គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 5:6-16 Khmer Standard Version (KHSV)

6. ពួក​យុវជន​នាំ​គ្នា​មក​រុំ​សព​អាណា‌ណាស ហើយ​សែង​យក​ទៅ​កប់។

7. ប្រមាណ​ជា​បី​ម៉ោង​ក្រោយ​មក ភរិយា​របស់​អាណា‌ណាស​ចូល​មក​ដល់ ដោយ​មិន​បាន​ដឹង​ហេតុ‌ការណ៍​ដែល​កើត​មាន​នោះ​ឡើយ។

8. លោក​ពេត្រុស​សួរ​នាង​ថា៖ «សូម​ប្រាប់​ខ្ញុំ​មក​មើល៍ តើ​ប្ដី​នាង និង​នាង​លក់​ដី​បាន​ប្រាក់​ប៉ុណ្ណេះ​មែន​ឬ?»។ នាង​ឆ្លើយ​ថា៖ «ចា៎ស! បាន​ប្រាក់​ប៉ុណ្ណឹង​មែន»។

9. លោក​ពេត្រុស​ក៏​មាន​ប្រសាសន៍​ទៅ​នាង​ទៀត​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​សម​គំនិត​គ្នា​ល្បង‌ល​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​ដូច្នេះ? មើល៍‌ហ្ន៎! ពួក​អ្នក​ដែល​បាន​បញ្ចុះ​សព​ប្ដី​នាង​មក​ដល់​នៅ​មាត់​ទ្វារ​ហើយ គេ​នឹង​សែង​នាង​យក​ទៅ​ដែរ»។

10. រំពេច​នោះ នាង​ក៏​ដួល​នៅ​ទៀប​ជើង​របស់​លោក ហើយ​ដាច់​ខ្យល់​ស្លាប់​ទៅ។ ពេល​ពួក​យុវជន​ចូល​មក ឃើញ​នាង​ស្លាប់ ក៏​នាំ​គ្នា​យក​សព​នាង​ទៅ​បញ្ចុះ នៅ​ក្បែរ​សព​ប្ដី​របស់​នាង។

11. ក្រុម‌ជំនុំ*​ទាំង​មូល និង​អស់​អ្នក​ដែល​បាន​ឮ​ដំណឹង​នេះ ស្ញែង​ខ្លាច​ជា​ខ្លាំង។

12. សាវ័ក​បាន​នាំ​គ្នា​សម្តែង​ទី​សម្គាល់​ដ៏​អស្ចារ្យ និង​ឫទ្ធិ‌បាដិ‌ហារិយ៍​ជា​ច្រើន នៅ​ក្នុង​ចំណោម​ប្រជា‌ជន។ អ្នក​ជឿ​ទាំង​អស់​រួម​ចិត្ត​គំនិត​គ្នា គេ​ឈរ​នៅ​តាម​ថែវ​សាឡូម៉ូន។

13. រីឯ​អ្នក​ឯ​ទៀតៗ​គ្មាន​នរណា​ហ៊ាន​មក​ចូល​រួម​ជា​មួយ​គេ​ឡើយ តែ​ប្រជា‌ជន​កោត​សរសើរ​គេ​គ្រប់ៗ​គ្នា។

14. បណ្ដា‌ជន​ទាំង​ប្រុស​ទាំង​ស្រី​ដែល​ជឿ​លើ​ព្រះ‌អម្ចាស់ បាន​មក​ចូល​រួម​កាន់​តែ​ច្រើន​ឡើងៗ។

15. មនុស្ស‌ម្នា​បាន​សែង​អ្នក​ជំងឺ​មក​ដាក់​នៅ​តាម​ផ្លូវ ឲ្យ​ដេក​លើ​គ្រែ​ស្នែង លើ​កន្ទេល ប្រាថ្នា​យ៉ាង​ហោច​ណាស់​គ្រាន់​តែ​ឲ្យ​ស្រមោល​លោក​ពេត្រុស​បាំង​លើ​អ្នក​ជំងឺ​ណា​ម្នាក់ នៅ​ពេល​ដែល​លោក​ដើរ​កាត់​តាម​នោះ​ក៏​បាន​ដែរ។

16. មាន​មនុស្ស​ជា​ច្រើន​នាំ​គ្នា​ធ្វើ​ដំណើរ​មក​ពី​ភូមិ​នានា នៅ​ជិត​ក្រុង​យេរូ‌សាឡឹម ទាំង​សែង​អ្នក​ជំងឺ និង​អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​មក​ជា​មួយ​ផង អ្នក​ទាំង​នោះ​បាន​ជា​គ្រប់ៗ​គ្នា។

សូមអានជំពូកពេញលេញ កិច្ចការ 5