គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 8:12-30 Khmer Standard Version (KHSV)

12. កាល​គេ​ជឿ​ដំណឹង‌ល្អ*​អំពី​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់ និង​អំពី​ព្រះ‌នាម​ព្រះ‌យេស៊ូ‌គ្រិស្ដ* ដែល​លោក​ភីលីព​ប្រកាស​ប្រាប់ គេ​ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក* ទាំង​ប្រុស ទាំង​ស្រី។

13. លោក​ស៊ីម៉ូន​ផ្ទាល់​ក៏​បាន​ជឿ​ដែរ ថែម​ទាំង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ទៀត​ផង ហើយ​គាត់​នៅ​ជាប់​នឹង​លោក​ភីលីព​ជា‌និច្ច។ កាល​គាត់​បាន​ឃើញ​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ដ៏​ធំៗ​ដែល​កើត​មាន​នៅ​ពេល​នោះ គាត់​ក៏​ស្ងើច​សរសើរ​យ៉ាង​ខ្លាំង។

14. ក្រុម​សាវ័ក*​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​ឮ​ដំណឹង​ថា អ្នក​ស្រុក​សាម៉ារី​នាំ​គ្នា​ទទួល​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ក៏​ចាត់​លោក​ពេត្រុស និង​លោក​យ៉ូហាន ឲ្យ​ទៅ​ជួប​អ្នក​ទាំង​នោះ។

15. លុះ​ទៅ​ដល់​ស្រុក​សាម៉ារី សាវ័ក*​ទាំង​ពីរ​ក៏​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ សុំ​ឲ្យ​ពួក​អ្នក​ជឿ​បាន​ទទួល​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*

16. ដ្បិត​ព្រះ‌វិញ្ញាណ​ពុំ​ទាន់​យាង​ចុះ​មក​សណ្ឋិត​លើ​អ្នក​ណា​ម្នាក់ ក្នុង​ចំណោម​ពួក​គេ​នៅ​ឡើយ​ទេ គឺ​គេ​គ្រាន់​តែ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់‌យេស៊ូ​ប៉ុណ្ណោះ។

17. ពេល​នោះ លោក​ពេត្រុស និង​លោក​យ៉ូហាន​បាន​ដាក់​ដៃ*​លើ​គេ ហើយ​គេ​ក៏​បាន​ទទួល​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ។

18. កាល​លោក​ស៊ីម៉ូន​ឃើញ​ថា ព្រះ‌ជាម្ចាស់​ប្រទាន​ព្រះ‌វិញ្ញាណ​មក​អ្នក​ជឿ ដោយ​សាវ័ក​ដាក់​ដៃ​លើ​ដូច្នោះ គាត់​ក៏​យក​ប្រាក់​មក​ជូន​សាវ័ក​ទាំង​ពីរ ហើយ​ពោល​ថា៖

19. «សូម​លោក​ប្រគល់​ឲ្យ​ខ្ញុំ​មាន​អំណាច​នេះ​ផង ដើម្បី​ឲ្យ​ខ្ញុំ​ដាក់​ដៃ​លើ​អ្នក​ណា អ្នក​នោះ​នឹង​បាន​ទទួល​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​ដែរ»។

20. លោក​ពេត្រុស​តប​ទៅ​គាត់​វិញ​ថា៖ «ចូរ​ឲ្យ​ប្រាក់​របស់​អ្នក​វិនាស​អន្តរាយ​ជា​មួយ​អ្នក​ទៅ អ្នក​នឹក​ស្មាន​ថា អាច​យក​ប្រាក់​មក​ទិញ​ព្រះ​អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់​បាន!

21. អ្នក​គ្មាន​ចំណែក គ្មាន​សិទ្ធិ​អ្វី​ក្នុង​កិច្ចការ​នេះ​ឡើយ ដ្បិត​ចិត្ត​របស់​អ្នក​មិន​ទៀង​ត្រង់​ចំពោះ​ព្រះ‌ជាម្ចាស់​ទាល់​តែ​សោះ។

22. ចូរ​លះ‌បង់​ចិត្ត​គំនិត​អាក្រក់​ចោល​ទៅ ហើយ​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ក្រែង​លោ​ព្រះ‌អង្គ​លើក‌លែង​ទោស​ឲ្យ​អ្នក​ដែល​មាន​ចិត្ត​បែប​នេះ

23. ដ្បិត​ខ្ញុំ​ឃើញ​ថា​អ្នក​មាន​ចិត្ត​ខ្មៅ ហើយ​ក៏​នៅ​ជាប់​ចំណង​អំពើ​ទុច្ចរិត​ដែរ»។

24. លោក​ស៊ីម៉ូន​តប​ទៅ​វិញ​ថា៖ «សូម​លោក​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ឲ្យ​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​មាន​ហេតុ​អាក្រក់​ណា​មួយ​កើត​ឡើង​ចំពោះ​រូប​ខ្ញុំ ដូច​លោក​មាន​ប្រសាសន៍​នោះ​ឡើយ»។

25. ក្រោយ​ពី​បាន​ផ្ដល់​សក្ខីភាព និង​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​រួច​ហើយ សាវ័ក​ទាំង​ពីរ​រូប​ក៏​វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ ទាំង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​ក្នុង​ភូមិ​ជា​ច្រើន នៅ​ស្រុក​សាម៉ារី​ផង។

26. ទេវតា*​របស់​ព្រះ‌អម្ចាស់​ពោល​មក​កាន់​លោក​ភីលីព​ថា៖ «សូម​ក្រោក​ឡើង ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង តាម​ផ្លូវ​ចុះ​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ​ក្រុង​កាសា​ជា​ផ្លូវ​ស្ងាត់​នោះ​ទៅ»។ លោក​ភីលីព​ក៏​ក្រោក​ឡើង​ចេញ​ដំណើរ​ទៅ។

27. នៅ​តាម​ផ្លូវ មាន​ជន‌ជាតិ​អេត្យូ‌ពី​មួយ​រូប ជា​មនុស្ស​កម្រៀវ* លោក​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​មហា‌ក្សត្រិ‌យានី​កាន‌ដេស ដែល​គ្រង​រាជ្យ​នៅ​ស្រុក​អេត្យូ‌ពី ហើយ​លោក​ជា​អ្នក​កាន់​កាប់​ព្រះ‌រាជ‌ទ្រព្យ​ទាំង​ប៉ុន្មាន។ លោក​បាន​មក​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម

28. ហើយ​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​វិញ ដោយ​ជិះ​រទេះ​សេះ ទាំង​អាន​គម្ពីរ​ព្យាការី*​អេសាយ​ផង។

29. ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​លោក​ភីលីព​ថា៖ «ចូរ​ទៅ​មុខ រួច​ចូល​ទៅ​ជិត​រទេះ​សេះ​នោះ​ទៅ»។

30. លោក​ភីលីព​ក៏​រត់​ទៅ​មុខ ហើយ​ឮ​មន្ត្រី​អេត្យូ‌ពី​អាន​គម្ពីរ​ព្យាការី​អេសាយ លោក​ភីលីព​សួរ​មន្ត្រី​នោះ​ថា៖ «តើ​លោក​យល់​សេចក្ដី​ដែល​លោក​កំពុង​តែ​អាន​នេះ​ឬ​ទេ?»។

សូមអានជំពូកពេញលេញ កិច្ចការ 8