គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 8:1-11 Khmer Standard Version (KHSV)

1. លោក​សូល​បាន​យល់​ស្រប​នឹង​ការ​សម្លាប់​លោក​ស្ទេផាន​ដែរ។នៅ​ថ្ងៃ​នោះ ក្រុម‌ជំនុំ*​នៅ​ក្រុង​យេរូ‌សាឡឹម​ត្រូវ​គេ​បៀត‌បៀន​ជា​ខ្លាំង។ អ្នក​ជឿ​ទាំង​ប៉ុន្មាន លើក‌លែង​តែ​ក្រុម​សាវ័ក​ចេញ បាន​បែក‌ខ្ញែក​គ្នា​ពាស‌ពេញ​ស្រុក​យូដា និង​ស្រុក​សាម៉ារី។

2. អស់​អ្នក​ដែល​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​បាន​នាំ​គ្នា​បញ្ចុះ​សព​លោក​ស្ទេផាន និង​យំ​សោក​យ៉ាង​ខ្លាំង​ទៀត​ផង។

3. រីឯ​លោក​សូល​វិញ លោក​ខំ​ប្រឹង​រំលាយ​ក្រុម‌ជំនុំ ដោយ​ចូល​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ចាប់​ពួក​អ្នក​ជឿ​ទាំង​ប្រុស​ទាំង​ស្រី​យក​ទៅ​ឃុំ‌ឃាំង។

4. ពួក​សិស្ស*​ដែល​បែក‌ខ្ញែក​គ្នា​នោះ បាន​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ទាំង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​អំពី​ព្រះ‌បន្ទូល។

5. លោក​ភីលីព​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​មួយ​នៅ​ស្រុក​សាម៉ារី ហើយ​ប្រកាស​ប្រាប់​អ្នក​ក្រុង​អំពី​ព្រះ‌គ្រិស្ដ*។

6. មហា‌ជន​រួម​ចិត្ត​គំនិត​គ្នា​ពេញ​ចិត្ត​នឹង​ពាក្យ​សម្ដី​របស់​លោក​ភីលីព ព្រោះ​គេ​បាន​ឮ​លោក​មាន​ប្រសាសន៍ និង​បាន​ឃើញ​ទី​សម្គាល់​ដ៏​អស្ចារ្យ ដែល​លោក​បាន​ធ្វើ

7. គឺ​មាន​វិញ្ញាណ​អាក្រក់​ចេញ​ពី​មនុស្ស​ជា​ច្រើន ទាំង​ស្រែក​ខ្លាំងៗ និង​មាន​មនុស្ស​ខ្វិន មនុស្ស​ស្លាប់​ដៃ​ជើង​ជា​ច្រើន​បាន​ជា។

8. ប្រជា‌ជន​នៅ​ក្រុង​នោះ មាន​អំណរ​សប្បាយ​ដ៏​លើស‌លប់។

9. មាន​បុរស​ម្នាក់ ឈ្មោះ​ស៊ីម៉ូន រស់​នៅ​ក្នុង​ក្រុង​នោះ តាំង​ពី​មុន​លោក​ភីលីព​មក​ដល់​ម៉្លេះ។ គាត់​ជា​គ្រូ​មន្ត‌អាគម ធ្វើ​ឲ្យ​ប្រជា‌ជន​នៅ​ស្រុក​សាម៉ារី​ស្ងើច​សរសើរ​គាត់​ជា​ខ្លាំង ហើយ​គាត់​អួត​ខ្លួន​ថា​គាត់​ជា​អ្នក​ធំ​មួយ​រូប។

10. ប្រជា‌ជន​ទាំង​តូច​ទាំង​ធំ​ពេញ​ចិត្ត​នឹង​គាត់​គ្រប់ៗ​គ្នា គេ​ពោល​ថា៖ «លោក​នេះ​ហើយ​ជា​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់ ដែល​ជា​ឫទ្ធា‌នុភាព​ដ៏​ឧត្តុង្គ‌ឧត្ដម»។

11. ប្រជា‌ជន​ពេញ​ចិត្ត​នឹង​គាត់​ដូច្នេះ ព្រោះ​គាត់​បាន​សម្តែង​មន្ត‌អាគម​ឲ្យ​គេ​ស្ងើច​សរសើរ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

សូមអានជំពូកពេញលេញ កិច្ចការ 8