គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 3:1-12 Khmer Standard Version (KHSV)

1. នៅ​ពេល​អធិស្ឋាន*​ម៉ោង​បី​រសៀល លោក​ពេត្រុស និង​លោក​យ៉ូហាន​បាន​ឡើង​ទៅ​ព្រះ‌វិហារ*​ជា​មួយ​គ្នា។

2. រៀង​រាល់​ថ្ងៃ មាន​គេ​សែង​អ្នក​ពិការ​ជើង​ពី​កំណើត​ម្នាក់ មក​ដាក់​នៅ​ខ្លោង​ទ្វារ​ព្រះ‌វិហារ​ឈ្មោះ «ទ្វារ​លំអ» ដើម្បី​សុំ​ទាន​អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ។

3. កាល​គាត់​ឃើញ​លោក​ពេត្រុស និង​លោក​យ៉ូហាន​កំពុង​ដើរ​ចូល​ព្រះ‌វិហារ គាត់​ក៏​សុំ​ទាន។

4. លោក​ពេត្រុស និង​លោក​យ៉ូហាន សម្លឹង​មើល​មុខ​គាត់ រួច​ពោល​ថា៖ «សូម​មើល​មក​យើង!»។

5. គាត់​ក៏​ក្រឡេក​មើល​ទៅ​លោក​ទាំង​ពីរ ដោយ​សង្ឃឹម​នឹង​ទទួល​ប្រាក់។

6. ប៉ុន្តែ លោក​ពេត្រុស​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ខ្ញុំ​គ្មាន​ប្រាក់ គ្មាន​មាស​ទេ តែ​អ្វីៗ​ដែល​ខ្ញុំ​មាន ខ្ញុំ​សុំ​ជូន​អ្នក​ដូច្នេះ ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ​គ្រិស្ដ* ជា​អ្នក​ភូមិ​ណាសា‌រ៉ែត ចូរ​ក្រោក​ឡើង ដើរ​ទៅ​ចុះ!»។

7. លោក​ចាប់​ដៃ​ស្ដាំ​គាត់​ឲ្យ​ក្រោក​ឈរ​ឡើង។ រំពេច​នោះ ជើង​របស់​គាត់ និង​សន្លាក់​ឆ្អឹង ក៏​ប្រែ​ជា​មាំ‌មួន

8. គាត់​ក៏​ស្ទុះ​ឈរ​ឡើង ហើយ​ដើរ​បាន។ គាត់​ចូល​ក្នុង​ព្រះ‌វិហារ​ជា​មួយ​សាវ័ក​ទាំង​ពីរ​រូប ទាំង​ដើរ​ផង លោត​ផង និង​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់​ផង។

9. ប្រជា‌ជន​ទាំង​អស់​បាន​ឃើញ​គាត់​ដើរ និង​ឮ​គាត់​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់

10. គេ​ស្គាល់​ជាក់​ថា អ្នក​នោះ​ហើយ​ដែល​តែង​អង្គុយ​សុំ​ទាន​នៅ​ខ្លោង​ទ្វារ​ព្រះ‌វិហារ*​ឈ្មោះ «ទ្វារ​លំអ» គេ​ក៏​ភ័យ​ស្ញប់‌ស្ញែង ហើយ​ងឿង‌ឆ្ងល់​ជា​ខ្លាំង​អំពី​ហេតុ‌ការណ៍​ដែល​កើត​មាន​ដល់​គាត់។

11. បុរស​នោះ​នៅ​ជាប់​ជា​មួយ​លោក​ពេត្រុស និង​លោក​យ៉ូហាន​ជា‌និច្ច។ ប្រជា‌ជន​ទាំង​មូល​ភ័យ​ស្ញប់‌ស្ញែង​ណាស់ គេ​រត់​ទៅ​ចោម‌រោម​លោក​ទាំង​ពីរ​នៅ​ថែវ​សាឡូម៉ូន។

12. លោក​ពេត្រុស​ឃើញ​ដូច្នោះ ក៏​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «បង‌ប្អូន​អ៊ីស្រា‌អែល​អើយ! ហេតុ​ដូច​ម្ដេច​បាន​ជា​បង‌ប្អូន​ងឿង‌ឆ្ងល់​អំពី​ហេតុ‌ការណ៍​នេះ? ហេតុ​ដូច​ម្ដេច​បាន​ជា​បង‌ប្អូន​សម្លឹង​មើល​មក​យើង​ខ្ញុំ​ដូច្នេះ? តើ​បង‌ប្អូន​ស្មាន​ថា យើង​ខ្ញុំ​បាន​ប្រោស​បុរស​នេះ​ឲ្យ​ដើរ​រួច មក​ពី​ឫទ្ធា‌នុភាព​របស់​យើង​ខ្ញុំ​ផ្ទាល់ ឬ​មក​ពី​យើង​ខ្ញុំ​ចេះ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់?

សូមអានជំពូកពេញលេញ កិច្ចការ 3