គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 8:31-38 Khmer Standard Version (KHSV)

31. លោក​មន្ត្រី​តប​មក​វិញ​ថា៖ «ធ្វើ​ម្ដេច​ឲ្យ​ខ្ញុំ​យល់​បាន បើ​គ្មាន​នរណា​ពន្យល់​ណែ‌នាំ​សោះ​នោះ!»។ លោក​ក៏​អញ្ជើញ​លោក​ភីលីព​ឡើង​ជិះ​រទេះ​សេះ​ជា​មួយ។

32. រីឯ​អត្ថ‌បទ​គម្ពីរ​ដែល​លោក​កំពុង​អាន​នោះ​គឺ៖ “លោក​ត្រូវ​គេ​នាំ​យក​ទៅ​ដូច​ជា​ចៀម ដែល​គេ​នាំ​ទៅ​សម្លាប់ លោក​ពុំ​បាន​ហើប​មាត់​ទាល់​តែ​សោះ គឺ​ប្រៀប​ដូច​ជា​កូន​ចៀម​ដែល​ស្ងៀម​ស្ងាត់ នៅ​មុខ​អ្នក​កាត់​រោម។

33. លោក​ត្រូវ​គេ​បន្ទាប​បន្ថោក ហើយ​គេ​មិន​រក​យុត្តិធម៌​ជូន​លោក​ឡើយ។ គ្មាន​នរណា​អាច​តំណាល​អំពី​ពូជ‌ពង្ស របស់​លោក​បាន​ទេ ព្រោះ​គេ​បាន​ដក​ជីវិត​របស់​លោក ចេញ​ពី​ផែន‌ដី​នេះ​បាត់​ទៅ​ហើយ” ។

34. មន្ត្រី​នោះ​សួរ​លោក​ភីលីព​ថា៖ «សូម​ប្រាប់​ខ្ញុំ​ផង តើ​ព្យាការី*​មាន​ប្រសាសន៍​ដូច្នេះ សំដៅ​លើ​អ្នក​ណា? តើ​លោក​មាន​ប្រសាសន៍​អំពី​ខ្លួន​លោក​ផ្ទាល់ ឬ​មាន​ប្រសាសន៍​អំពី​អ្នក​ណា​ម្នាក់​ផ្សេង​ទៀត?»។

35. លោក​ភីលីព​ក៏​ជម្រាប​ជូន​ដំណឹង‌ល្អ​អំពី​ព្រះ‌យេស៊ូ​ប្រាប់​លោក ដោយ​ចាប់​ផ្ដើម​ពី​អត្ថ‌បទ​គម្ពីរ​នោះ​ទៅ។

36. លោក​ទាំង​ពីរ​ចេះ​តែ​បន្ត​ដំណើរ​ទៅ​មុខ។ លុះ​ដល់​កន្លែង​មួយ​មាន​ទឹក លោក​មន្ត្រី​មាន​ប្រសាសន៍​ថា៖ «ទី​នេះ​មាន​ទឹក តើ​មាន​អ្វី​ឃាត់​ខ្ញុំ មិន​ឲ្យ​ទទួល​ពិធី​ជ្រមុជ​ទឹក!»។

37. លោក​ភីលីព​មាន​ប្រសាសន៍​ទៅ​លោក​មន្ត្រី​ថា៖ «បើ​លោក​ជឿ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​នោះ លោក​អាច​ទទួល​ពិធី​ជ្រមុជ​ទឹក​បាន»។ លោក​មន្ត្រី​ឆ្លើយ​វិញ​ថា៖ «ខ្ញុំ​ជឿ​ហើយ​ថា ព្រះ‌យេស៊ូ‌គ្រិស្ដ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់»។

38. លោក​បញ្ជា​ឲ្យ​គេ​បញ្ឈប់​រទេះ​សេះ។ លោក​មន្ត្រី និង​លោក​ភីលីព​ចុះ​ទៅ​ក្នុង​ទឹក​ទាំង​ពីរ​នាក់ ហើយ​លោក​ភីលីព​ក៏​ជ្រមុជ​ទឹក​ជូន​មន្ត្រី​នោះ។

សូមអានជំពូកពេញលេញ កិច្ចការ 8