លូវ​ត្រង់” សួរ​រក​ឈ្មោះ​សូល ជា​អ្នក​ស្រុក​តើសុស នៅ​ក្នុង​ផ្ទះ​យូដាស។ គាត់​កំពុង​តែ​អធិស្ឋាន*

12. ហើយ​និមិត្ត​ឃើញ​បុរស​ម្នាក់ ឈ្មោះ​អាណា‌ណាស​ចូល​មក​ដាក់​ដៃ*​លើ​គាត់ ដើម្បី​ឲ្យ​គាត់​មើល​ឃើញ​ឡើង​វិញ»។

13. លោក​អាណា‌ណាស​ទូល​ព្រះ‌អង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ទូលបង្គំ​បាន​ឮ​មនុស្ស​ជា​ច្រើន​និយាយ​ថា បុរស​នេះ​បាន​ធ្វើ​បាប​ប្រជា‌រាស្ត្រ​ដ៏‌វិសុទ្ធ*​របស់​ព្រះ‌អង្គ​នៅ​ក្រុង​យេរូ‌សាឡឹម​ខ្លាំង​ណាស់

14. ហើយ​គាត់​បាន​ទទួល​ការ​អនុញ្ញាត​ពី​លោក​មហា​បូជា‌ចារ្យ​ឲ្យ​មក​ទី​នេះ ដើម្បី​ចាប់​ចង​អស់​អ្នក​ដែល​អង្វរ​រក​ព្រះ‌នាម​ព្រះ‌អង្គ»។

15. ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​គាត់​វិញ​ថា៖ «អញ្ជើញ​ទៅ​ចុះ! ដ្បិត​ខ្ញុំ​ជ្រើស​រើស​បុរស​នេះ ដើម្បី​ប្រើ​គាត់​ឲ្យ​ទៅ​ប្រាប់​ប្រជា‌ជាតិ និង​ស្ដេច​នានា ព្រម​ទាំង​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល ឲ្យ​ស្គាល់​ឈ្មោះ​ខ្ញុំ។

16. ខ្ញុំ​នឹង​បង្ហាញ​ប្រាប់​គាត់​ឲ្យ​ដឹង​ថា គាត់​ត្រូវ​រង​ទុក្ខ​លំបាក​ជា​ច្រើន ព្រោះ​តែ​ឈ្មោះ​របស់​ខ្ញុំ»។

17. លោក​អាណា‌ណាស​ក៏​ចេញ​ទៅ។ លុះ​ទៅ​ដល់​ផ្ទះ​នោះ​ហើយ គាត់​ដាក់​ដៃ​លើ​លោក​សូល ហើយ​មាន​ប្រសាសន៍​ថា៖ «បង​សូល​អើយ! ព្រះ‌អម្ចាស់‌យេស៊ូ​ដែល​បង​បាន​ឃើញ នៅ​តាម​ផ្លូវ​បង​ធ្វើ​ដំណើរ​មក​នោះ ទ្រង់​បាន​ចាត់​ខ្ញុំ​មក ដើម្បី​ឲ្យ​បង​អាច​មើល​ឃើញ​ឡើង​វិញ និង​ឲ្យ​បង​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*»។

18. រំពេច​នោះ មាន​អ្វី​មួយ​ដូច​ស្រកា​ត្រី ជ្រុះ​ពី​ភ្នែក​លោក​សូល លោក​ក៏​មើល​ឃើញ​ឡើង​វិញ លោក​ក្រោក​ឡើង​ទទួល​ពិធី​ជ្រមុជ​ទឹក*។

19. បន្ទាប់​មក លោក​បរិភោគ​ម្ហូប​អាហារ ហើយ​មាន​កម្លាំង​ឡើង​វិញ។លោក​ស្នាក់​នៅ​ជា​មួយ​ពួក​សិស្ស ដែល​នៅ​ក្រុង​ដាម៉ាស បួន​ដប់​ថ្ងៃ។

20. លោក​ចាប់​ផ្ដើម​ប្រកាស​នៅ​ក្នុង​សាលា​ប្រជុំ*​នានា​ភ្លាម​ថា ព្រះ‌យេស៊ូ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់។

21. អស់​អ្នក​ដែល​បាន​ឮ​លោក​មាន​ប្រសាសន៍ ងឿង‌ឆ្ងល់​ណាស់ គេ​ពោល​ថា៖ «លោក​នេះ​ហើយ​ដែល​បាន​ធ្វើ​ទុក្ខ​បៀត‌បៀន​អស់​អ្នក​ដែល​អង្វរ​រក​ឈ្មោះ​យេស៊ូ នៅ​ក្រុង​យេរូ‌សាឡឹម គាត់​មក​ទី​នេះ រក​ចាប់​ចង​គេ​នាំ​ទៅ​ជូន​ពួក​មហា​បូជា‌ចារ្យ*​ទេ​តើ!»។

22. រីឯ​លោក​សូល​វិញ លោក​មាន​កម្លាំង​ចិត្ត​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​លោក​វែក‌ញែក​ប្រាប់​សាសន៍​យូដា នៅ​ក្រុង​ដាម៉ាស​យ៉ាង​ច្បាស់​លាស់​ថា ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌គ្រិស្ដ*។

សូមអានជំពូកពេញលេញ កិច្ចការ 9