គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 3:15-26 Khmer Standard Version (KHSV)

15. បង‌ប្អូន​បាន​ឲ្យ​គេ​ធ្វើ​គុត​ម្ចាស់​នៃ​ជីវិត ប៉ុន្តែ ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ យើង​ខ្ញុំ​ជា​សាក្សី​អំពី​ហេតុ‌ការណ៍​នេះ។

16. ដោយ‌សារ​យើង​ខ្ញុំ​ជឿ​លើ​ព្រះ‌នាម​ព្រះ‌យេស៊ូ គឺ​ព្រះ‌នាម​ព្រះ‌អង្គ​ហ្នឹង​ហើយ បាន​ធ្វើ​ឲ្យ​បុរស​ដែល​បង‌ប្អូន​ឃើញ ហើយ​ស្គាល់​នេះ មាន​កម្លាំង​ឡើង​វិញ។ គាត់​បាន​ជា​ទាំង​ស្រុង ដោយ‌សារ​ជំនឿ​លើ​ព្រះ‌យេស៊ូ ដូច​បង‌ប្អូន​ឃើញ​ស្រាប់។

17. បង‌ប្អូន​អើយ ខ្ញុំ​ដឹង​ថា​បង‌ប្អូន​ទាំង​អស់​គ្នា និង​ពួក​នាម៉ឺន​របស់​បង‌ប្អូន បាន​ប្រព្រឹត្ត​ដូច្នោះ​ទាំង​មិន​ដឹង​ខ្លួន។

18. ប៉ុន្តែ ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​ហេតុ‌ការណ៍​នេះ​កើត​ឡើង ស្រប​តាម​សេចក្ដី​ដែល​ព្រះ‌អង្គ​ប្រកាស​ទុក​ជា​មុន តាម​រយៈ​ព្យាការី​ទាំង​អស់ គឺ​ថា ព្រះ‌គ្រិស្ដ​របស់​ព្រះ‌អង្គ​ត្រូវ​តែ​រង​ទុក្ខ​លំបាក។

19. ហេតុ​នេះ សូម​កែ​ប្រែ​ចិត្ត​គំនិត ហើយ​វិល​មក​រក​ព្រះ‌ជាម្ចាស់​វិញ ដើម្បី​ឲ្យ​ព្រះ‌អង្គ​លុប​បំបាត់​បាប​របស់​បង‌ប្អូន។

20. ព្រះ‌អម្ចាស់​នឹង​ប្រទាន​ឲ្យ​បង‌ប្អូន​បាន​ស្គាល់​ពេល​សម្រាក ព្រម​ទាំង​ប្រទាន​ព្រះ‌គ្រិស្ដ‌យេស៊ូ​មក​បង‌ប្អូន ដូច​ព្រះ‌អង្គ​គ្រោង​ទុក​ជា​មុន។

21. ឥឡូវ​នេះ ព្រះ‌យេស៊ូ‌គ្រិស្ដ​គង់​នៅ​ឯ​ស្ថាន​បរម‌សុខ* រហូត​ដល់​ព្រះ‌ជាម្ចាស់​រៀបចំ​អ្វីៗ​ទាំង​អស់​ឡើង​វិញ ដូច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទុក តាម​រយៈ​ពួក​ព្យាការី​ដ៏‌វិសុទ្ធ*​របស់​ព្រះ‌អង្គ នៅ​ជំនាន់​ដើម​ស្រាប់។

22. លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា: “ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ឲ្យ​មាន​ព្យាការី​ម្នាក់​ដូច​ខ្ញុំ ងើប​ឡើង​ពី​ចំណោម​បង‌ប្អូន​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ត្រូវ​ស្ដាប់​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​លោក​មាន​ប្រសាសន៍​ប្រាប់។

23. រីឯ​អស់​អ្នក​ដែល​មិន​ព្រម​ស្ដាប់​ព្យាការី​នេះ នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ប្រជា‌រាស្ដ្រ”។

24. ព្យាការី​ទាំង​ប៉ុន្មាន​ដែល​បាន​ថ្លែង​ព្រះ‌បន្ទូល គឺ​ចាប់​តាំង​ពី​លោក​សាំយូ‌អែល​រៀង​មក សុទ្ធ​តែ​បាន​ថ្លែង​ទុក​អំពី​ពេល​សព្វ​ថ្ងៃ​នេះ។

25. បង‌ប្អូន​ហ្នឹង​ហើយ​ជា​កូន​ចៅ​របស់​ព្យាការី ហើយ​បង‌ប្អូន​ក៏​ចូល​រួម​ក្នុង​សម្ពន្ធ‌មេត្រី*​ដែល​ព្រះ‌ជាម្ចាស់​បាន​ចង​ជា​មួយ​បុព្វបុរស*​ដែរ ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​អប្រាហាំ​ថា “ក្រុម​គ្រួសារ​ទាំង​អស់​នៅ​ផែន‌ដី​នឹង​ទទួល​ពរ តាម​រយៈ​ពូជ‌ពង្ស​របស់​អ្នក”។

26. ព្រះ‌ជាម្ចាស់​បាន​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ងើប​ឡើង ហើយ​ចាត់​លោក​ឲ្យ​មក​រក​បង‌ប្អូន​ទាំង​អស់​គ្នា​មុន​គេ​បង្អស់ ដើម្បី​ប្រទាន​ពរ​ដល់​បង‌ប្អូន ដោយ​ណែ‌នាំ​ម្នាក់ៗ​ឲ្យ​ងាក​ចេញ​ពី​អំពើ​ទុច្ចរិត»។

សូមអានជំពូកពេញលេញ កិច្ចការ 3