គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 27:31-44 Khmer Standard Version (KHSV)

31. លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​នាយ​ទាហាន និង​កូន​ទាហាន​ថា៖ «ប្រសិន​បើ​អ្នក​ទាំង​នេះ​មិន​នៅ​ក្នុង​សំពៅ​ទេ អស់​លោក​ប្រាកដ​ជា​ពុំ​អាច​រួច​ជីវិត​បាន​ឡើយ»។

32. ពួក​ទាហាន​ក៏​កាប់​ផ្ដាច់​ខ្សែ ទម្លាក់​សំប៉ាន​នោះ​ទៅ​ក្នុង​សមុទ្រ​បាត់​ទៅ។

33. លុះ​ទៀប​ភ្លឺ លោក​ប៉ូល​អញ្ជើញ​គេ​ទាំង​អស់​គ្នា​ឲ្យ​បរិភោគ​អាហារ ដោយ​មាន​ប្រសាសន៍​ថា៖ «បង‌ប្អូន​បាន​ទ្រាំ​តម​អាហារ​អស់​រយៈ​ពេល​ដប់‌បួន​ថ្ងៃ​មក​ហើយ បង‌ប្អូន​ពុំ​បាន​ពិសា​អ្វី​សោះ។

34. ដូច្នេះ សូម​បង‌ប្អូន​អញ្ជើញ​ពិសា​ទៅ ដើម្បី​ឲ្យ​បាន​រួច​ជីវិត ដ្បិត​នៅ​ក្នុង​ចំណោម​បង‌ប្អូន សូម្បី​តែ​សក់​មួយ​សរសៃ​របស់​បង‌ប្អូន​ក៏​មិន​បាត់​ផង»។

35. លោក​មាន​ប្រសាសន៍​ដូច្នោះ​ហើយ ក៏​យក​នំប៉័ង​មក​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ នៅ​មុខ​ពួក​គេ​ទាំង​អស់​គ្នា រួច​លោក​កាច់​បរិភោគ។

36. ពេល​នោះ អ្នក​ដែល​នៅ​ក្នុង​សំពៅ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ គេ​ក៏​បរិភោគ​ទាំង​អស់​គ្នា។

37. នៅ​ក្នុង​សំពៅ​នោះ យើង​មាន​គ្នា​ទាំង​អស់​ពីរ​រយ​ចិត‌សិប​ប្រាំ​មួយ​នាក់។

38. កាល​បរិភោគ​ឆ្អែត​ហើយ គេ​ក៏​លើក​បាវ​ស្រូវ​ទម្លាក់​ទៅ​ក្នុង​សមុទ្រ ដើម្បី​ឲ្យ​ស្រាល​សំពៅ។

39. លុះ​ភ្លឺ​ឡើង អ្នក​សំពៅ​មើល​ស្រុក​នោះ​មិន​ស្គាល់​ទេ គេ​ឃើញ​តែ​ឆក​សមុទ្រ ដែល​មាន​វាល​ខ្សាច់។ គេ​បាន​សម្រេច​ចិត្ត​ចូល​សំពៅ​ទៅ​បង្កឿង​នៅ​ទី​នោះ ប្រសិន​បើ​អាច​ចូល​ទៅ​បាន។

40. គេ​ក៏​ស្រាយ​ខ្សែ​យុថ្កា​ទម្លាក់​ចោល​ទៅ​ក្នុង​សមុទ្រ ព្រម​ទាំង​ស្រាយ​ខ្សែ​ចង្កូត​ចោល​ផង​ដែរ រួច​គេ​លើក​ក្ដោង​ខាង​មុខ​ឡើង ឲ្យ​សំពៅ​ចូល​ទៅ​រក​ច្រាំង

41. ប៉ុន្តែ សំពៅ​បាន​បុក​ខ្សាច់ ដែល​នៅ​ចន្លោះ​ខ្សែ​ទឹក​ពីរ បណ្ដាល​ឲ្យ​សំពៅ​កឿង​នៅ​ទី​នោះ​ទៅ ក្បាល​សំពៅ​នៅ​ជាប់​នឹង​ថ្កល់ រីឯ​កន្សៃ​វិញ បាន​ត្រូវ​បាក់​បែក ដោយ​ទឹក​រលក​បក់​បោក​ផ្ទប់​មក​យ៉ាង​ខ្លាំង។

42. ពួក​ទាហាន​មាន​បំណង​សម្លាប់​អ្នក​ទោស​ទាំង​អស់​ចោល ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់​ហែល​ទឹក​គេច​ខ្លួន​បាន​ឡើយ។

43. ប៉ុន្តែ ដោយ​នាយ​ទាហាន​ចង់​សង្គ្រោះ​ជីវិត​លោក​ប៉ូល គាត់​ក៏​ជំទាស់​នឹង​គោល​បំណង​របស់​កូន​ទាហាន​ទាំង​នោះ។ គាត់​បាន​បញ្ជា​ឲ្យ​អស់​អ្នក​ដែល​ចេះ​ហែល​ទឹក​លោត​ទៅ​ក្នុង​ទឹក ហែល​ទៅ​រក​គោក​មុន

44. រីឯ​អ្នក​មិន​ចេះ​ហែល​ទឹក ត្រូវ​តោង​បន្ទះ​ក្ដារ ឬ​តោង​បំណែក​សំពៅ​ហែល​ទៅ​តាម​ក្រោយ។ ធ្វើ​ដូច្នេះ គេ​បាន​ទៅ​ដល់​ដី​គោក ដោយ​សុខ‌សាន្ត​គ្រប់ៗ​គ្នា។

សូមអានជំពូកពេញលេញ កិច្ចការ 27