គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 5:12-31 Khmer Standard Version (KHSV)

12. សាវ័ក​បាន​នាំ​គ្នា​សម្តែង​ទី​សម្គាល់​ដ៏​អស្ចារ្យ និង​ឫទ្ធិ‌បាដិ‌ហារិយ៍​ជា​ច្រើន នៅ​ក្នុង​ចំណោម​ប្រជា‌ជន។ អ្នក​ជឿ​ទាំង​អស់​រួម​ចិត្ត​គំនិត​គ្នា គេ​ឈរ​នៅ​តាម​ថែវ​សាឡូម៉ូន។

13. រីឯ​អ្នក​ឯ​ទៀតៗ​គ្មាន​នរណា​ហ៊ាន​មក​ចូល​រួម​ជា​មួយ​គេ​ឡើយ តែ​ប្រជា‌ជន​កោត​សរសើរ​គេ​គ្រប់ៗ​គ្នា។

14. បណ្ដា‌ជន​ទាំង​ប្រុស​ទាំង​ស្រី​ដែល​ជឿ​លើ​ព្រះ‌អម្ចាស់ បាន​មក​ចូល​រួម​កាន់​តែ​ច្រើន​ឡើងៗ។

15. មនុស្ស‌ម្នា​បាន​សែង​អ្នក​ជំងឺ​មក​ដាក់​នៅ​តាម​ផ្លូវ ឲ្យ​ដេក​លើ​គ្រែ​ស្នែង លើ​កន្ទេល ប្រាថ្នា​យ៉ាង​ហោច​ណាស់​គ្រាន់​តែ​ឲ្យ​ស្រមោល​លោក​ពេត្រុស​បាំង​លើ​អ្នក​ជំងឺ​ណា​ម្នាក់ នៅ​ពេល​ដែល​លោក​ដើរ​កាត់​តាម​នោះ​ក៏​បាន​ដែរ។

16. មាន​មនុស្ស​ជា​ច្រើន​នាំ​គ្នា​ធ្វើ​ដំណើរ​មក​ពី​ភូមិ​នានា នៅ​ជិត​ក្រុង​យេរូ‌សាឡឹម ទាំង​សែង​អ្នក​ជំងឺ និង​អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​មក​ជា​មួយ​ផង អ្នក​ទាំង​នោះ​បាន​ជា​គ្រប់ៗ​គ្នា។

17. ពេល​នោះ លោក​មហា‌បូជា‌ចារ្យ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ទាំង​ប៉ុន្មាន គឺ​ពួក​ខាង​គណៈ‌សាឌូ‌ស៊ី* មាន​ចិត្ត​ក្ដៅ​ក្រហាយ​ជា​ខ្លាំង។

18. គេ​លើក​គ្នា​មក​ចាប់​ក្រុម​សាវ័ក* យក​ទៅ​ឃុំ‌ឃាំង​នៅ​ពន្ធ‌នាគារ​សាធារណៈ។

19. លុះ​ដល់​យប់ មាន​ទេវតា*​របស់​ព្រះ‌អម្ចាស់​មក​បើក​ទ្វារ​ពន្ធ‌នាគារ​ឲ្យ​ក្រុម​សាវ័ក​ចេញ ទាំង​ពោល​ថា៖

20. «សូម​អញ្ជើញ​ទៅ​ឈរ​ក្នុង​ព្រះ‌វិហារ* ហើយ​ប្រកាស​ព្រះ‌បន្ទូល​ទាំង​អស់​ដែល​ផ្ដល់​ជីវិត​នេះ​ឲ្យ​ប្រជា‌ជន​ស្ដាប់​ទៅ»។

21. កាល​បាន​ឮ​ពាក្យ​ទេវតា ក្រុម​សាវ័ក​នាំ​គ្នា​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​តាំង​ពី​ព្រលឹម ហើយ​បង្រៀន​ប្រជា‌ជន។លោក​មហា​បូជា‌ចារ្យ* និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក កោះ​ហៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់* និង​ព្រឹទ្ធ‌សភា​នៃ​ប្រជា‌ជន​អ៊ីស្រា‌អែល​មក​ជួប‌ជុំ​គ្នា រួច​ចាត់​អ្នក​យាម​ឲ្យ​ទៅ​នាំ​ក្រុម​សាវ័ក​ពី​ពន្ធ‌នាគារ​មក។

22. ពេល​ទៅ​ដល់​ទី​ឃុំ‌ឃាំង គេ​ពុំ​ឃើញ​ក្រុម​សាវ័ក​ទេ គេ​នាំ​គ្នា​វិល​មក​វិញ រាយ‌ការណ៍​ជម្រាប​អង្គ​ប្រជុំ​ថា៖

23. «យើង​ខ្ញុំ​ឃើញ​ទី​ឃុំ‌ឃាំង​នៅ​បិទ​ជិត​ល្អ​ណាស់ ហើយ​ពួក​អ្នក​យាម​ក៏​ឈរ​យាម​នៅ​ខាង​មុខ​ទ្វារ​ដែរ តែ​ពេល​យើង​ខ្ញុំ​បើក​ទ្វារ ពុំ​ឃើញ​មាន​នរណា​ម្នាក់​នៅ​ក្នុង​ទី​នោះ​សោះ»។

24. កាល​មេ​កង​រក្សា​ព្រះ‌វិហារ និង​ពួក​នាយក​បូជា‌ចារ្យ​ឮ​ដូច្នោះ គេ​មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា​អំពី​ក្រុម​សាវ័ក និង​អំពី​ហេតុ‌ការណ៍​ដែល​កើត​ឡើង​នោះ​ឡើយ។

25. ពេល​នោះ មាន​ម្នាក់​ចូល​មក​ជម្រាប​អង្គ​ប្រជុំ​ថា៖ «ពួក​អ្នក​ដែល​អស់​លោក​បាន​ចាប់​ឃុំ‌ឃាំង កំពុង​តែ​ឈរ​បង្រៀន​ប្រជា‌ជន ក្នុង​ព្រះ‌វិហារ​ឯ‌ណោះ!»។

26. មេ​កង​រក្សា​ព្រះ‌វិហារ​ក៏​នាំ​ទាហាន​ចេញ​ទៅ​ចាប់​ក្រុម​សាវ័ក​បណ្ដើរ​មក តែ​ឥត​មាន​ធ្វើ​បាប​អ្វី​ទេ ព្រោះ​គេ​ខ្លាច​ប្រជា‌ជន​យក​ដុំ​ថ្ម​គប់។

27. លុះ​នាំ​ក្រុម​សាវ័ក​មក​ដល់​ហើយ គេ​ក៏​ឲ្យ​ឈរ​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ លោក​មហា‌បូជា‌ចារ្យ​សួរ​ក្រុម​សាវ័ក​ថា៖

28. «យើង​បាន​ហាម‌ប្រាម​អ្នក​រាល់​គ្នា​មិន​ឲ្យ​បង្រៀន​ប្រជា‌ជន​ក្នុង​នាម​អ្នក​នោះ​ជា​ដាច់​ខាត តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​បង្រៀន​គេ​ពាស‌ពេញ​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល​ទៅ​វិញ!។ អ្នក​រាល់​គ្នា​ក៏​ចង់​ទម្លាក់​កំហុស​នៃ​ការ​ប្រហារ​ជីវិត​បុរស​នោះ មក​លើ​យើង​ថែម​ទៀត​ផង!»។

29. លោក​ពេត្រុស និង​សាវ័ក​ឯ​ទៀតៗ​ឆ្លើយ​ឡើង​ថា៖ «យើង​ខ្ញុំ​ត្រូវ​ស្ដាប់​បង្គាប់​ព្រះ‌ជាម្ចាស់​ជា​ជាង​ស្ដាប់​បង្គាប់​មនុស្ស។

30. ព្រះ​នៃ​បុព្វបុរស​របស់​យើង​ទ្រង់​បាន​ប្រោស​លោក​យេស៊ូ ដែល​អស់​លោក​បាន​សម្លាប់ ដោយ​ព្យួរ​នៅ​លើ​ឈើ​នោះ ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ។

31. ព្រះ‌ជាម្ចាស់​បាន​លើក​លោក​យេស៊ូ​ឡើង ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ ហើយ​តែង‌តាំង​លោក​ជា​ព្រះ‌អង្គ​ម្ចាស់ និង​ជា​ព្រះ‌សង្គ្រោះ ដើម្បី​ឲ្យ​ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ព្រះ‌ជាម្ចាស់​លើក‌លែង​ទោស​ឲ្យ​រួច​ពី​បាប*។

សូមអានជំពូកពេញលេញ កិច្ចការ 5