គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 28:1-18 Khmer Standard Version (KHSV)

1. កាល​បាន​រួច​ជីវិត​ហើយ យើង​ដឹង​ថា កោះ​នោះ​ឈ្មោះ កោះ​ម៉ាល់ត៍។

2. អ្នក​កោះ​នោះ​បាន​ទទួល​យើង ដោយ​ចិត្ត​សប្បុរស រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន។ គេ​អញ្ជើញ​យើង​ទាំង​អស់​គ្នា​មក​ជុំ‌វិញ​ភ្នក់​ភ្លើង​មួយ​យ៉ាង​ធំ ដែល​គេ​បាន​ដុត ដ្បិត​ពេល​នោះ​មាន​ភ្លៀង​ធ្លាក់ ហើយ​ធាតុ​អាកាស​ក៏​ត្រជាក់​ណាស់​ផង។

3. លោក​ប៉ូល​រើស​មែក​ឈើ​មួយ​កង​មក​បោះ​ក្នុង​ភ្លើង ស្រាប់​តែ​មាន​ពស់​វែក​មួយ​លូន​ចេញ​មក ដោយ​កម្ដៅ​ភ្លើង ហើយ​ចឹក​ដៃ​លោក​ជាប់។

4. កាល​អ្នក​កោះ​នោះ​ឃើញ​ពស់​ចឹក​ដៃ​លោក​ជាប់​ដូច្នេះ ក៏​និយាយ​គ្នា​ថា៖ «អ្នក​នេះ​ពិត​ជា​បាន​សម្លាប់​គេ​ហើយ ទោះ​បី​គាត់​ទើប​នឹង​រួច​ខ្លួន​ពី​សមុទ្រ​នោះ​ក៏​ដោយ ក៏​ព្រះ​យុត្តិធម៌ មិន​ទុក​ឲ្យ​គាត់​នៅ​រស់​រាន​មាន​ជីវិត​ដែរ»។

5. លោក​ប៉ូល​បាន​រលាស់​ពស់​នោះ​ទម្លាក់​ទៅ​ក្នុង​ភ្លើង តែ​លោក​ពុំ​ឈឺ​ចុក​ចាប់​អ្វី​ទេ។

6. អ្នក​កោះ​នោះ​រង់‌ចាំ​មើល​លោក​ប៉ូល​ហើម​ខ្លួន ឬ​ក៏​ត្រូវ​ដាច់​ខ្យល់​ស្លាប់។ ប៉ុន្តែ ក្រោយ​ពី​ចាំ​មើល​អស់​រយៈ​ពេល​យ៉ាង​យូរ​មក គេ​ឃើញ​ថា​គ្មាន​ហេតុ​អាក្រក់​កើត​ដល់​លោក​សោះ គេ​ក៏​ដូរ​គំនិត ហើយ​បែរ​ជា​ពោល​ថា​លោក​ប៉ូល​ជា​ព្រះ​វិញ។

7. នៅ​ជិត​នោះ មាន​ដី​មួយ​កន្លែង ដែល​ជា​កម្មសិទ្ធិ​របស់​មេ‌កន្ទ្រាញ​កោះ ឈ្មោះ​ពូព្លាស។ គាត់​បាន​ទទួល​យើង​ឲ្យ​ស្នាក់​នៅ​យ៉ាង​រាក់‌ទាក់ ចំនួន​បី​ថ្ងៃ។

8. ឪពុក​របស់​លោក​ពូព្លាស​សម្រាន្ដ​នៅ​លើ​គ្រែ ព្រោះ​គាត់​គ្រុន​ផង មួល​ផង។ លោក​ប៉ូល​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​គាត់ ហើយ​អធិស្ឋាន​ដាក់​ដៃ*​ពី​លើ និង​ប្រោស​គាត់​ឲ្យ​បាន​ជា។

9. អ្នក​ជំងឺ​ឯ​ទៀតៗ​នៅ​លើ​កោះ​ឃើញ​គាត់​ជា​ដូច្នេះ គេ​ក៏​នាំ​គ្នា​មក​ដែរ ហើយ​បាន​ជា​ទាំង​អស់​គ្នា។

10. ពួក​គេ​បាន​សម្តែង​ការ​គោរព​គ្រប់​យ៉ាង ចំពោះ​យើង។ នៅ​ពេល​យើង​ចេញ​ដំណើរ ពួក​គេ​បាន​ជួយ​ឧបត្ថម្ភ​នូវ​អ្វីៗ​ដែល​យើង​ត្រូវ​ការ។

11. បី​ខែ​ក្រោយ​មក យើង​ចុះ​សំពៅ​មួយ​ឈ្មោះ «ឌីអូ‌ស្គួរ» ជា​សំពៅ​មក​ពី​ក្រុង​អលេ‌ក្សាន‌ទ្រា ដែល​បាន​ចត​នៅ​កោះ​នោះ​ក្នុង​អំឡុង​ពេល​រដូវ​រងា។

12. លុះ​មក​ដល់​ក្រុង​ស៊ីរ៉ា‌គូស យើង​បាន​ស្នាក់​នៅ​ទី​នោះ​បី​ថ្ងៃ។

13. បន្ទាប់​មក យើង​បាន​សសៀរ​តាម​ឆ្នេរ​សមុទ្រ​ទៅ​ដល់​ក្រុង​រេគាម។ ស្អែក​ឡើង មាន​ខ្យល់​បក់​មក​ពី​ទិស​ខាង​ត្បូង ហើយ​ក្នុង​រវាង​តែ​ពីរ​ថ្ងៃ យើង​មក​ដល់​ក្រុង​ពូទី‌យ៉ូលី។

14. នៅ​ក្រុង​នោះ យើង​បាន​ជួប​ពួក​បង‌ប្អូន គេ​អញ្ជើញ​យើង​ឲ្យ​ស្នាក់​នៅ​ជា​មួយ​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។រីឯ​ដំណើរ​របស់​យើង​ទៅ​កាន់​ក្រុង​រ៉ូម បាន​ប្រព្រឹត្ត​ដូច​ត​ទៅ:

15. ពួក​បង‌ប្អូន​នៅ​ក្រុង​រ៉ូម​ដឹង​ដំណឹង​អំពី​យើង ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​រហូត​ទៅ​ដល់​ផ្សារ​អាប់ភាស និង​ភូមិ​ផ្ទះ​សំណាក​បី​ខ្នង ដើម្បី​ទទួល​យើង។ កាល​លោក​ប៉ូល​ឃើញ​បង‌ប្អូន​ទាំង​នោះ លោក​បាន​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ហើយ​មាន​ចិត្ត​ក្លា‌ហាន​ឡើង​វិញ។

16. លុះ​យើង​មក​ដល់​ក្រុង​រ៉ូម​ហើយ អាជ្ញា‌ធរ​អនុញ្ញាត​ឲ្យ​លោក​ប៉ូល​នៅ​ផ្ទះ​មួយ តាម​បំណង​ចិត្ត​លោក តែ​គេ​ដាក់​ទាហាន​ម្នាក់​ឲ្យ​នៅ​យាម​លោក។

17. បី​ថ្ងៃ​ក្រោយ​មក លោក​ប៉ូល​អញ្ជើញ​អ្នក​មុខ​អ្នក​ការ ក្នុង​ចំណោម​ជន‌ជាតិ​យូដា​ឲ្យ​មក​ជួប​លោក។ លុះ​គេ​មក​ជួប‌ជុំ​គ្នា​ហើយ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បង‌ប្អូន​អើយ ខ្ញុំ​ពុំ​បាន​ធ្វើ​អ្វី​ប្រឆាំង​នឹង​ប្រជា‌ជាតិ​យើង ឬ​ក៏​ទាស់​នឹង​ប្រពៃ‌ណី​បុព្វបុរស*​យើង​ទេ តែ​គេ​បាន​ចាប់​ខ្ញុំ​ឃុំ‌ឃាំង​នៅ​ក្រុង​យេរូ‌សាឡឹម និង​បញ្ជូន​ខ្ញុំ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​រ៉ូម៉ាំង។

18. កាល​ពួក​រ៉ូម៉ាំង​សួរ​ចម្លើយ​ខ្ញុំ​រួច​រាល់​ហើយ គេ​ចង់​ដោះ​លែង​ខ្ញុំ​វិញ ព្រោះ​គេ​ពុំ​ឃើញ​ខ្ញុំ​មាន​កំហុស​អ្វី គួរ​នឹង​មាន​ទោស​ដល់​ជីវិត​នោះ​ឡើយ។

សូមអានជំពូកពេញលេញ កិច្ចការ 28