គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 9:4-12 Khmer Standard Version (KHSV)

4. គាត់​ក៏​ដួល ហើយ​ឮ​សូរ​សំឡេង​មួយ​ពោល​មក​គាត់​ថា៖ «សូល​អើយ សូល! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​បៀត‌បៀន​ខ្ញុំ?»។

5. លោក​សូល​សួរ​វិញ​ថា៖ «លោក​ម្ចាស់​អើយ! តើ​លោក​ជា​នរណា?»។ សំឡេង​នោះ​ក៏​ឆ្លើយ​ឡើង​ថា៖ «ខ្ញុំ​ជា​យេស៊ូ​ដែល​អ្នក​កំពុង​តែ​បៀត‌បៀន។

6. ចូរ​ក្រោក​ឡើង ហើយ​ចូល​ទៅ​ក្នុង​ទីក្រុង នៅ​ទី​នោះ​នឹង​មាន​គេ​ប្រាប់​អ្នក​ថា​ត្រូវ​ធ្វើ​អ្វី​ខ្លះ»។

7. រីឯ​អស់​អ្នក​ដែល​ធ្វើ​ដំណើរ​ជា​មួយ​លោក​សូល​នាំ​គ្នា​ឈប់ គេ​នៅ​ស្ងៀម រក​និយាយ​អ្វី​មិន​កើត ព្រោះ​គេ​បាន​ឮ​សំឡេង តែ​ពុំ​ឃើញ​មាន​នរណា​ឡើយ។

8. លោក​សូល​ក្រោក​ឡើង ទោះ​បី​គាត់​ខំ​ប្រឹង​បើក​ភ្នែក​យ៉ាង​ណា​ក៏​ដោយ ក៏​គាត់​មើល​អ្វី​មិន​ឃើញ​ដែរ។ គេ​ដឹក​ដៃ​គាត់ នាំ​ចូល​ទៅ​ក្នុង​ក្រុង​ដាម៉ាស។

9. ក្នុង​រយៈ​ពេល​បី​ថ្ងៃ គាត់​មិន​អាច​មើល​ឃើញ ហើយ​ក៏​មិន​ពិសា​បាយ​ពិសា​ទឹក​សោះ​ឡើយ។

10. នៅ​ក្រុង​ដាម៉ាស មាន​សិស្ស​មួយ​រូប ឈ្មោះ​អាណា‌ណាស។ គាត់​និមិត្ត​ឃើញ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​គាត់​ថា៖ «អាណា‌ណាស!»។ គាត់​ទូល​តប​ថា៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់!»។

11. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​គាត់​ថា៖ «ចូរ​ក្រោក​ឡើង ទៅ​ឯ​ផ្លូវ​មួយ​ឈ្មោះ​“ផ្លូវ​ត្រង់” សួរ​រក​ឈ្មោះ​សូល ជា​អ្នក​ស្រុក​តើសុស នៅ​ក្នុង​ផ្ទះ​យូដាស។ គាត់​កំពុង​តែ​អធិស្ឋាន*

12. ហើយ​និមិត្ត​ឃើញ​បុរស​ម្នាក់ ឈ្មោះ​អាណា‌ណាស​ចូល​មក​ដាក់​ដៃ*​លើ​គាត់ ដើម្បី​ឲ្យ​គាត់​មើល​ឃើញ​ឡើង​វិញ»។

សូមអានជំពូកពេញលេញ កិច្ចការ 9