គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 9:19-35 Khmer Standard Version (KHSV)

19. បន្ទាប់​មក លោក​បរិភោគ​ម្ហូប​អាហារ ហើយ​មាន​កម្លាំង​ឡើង​វិញ។លោក​ស្នាក់​នៅ​ជា​មួយ​ពួក​សិស្ស ដែល​នៅ​ក្រុង​ដាម៉ាស បួន​ដប់​ថ្ងៃ។

20. លោក​ចាប់​ផ្ដើម​ប្រកាស​នៅ​ក្នុង​សាលា​ប្រជុំ*​នានា​ភ្លាម​ថា ព្រះ‌យេស៊ូ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់។

21. អស់​អ្នក​ដែល​បាន​ឮ​លោក​មាន​ប្រសាសន៍ ងឿង‌ឆ្ងល់​ណាស់ គេ​ពោល​ថា៖ «លោក​នេះ​ហើយ​ដែល​បាន​ធ្វើ​ទុក្ខ​បៀត‌បៀន​អស់​អ្នក​ដែល​អង្វរ​រក​ឈ្មោះ​យេស៊ូ នៅ​ក្រុង​យេរូ‌សាឡឹម គាត់​មក​ទី​នេះ រក​ចាប់​ចង​គេ​នាំ​ទៅ​ជូន​ពួក​មហា​បូជា‌ចារ្យ*​ទេ​តើ!»។

22. រីឯ​លោក​សូល​វិញ លោក​មាន​កម្លាំង​ចិត្ត​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​លោក​វែក‌ញែក​ប្រាប់​សាសន៍​យូដា នៅ​ក្រុង​ដាម៉ាស​យ៉ាង​ច្បាស់​លាស់​ថា ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌គ្រិស្ដ*។

23. យូរ​ថ្ងៃ​ក្រោយ​មក​ទៀត ជន‌ជាតិ​យូដា​បាន​សម​គំនិត​គ្នា​រក​សម្លាប់​លោក​សូល

24. តែ​លោក​បាន​ជ្រាប​គម្រោង‌ការ​របស់​គេ។ ពួក​គេ​បាន​នាំ​គ្នា​ទៅ​ចាំ​នៅ​ទ្វារ​ក្រុង​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​សម្លាប់​លោក។

25. ប៉ុន្តែ នៅ​ពេល​យប់ ពួក​សិស្ស​របស់​លោក​បាន​ដាក់​លោក​ក្នុង​ជាល​មួយ សម្រូត​ចុះ​ទៅ​ខាង​ក្រៅ​កំពែង​ក្រុង។

26. កាល​លោក​សូល​មក​ដល់​ក្រុង​យេរូ‌សាឡឹម លោក​ចង់​ទៅ​ចូល​រួម​ក្នុង​ចំណោម​ពួក​សិស្ស តែ​ពួក​គេ​ខ្លាច​លោក​ទាំង​អស់​គ្នា ព្រោះ​គេ​ពុំ​ជឿ​ថា​លោក​ជា​សិស្ស​ដែរ​នោះ​ឡើយ។

27. ពេល​នោះ លោក​បារណា‌បាស​បាន​ទទួល​លោក ហើយ​នាំ​ទៅ​ជួប​ក្រុម​សាវ័ក* ទាំង​រៀប​រាប់​អំពី​លោក​សូល​បាន​ឃើញ​ព្រះ‌អម្ចាស់​នៅ​តាម​ផ្លូវ អំពី​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក ហើយ​នឹង​រៀប​រាប់​អំពី​លោក​សូល​មាន​ប្រសាសន៍​ដោយ​ចិត្ត​អង់‌អាច​ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ នៅ​ក្រុង​ដាម៉ាស​ផង​ដែរ។

28. ចាប់​តាំង​ពី​ពេល​នោះ​មក លោក​សូល​តែងតែ​ចុះ​ឡើង​នៅ​ក្រុង​យេរូ‌សាឡឹម​ជា​មួយ ក្រុម​សាវ័ក​ជា‌និច្ច ព្រម​ទាំង​មាន​ប្រសាសន៍​ដោយ​ចិត្ត​អង់‌អាច​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ថែម​ទៀត​ផង។

29. លោក​បាន​សន្ទនា និង​ជជែក​វែក‌ញែក​ជា​មួយ​សាសន៍​យូដា ដែល​និយាយ​ភាសា​ក្រិក តែ​ពួក​គេ​បែរ​ជា​នាំ​គ្នា​ប៉ុន‌ប៉ង​សម្លាប់​លោក​ទៅ​វិញ។

30. កាល​ពួក​បង‌ប្អូន​បាន​ជ្រាប​ដំណឹង​នេះ គេ​នាំ​លោក​ទៅ​ក្រុង​សេសារា ហើយ​បន្ទាប់​មក ឲ្យ​លោក​ទៅ​ក្រុង​តើសុស។

31. ក្រុម‌ជំនុំ*​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត​គ្រប់​ទី​កន្លែង​ក្នុង​ស្រុក​យូដា ស្រុក​កាលី‌ឡេ និង​ស្រុក​សាម៉ារី។ ក្រុម‌ជំនុំ​មាន​ជំហរ​កាន់​តែ​មាំ‌មួន​ឡើងៗ ហើយ​គេ​រស់​នៅ​ដោយ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ព្រម​ទាំង​មាន​ចំនួន​កើន​ឡើង​ជា​លំដាប់ ដោយ​មាន​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​ជួយ​លើក​ទឹក​ចិត្ត​គេ​ផង។

32. លោក​ពេត្រុស​បាន​ធ្វើ​ដំណើរ​ទៅ​គ្រប់​ទី​កន្លែង។ លោក​បាន​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ប្រជា‌ជន​ដ៏‌វិសុទ្ធ*​នៅ​ក្រុង​លីដា។

33. នៅ​ក្រុង​នោះ លោក​ឃើញ​បុរស​ម្នាក់​ឈ្មោះ​អេណាស ឈឺ​ក្រោក​មិន​រួច គាត់​ដេក​ជាប់​នឹង​គ្រែ​ប្រាំ​បី​ឆ្នាំ​មក​ហើយ។

34. លោក​ពេត្រុស​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អេណាស​អើយ! ព្រះ‌យេស៊ូ​គ្រិស្ដ*​ប្រោស​អ្នក​ឲ្យ​បាន​ជា​ហើយ ចូរ​ក្រោក​ឡើង រៀបចំ​គ្រែ​អ្នក​ទៅ!»។ លោក​អេណាស​ក៏​ក្រោក​ឡើង​ភ្លាម។

35. អ្នក​ក្រុង​លីដា​ទាំង​អស់ និង​អ្នក​ស្រុក​នៅ​តំបន់​សារ៉ូន​បាន​ឃើញ​គាត់​ជា​ដូច្នេះ ក៏​បែរ​ចិត្ត​គំនិត​ទៅ​រក​ព្រះ‌អម្ចាស់។

សូមអានជំពូកពេញលេញ កិច្ចការ 9