9. ប្រជាជនទាំងអស់បានឃើញគាត់ដើរ និងឮគាត់សរសើរតម្កើងព្រះជាម្ចាស់
10. គេស្គាល់ជាក់ថា អ្នកនោះហើយដែលតែងអង្គុយសុំទាននៅខ្លោងទ្វារព្រះវិហារ*ឈ្មោះ «ទ្វារលំអ» គេក៏ភ័យស្ញប់ស្ញែង ហើយងឿងឆ្ងល់ជាខ្លាំងអំពីហេតុការណ៍ដែលកើតមានដល់គាត់។
11. បុរសនោះនៅជាប់ជាមួយលោកពេត្រុស និងលោកយ៉ូហានជានិច្ច។ ប្រជាជនទាំងមូលភ័យស្ញប់ស្ញែងណាស់ គេរត់ទៅចោមរោមលោកទាំងពីរនៅថែវសាឡូម៉ូន។
12. លោកពេត្រុសឃើញដូច្នោះ ក៏មានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «បងប្អូនអ៊ីស្រាអែលអើយ! ហេតុដូចម្ដេចបានជាបងប្អូនងឿងឆ្ងល់អំពីហេតុការណ៍នេះ? ហេតុដូចម្ដេចបានជាបងប្អូនសម្លឹងមើលមកយើងខ្ញុំដូច្នេះ? តើបងប្អូនស្មានថា យើងខ្ញុំបានប្រោសបុរសនេះឲ្យដើររួច មកពីឫទ្ធានុភាពរបស់យើងខ្ញុំផ្ទាល់ ឬមកពីយើងខ្ញុំចេះគោរពប្រណិប័តន៍ព្រះជាម្ចាស់?
13. ព្រះរបស់លោកអប្រាហាំ របស់លោកអ៊ីសាក និងរបស់លោកយ៉ាកុប ជាព្រះនៃបុព្វបុរសរបស់យើងទាំងអស់គ្នា ទ្រង់បានប្រទានសិរីរុងរឿងមកព្រះយេស៊ូ ជាអ្នកបម្រើព្រះអង្គ។ បងប្អូនបានចាប់បញ្ជូនព្រះយេស៊ូទៅឲ្យគេកាត់ទោស ថែមទាំងបដិសេធមិនទទួលស្គាល់ព្រះអង្គ នៅចំពោះមុខលោកពីឡាត នៅពេលដែលលោកចង់ដោះលែងព្រះអង្គទៀតផង។