គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 9:31-43 Khmer Standard Version (KHSV)

31. ក្រុម‌ជំនុំ*​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត​គ្រប់​ទី​កន្លែង​ក្នុង​ស្រុក​យូដា ស្រុក​កាលី‌ឡេ និង​ស្រុក​សាម៉ារី។ ក្រុម‌ជំនុំ​មាន​ជំហរ​កាន់​តែ​មាំ‌មួន​ឡើងៗ ហើយ​គេ​រស់​នៅ​ដោយ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ព្រម​ទាំង​មាន​ចំនួន​កើន​ឡើង​ជា​លំដាប់ ដោយ​មាន​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​ជួយ​លើក​ទឹក​ចិត្ត​គេ​ផង។

32. លោក​ពេត្រុស​បាន​ធ្វើ​ដំណើរ​ទៅ​គ្រប់​ទី​កន្លែង។ លោក​បាន​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ប្រជា‌ជន​ដ៏‌វិសុទ្ធ*​នៅ​ក្រុង​លីដា។

33. នៅ​ក្រុង​នោះ លោក​ឃើញ​បុរស​ម្នាក់​ឈ្មោះ​អេណាស ឈឺ​ក្រោក​មិន​រួច គាត់​ដេក​ជាប់​នឹង​គ្រែ​ប្រាំ​បី​ឆ្នាំ​មក​ហើយ។

34. លោក​ពេត្រុស​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អេណាស​អើយ! ព្រះ‌យេស៊ូ​គ្រិស្ដ*​ប្រោស​អ្នក​ឲ្យ​បាន​ជា​ហើយ ចូរ​ក្រោក​ឡើង រៀបចំ​គ្រែ​អ្នក​ទៅ!»។ លោក​អេណាស​ក៏​ក្រោក​ឡើង​ភ្លាម។

35. អ្នក​ក្រុង​លីដា​ទាំង​អស់ និង​អ្នក​ស្រុក​នៅ​តំបន់​សារ៉ូន​បាន​ឃើញ​គាត់​ជា​ដូច្នេះ ក៏​បែរ​ចិត្ត​គំនិត​ទៅ​រក​ព្រះ‌អម្ចាស់។

36. នៅ​ក្រុង​យ៉ុប‌ប៉េ មាន​ស្ត្រី​ម្នាក់ ឈ្មោះ​តេប៊ី‌ថា ភាសា​ក្រិក​ថា “ឌ័រកាស”នាង​ជា​សិស្ស*​ដែរ នាង​តែង​ប្រព្រឹត្ត​អំពើ​ល្អ និង​ធ្វើ​ទាន​ជា​ច្រើន។

37. នៅ​គ្រា​នោះ នាង​មាន​ជំងឺ ហើយ​ស្លាប់​ទៅ។ គេ​បាន​លាង​សព​របស់​នាង​តម្កល់​ទុក​នៅ​បន្ទប់​ខាង​លើ។

38. ក្រុង​លីដា​នៅ​ជិត​ក្រុង​យ៉ុប‌ប៉េ។ កាល​ពួក​សិស្ស​ឮ​ដំណឹង​ថា លោក​ពេត្រុស​ស្ថិត​នៅ​ឯ​ក្រុង​លីដា​នោះ គេ​ចាត់​បុរស​ពីរ​នាក់​ឲ្យ​ទៅ​អញ្ជើញ​លោក​ថា៖ «សូម​លោក​មេត្តា​ប្រញាប់​ធ្វើ​ដំណើរ​បង្ហួស​ទៅ​កន្លែង​យើង​ខ្ញុំ​ផង»។

39. លោក​ពេត្រុស​ក៏​ចេញ​ដំណើរ​មក​ជា​មួយ​អ្នក​ទាំង​ពីរ​នោះ​ភ្លាម។ ពេល​លោក​មក​ដល់ គេ​បាន​អញ្ជើញ​លោក​ឡើង​ទៅ​បន្ទប់​ខាង​លើ ស្ត្រី​មេម៉ាយ​ទាំង​ប៉ុន្មាន​បាន​នាំ​គ្នា​ចូល​មក​ជិត​លោក ទាំង​យំ​សោក និង​បង្ហាញ​អាវ​វែង អាវ​ក្រៅ​ដែល​នាង​ឌ័រកាស​បាន​ដេរ កាល​នាង​រស់​នៅ​ជា​មួយ​គេ​នៅ​ឡើយ។

40. លោក​ពេត្រុស​សុំ​ឲ្យ​គេ​ចេញ​ទៅ​ក្រៅ​ទាំង​អស់​គ្នា រួច​លោក​លុត​ជង្គង់​អធិស្ឋាន។ បន្ទាប់​មក លោក​បែរ​ទៅ​រក​សព មាន​ប្រសាសន៍​ថា៖ «តេប៊ី‌ថា​អើយ ក្រោក​ឡើង!»។ ពេល​នោះ នាង​ក៏​បើក​ភ្នែក ហើយ​កាល​នាង​បាន​ឃើញ​លោក​ពេត្រុស នាង​ក្រោក​អង្គុយ។

41. លោក​ចាប់​ដៃ​នាង​ឲ្យ​ក្រោក​ឈរ ហើយ​ហៅ​ពួក​អ្នក​ជឿ និង​ស្ត្រី​មេម៉ាយ​ឲ្យ​ចូល​មក​បង្ហាញ​នាង​ឌ័រកាស ដែល​មាន​ជីវិត​រស់​ឲ្យ​គេ​ឃើញ។

42. អ្នក​ក្រុង​យ៉ុប‌ប៉េ​ទាំង​ប៉ុន្មាន​បាន​ដឹង​រឿង​នេះ ហើយ​ច្រើន​នាក់​ជឿ​លើ​ព្រះ‌អម្ចាស់។

43. លោក​ពេត្រុស​ស្នាក់​នៅ​ក្រុង​យ៉ុប‌ប៉េ ជា​យូរ​ថ្ងៃ​ត​ទៅ​ទៀត ក្នុង​ផ្ទះ​បុរស​ម្នាក់ ឈ្មោះ​ស៊ីម៉ូន ជា​អ្នក​សម្លាប់​ស្បែក។

សូមអានជំពូកពេញលេញ កិច្ចការ 9